សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 28, 2011


សង្គមស៊ីវីលបន្ទររិៈគន់រដ្ឋាភិបាលខ្មែរ និងលាវ ចំពោះការបើកដៃឲ្យទប់ទន្លេមេគង្គធ្វើទំនប់វារីអគ្គិសនី

ទំនប់វារីអគ្គិសនីមួយកន្លែងស្ថិតនៅក្នុងប្រទេសលាវ

​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង និង​ក្រៅ​ស្រុក​កាលពី​​សប្ដាហ៏​មុន បាន​បន្ទរ​ការ​រិៈគន់​យ៉ាង​ខ្លាំង​ក្លា ដល់​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គីសនី​របស់​រដ្ឋា​ភិបាល នៃ​បណ្ដា​ប្រទេស​ជាសមាជិក​គណ​កម្មការ​ទន្លេ​មេគង្គ​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ ធ្ងន់​ធ្ងរ​ដល់​បរិស្ថាន ជីវិត​មនុស្ស សត្វ​និង​រុក្ខជាតិ។


​អង្គការ​ចំនួន​២៦៣​មកពី​បណ្ដា​ប្រទេស​ចំនួន​៥១​ដែល​ក្នុងនោះ​មាន​ខ្មែរ​ ចំនួន​១៤ផង បាន​ជម្រុញ​ឲ្យ​មេដឹកនាំ​ប្រទេស​លាវ និង​សៀម​លុប​ចោល​ជា​បន្ទាន់​នូវ​គម្រោង​ទំនប់​សាយ៉ាប៊ូរី​នៅលើ​ទន្លេ​មេគង្គ ​ក្នុង​ប្រទេស​លាវ។


​អង្គការ​ទាំងនោះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន​ថា «យើង​ជឿថា គម្រោង​នេះ​នឹង​បង្ករ​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់​ធ្ងរ និង​ការ​គម្រាម​កំហែង​ដល់​ការ​អភិវឌ្ឍន៏ ការអភិរក្ស។ ការ​ខូចខាត​មិន​អាច​ជួសជុល​បាន​ដែល​បង្ករ​ឡើង​ដោយ​ទំនប់​សាយ៉ាប៊ូរី​ចំពោះ​ ទន្លេ​មេគង្គ និង​ការ​បាត់បង​ជាអចិន្រ្ដៃ​នូវរបរ​ចិញ្ចឹម​ជីវិត របស់​ប្រជាជន​នៅ​តំបន់​នេះ»។ជាមួយ​គ្នាអង្គការ​ទាំងនោះ​ក៏បាន​អំពាវ​នាវ​ឲ្យ ​ប្រទេស​សៀម​បញ្ឈប់​ការ​នាំចូល​អគ្គិសនី​ពីទំនប់​សាយ៉ាប៊ូរី​ផង​ដែរ។


​លិខិតនេះ​ជាផ្នែក​មួយ នៃ​ការ​បន្ទរ​សម្លេង​ព្រួយ​បារម្ភ​ជាញយ​ដង​យ៉ាង​រំពង របស់​សង្គម​ស៊ីវិល​ចំពោះ​ផល​ប៉ះពាល់​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បណ្ដាលមកពី​ ទំនប់​វារី​អគ្គីសនី​នោះ។ គឺជាអ្វី​ដែល​គេ​មើល​ឃើញ​ផល​ចំណេញ​នោះ​មាន​តិចតួច ហើយ​ភាគ​ច្រើន​ធ្លាក់ចូល​ទៅ​ក្នុង​ហោប៉ៅ របស់​អ្នកមាន​អំណាច ចំណែក​ហានិភ័យ សេចក្ដី​គ្រោះ​សោក​យ៉ាង​ធំធេង​ធ្លាក់​មក​លើ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន។


​អង្គការ​ទន្លេ៣ ដែលជា​បណ្ដាញ​ការពារ​ទន្លេ​សេសាន ស្រែពក និង​សេកុង ជាញយ​ដង​បាន​បើក​យុទ្ធនាការ​ប្រឆាំង​ចំពោះ​ផែនការ​រដ្ឋាភិបាល​បោះ​ទីតាំង​ រោង​ចក្រ​ផលិត​អគ្គីសនី​ពីទឹក​នៅ​តាម​បណ្ដា​ទន្លេ​ទាំង​នេះ។ ពួកគេបានលើកឡើង

ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥទ្ធិពល​សារ​ជាតិ​គីមី​ពី​ទំនប់​វារីអគ្គី​សនី​មក​ពីប្រទេស​ចិន យួន លាវ​ជាដើម បាន​ធ្វើឲ្យ​រងគ្រោះ​ដល់​អ្នក​ប្រើប្រាស់​ទឹកយ៉ាង​ខ្លាំង​ក្លា។ ហើយ​ផែនការ​រដ្ឋា​ភិបាល​ក្នុង​ការ​បង្កើត​ទំនប់​វារី​អគ្គីសនី​នៅតាម​ ដងទន្លេ​ទាំងនេះ​វារិតតែ​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ថែម​ទៀត។


​សហគមន៏​ប្រជា​ពលរដ្ឋ​ទន្លេ៣​បាន​ថ្លែង​សារ​ទុក្ខ​ដូច្នេះ​ថា ដោយ​សារ​តែ​ទំនប់​វារី​អគ្គីសនី​បាន​ធ្វើ​ឲ្យទន្លេ​ដែល​ធ្លាប់តែ​ទ្រទ្រង់​ ជីវិត​មនុស្ស សត្វ រុក្ខជាតិ ក្លាយ​ទៅ​ជាកន្លែង​ដ៏គ្រោះ​ថ្នាក់​បំផុត។ «ទឹក​ទន្លេប្រែ​ពណ៌​ខៀវ គោ​ក្របីមិនអាច​ផឹក​បាន​ដូច​មុន​ទេ ហើយ​មនុស្ស​ក៏មិន​អាច​ដួស​យក​មក​ប្រើ​ប្រាស់បាន​ដែរ»។


​ប៉ុន្ដែ​បើទោះ​ជាដូច្នេះ​ក្ដី ការ​លើក​ឡើងពី​ក្ដី​កង្វល់ និង​ទុក្ខសោក​របស់​ប្រជា​ពលរដ្ឋ​ពុំត្រឹម​តែ​ពុំ​បាន​ទទួលការ​ចាប់​អារម្មណ៏ ​យកចិត្ដ​ទុក​ដាក់ពីរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅវិញ​បែរ​ជាទទួល​បាន​ការ​ចំអក​ឡកឡឺយ​ពី ហ៊ុន សែន។ ដោយ​បាន​ចាត់​ទុក​ថា វាជា​រឿង​ជ្រុល​និយម។


​ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពីពេលថ្មីៗ​នេះ​ថា គំនិត​អភិរក្សរបស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ហាក់ដូច​ជាហួស​ហេតុ​ពេក ហើយថា ខ្លួនមិន​ញញើត​ចំពោះ​ការចាត់​វិធាន​ការ​ដែល​សំដៅ​ទៅ​ដល់​ការ​បំផ្លាញ​ សម្បត្ដិ​ធម្មជាតិ​សម្រាប់​បំរើ​របស់​ដែល​ហៅ​ថា ការ​អភិវឌ្ឍន៏​នោះ​ទេ។


​ជាមួយគ្នា​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សហ​កម្មរ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​កាល​ពីពេលថ្មីៗ​នេះ​ថា រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ទឹក​មួយ​ដែល​ចំណាយ​ទុន​៧រយ​លាន​ដុល្លារ រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ Royal Group ដែល​មាន​ភាគ​ហ៊ុន៤១ភាគ​រយ និងក្រុម​ហ៊ុន​យួន​ឈ្មោះ Vietnam Electricity ដែលមាន​ភាគ​ហ៊ុន​៥១ភាគរយ​នឹង​ចាប់ផ្ដើម​ដំណើរ​ការនៅឆ្នាំ​២០១១​នេះ លើដង​ទន្លេ​សេសាន​ក្នុង​ខេត្ដ​ស្ទឹងត្រែង។


​ទាក់ទង​បញ្ហា​នេះ ប្រជា​ពល​រដ្ឋនៅ​ខេត្ដ​កំពត​ក្បែរ​តំបន់​ទឹកឈូ ជាតំបន់​ទេសចរណ៏​ធម្មជាតិ​មួយ​ដែល​រដ្ឋាភិបាល​ទើប​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន ចិន ហើយ​ចាប់​ផ្ដើម​កសាង​ទំនប់​វារីអគ្គសនី​កាល​ពីពេល​ថ្មីៗ​នេះ បានឲ្យ​ដឹង​ថា ទឹកឈូ​ដែល​ធ្លាប់​តែមាន​ពណ៌​ថ្លា ប៉ុន្ដែ​ពេលនេះ​បែ​ជាមាន​ពណ៌​ខៀវ​ស្រអាប់​មាន

សារ​ជាតិ​គីមី និង​ជាតិ​កំបោរ។ប្រជាពល​រដ្ឋ​បាន​និយាយ​ថា ប្រភព​ទឹក​ដែល​ធ្លាប់​តែ​ទ្រទ្រង់​ជីវិត ប៉ុន្ដែ​បន្ទាប់​ពីមាន​ទំនប់​វារី​អគ្គីសនី ពេល​នេះ​វាទៅជារឿង​ដែល​គួឲ្យ​ភ័យ​ខ្លាច​បំផុត។កុំថា​ឡើយ​តែ​យក​មក​ទទួល​ទាន ​ឬប្រើប្រាស់​សូម្បីតែ​ប៉ះពាល់​វាក៏មិន​ហ៊ាន​ដែរ។ ពេល​នេះ​ប្រភព​ទឹក​កំពុង​តែបាន​គម្រាម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាវៈ​មាន​ជីវិត​ នានា​ក្នុង​ប្រទេស​កម្ពុជា៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes