អគ្គិភ័យមួយបានលេបត្របាក់ឃ្លាំងអេតចាយអស់ទាំងស្រុង ក្នុងនោះសមត្ថកិច្ចជួយសង្រ្គោះបានរថយន្តចំនួន២គ្រឿង ដែលកំពុងស្ថិតនៅក្នុងឃ្លាំងអេតចាយនោះ។
ក្នុងហេតុការណ៍ដូចខាងលើ គឺបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ នៅចំណុចក្នុងឃ្លាំងស្ដុកអេតចាយ ដែលស្ថិតនៅក្នុងភូមិផ្សារកណ្ដាលមួយ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មាន ពីកម្មករអេតចាយនោះបានបញ្ជាក់ថា មុនពេលកើតហេតុគឺមានកម្មករម្នាក់កំពុងតែអង្គុយផ្សារដែក រួចកំទេចភ្លើងផ្សារ បានធ្លាក់ទៅលើក្រដាសអេតចាយ បណ្ដាលឲ្យឆេះរាលដាលពេញឃ្លាំងតែម្ដង។
កម្មករទាំងនោះបានបន្តទៀតថា ថៅកែអេតចាយនោះ ឈ្មោះយុត ភេទប្រុស ប៉ុន្តែពេលកើតហេតុការណ៍នោះ គាត់អត់បាននៅទេ ហើយកម្មករបង្កក៏បានរត់គេចខ្លួនបាត់ដែរ។ នៅក្នុងហេតុការណ៍នោះដែរ គេបានសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ចំនួន៥គ្រឿងបានជួយពន្លត់ ក្រោមការជួយធ្វើអន្តរាគមន៍ពីលោកអភិបាលក្រុងប៉ោយប៉ែត ប៉េអឹម និងប៉ូលិសស្រុកជាច្រើននាក់ទៀតផង។
ហេតុការណ៍នេះ គឺពុំមានប៉ះពាល់ដល់លំនៅឋានរបស់អ្នកស្រុកនៅក្បែរៗនោះទេ ហើយក៏គ្មានពលរដ្ឋឬកម្មករណាម្នាក់រងរបួសដែរ៕
ពៅ រី
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes