សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

កម្ពុជា​បញ្ជូន​ក្រុម​ជំរិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​៦០​នាក់​ទៅ​ស្រុក​វិញ

2011-09-29
អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​បញ្ជូន​ក្រុម​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដី​គោក និង​ចិន​តៃវ៉ាន់ សរុប ៦០​នាក់ ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ស្ងាត់ៗ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១១ តាម​សំណើ​របស់​អាជ្ញាធរ​ប្រទេស​ចិន​ថ្មីៗ​នេះ។


ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៥៥​នាក់ និង​ជនជាតិ​ចិន​ដី​គោក​ចំនួន ៥​នាក់ ត្រូវ​ដឹក​តាម​រថយន្ត​ក្រុង​ ចេញ​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សំដៅ​ទៅ​អាកាស​យានដ្ឋាន​នេះ ដើម្បី​ដឹក​ចេញ​តាម​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ចិន​វិញ។
អ្នក​នាំ​ពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នគរបាល​នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​បណ្ដាញ​សេសសល់​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ៖ «វា​អ៊ីចេះ បើ​សិន​ជា​យើង​មិន​មាន​ការ​វែក​មុខ​បង្ក្រាប​ក្រុម​នេះ​ទេ វា​មាន​ឥទ្ធិពល​អាក្រក់​ណាស់​សម្រាប់​ប្រទេស​យើង។ ទី​១ គេ​អាច​យក​ស្រុក​ទេស​យើង​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​គំរាមកំហែង​អ្នក​ដទៃ​នៅ​ក្រៅ​ប្រទេស។ ប្រជាជន​យើង​អ្នក​មាន​អ្នក​អី អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក​យើង អ៊ីចឹង​វា​ជះ​ឥទ្ធិពល​អាក្រក់»
ប្រធាន​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា លោក ថៅ វាសនា បាន​មាន​ប្រសាសន៍​ថា ក្រុម​ជនជាតិ​ចិន​ទាំង​នេះ​បាន​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​កម្ពុជា ៖ «អបអរ​សាទរ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ចាត់​វិធានការ​ដើម្បី​ប្រឆាំង​នូវ​ភេរវកម្ម​អន្តរជាតិ តាម​គ្រប់​រូបភាព​ទាំង​អស់»
អាជ្ញាធរ​នគរបាល​ជាតិ​កម្ពុជា បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​ដី​គោក និង​តៃវ៉ាន់​ចំនួន ៦០​នាក់​នោះ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដោយសារ​តែ​ក្រុម​នេះ​បាន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ទាក់ទង​ទៅ​ប្រទេស​ចិន ដើម្បី​ជំរិត​ទារ​ប្រាក់ និង​ឲ្យ​គ្រួសារ​នៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​ផ្ទេរ​ប្រាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួកគេ។ 
ភាគី​ចិន បាន​ប្រាប់​មក​អាជ្ញាធរ​កម្ពុជា​ថា ក្រុម​នេះ​បាន​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ អ៊ីនធឺណិត​ជា​ច្រើន​លាន​ដុល្លារ​កន្លង​មក។ អាជ្ញាធរ​ចិន បាន​បញ្ជាក់​ថា ក្រុម​ជំរិត​ទារ​ប្រាក់​នេះ​មាន​នៅ​ប្រទេស​កម្ពុជា ប្រទេស​ចិន កោះ​តៃវ៉ាន់ ប្រទេស​សិង្ហបុរី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូនេស៊ី និង​ថៃ ជាដើម។ 
ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​នេះ​ដែរ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហ៊ួ (Xinhua) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ កញ្ញា បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​រដ្ឋាភិបាល​ចិន​ថា ចិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​រឿង​ដូចគ្នា​នេះ​ចំនួន ៨២៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ដី​គោក ៥៣២​នាក់ និង​ចិន​តៃវ៉ាន់ ២៨៤​នាក់​ និង ១២​នាក់​ទៀត​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដូចជា​ប្រទេស​កម្ពុជា (Cambodia) ឥណ្ឌូនេស៊ី​ (Indonesia)  ហ្វីលីពិន (Philippine) វៀតណាម (Vietnam) ថៃ (Thailand) ឡាវ (Laos) ម៉ាឡេស៊ី (Malaysia) និង សិង្ហបុរី (Singapore)។ ក្នុង​យុទ្ធនាការ​បង្ក្រាប​នេះ ប៉ូលិស​ចិន​បាន​​បំផ្លាញ​ប្រព័ន្ធ​ចោរកម្ម​​​ចំនួន ១៦២​ទីតាំង និង​ដោះស្រាយ​​ការ​ក្លែង​បន្លំ​ឆបោក​ជាង ១.៨០០​ករណី។
កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ដី​គោក និង​ជនជាតិ​ចិន​តៃវ៉ាន់ សរុប​ចំនួន ១៨៧​នាក់ ម្ដង​ហើយ តាម​សំណើ​របស់​ប្រទេស​ចិន ក្រោម​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ប្រទេស​កម្ពុជា៕



ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes