សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

មន្ត្រី​រដ្ឋាភិបាល​រង​ការ​ចោទ​ថា​បង្ខំ​មេ​ឃុំ​ឲ្យ​ចុះ​ហត្ថលេខា​ប្រគល់​ដី

មេ​ឃុំ​ពី​ខាង​គណបក្ស សម រង្ស៊ី មួយ​រូប នៅ​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់ បាន​គំរាម​កំហែង និង​គាប​សង្កត់​រូប​គាត់​ឱ្យ​ចុះ​ហត្ថលេខា​ប្រគល់​ដី​នៅ​ក្នុង​ឃុំ​របស់​គាត់​ចំនួន​ជាង ៣​ពាន់​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ ដែល​មាន​គម្រោង​វិនិយោគ​ដំណាំ​កៅស៊ូ។


សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់ ក្នុង​ឃុំ​ត្បែង​២ នៃ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​​សន្តិសុខ​ផ្ទាល់​ខ្លួន បន្ទាប់​ពី​បាន​អះអាង​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​​ម្នាក់​ បាន​គំរាម​រូប​គាត់​ឱ្យ​ចុះ​ហត្ថលេខា​ប្រគល់​ដី​​នៅ​ក្នុង​ឃុំ​ជា​ច្រើន​ពាន់​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ ដើម្បី​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​បាន​សម្រេច​មក។
លោក ប៉ោយ ទុំ ជា​មេ​ឃុំ​ត្បែង​២ របស់​ស្រុក​គូលែន។ លោក​បាន​អះអាង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១៨ ខែ​វិច្ឆិកា ថា មាន​មន្ត្រី​នៃ​គណៈកម្មការ​គ្រប់គ្រង​ដីធ្លី​របស់​​រដ្ឋ​ថ្នាក់​ជាតិ​ម្នាក់​ដែល​លោក​មិន​បាន​ស្គាល់​ឈ្មោះ បាន​គំរាម និង​បង្ខំ​រូប​លោក​​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ឱ្យ​ចុះ​ហត្ថលេខា​​​ប្រគល់​ដី​ជាង ៣.០០០​ហិកតារ​នៅ​ក្នុង​ឃុំ​របស់​លោក​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ភីភី ម៉ាឡេស៊ី (PP Malaysia) ដើម្បី​ធ្វើ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ។
លោក ប៉ោយ ទុំ បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​បាន​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​ទេ បើ​ទោះ​បី​ជា​មាន​ការ​គាប​សង្កត់​លើ​រូប​លោក​ក៏ដោយ៖ «មន្ត្រី​ជំនាញ​ចុះ​មក​កំណត់​ដី​ក្រុមហ៊ុន​ឱ្យ​ខ្ញុំ​ចុះ​ហត្ថលេខា បើ​ថា លោក​មិន​ចុះ​ហត្ថលេខា​ទេ ដី​នេះ​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ។ ឱ្យ​ខ្ញុំ​ផ្ទេរ​សិទ្ធិ​ឱ្យ​ជំទប់​ទី​២ ចុះ​ហត្ថលេខា ប៉ុន្តែ​ខ្ញុំ​បញ្ជាក់​ហេតុផល​ថា ខ្ញុំ​មិន​អាច​ផ្ទេរ​សិទ្ធិ​បាន​ទេ ព្រោះ​អី​ខ្ញុំ​មិន​បាន​ទៅ​ណា បើ​សិន​ជា​ខ្ញុំ​ទៅ​ណា ៣​ថ្ងៃ​បាន​អាច​ផ្ទេរ​សិទ្ធិ​​បាន។ ផ្ទេរ​សិទ្ធិ​ក៏​មិន​អាច​ផ្ទេរ​ទៅ​ជំទប់​ទី​២​ដែរ ផ្ទេរ​សិទ្ធិ​ទៅ​ជំទប់​ទី​១។ កង្វល់​របស់​ខ្ញុំ​បើ​បាត់​បង់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​បាន​ខ្ញុំ​មិន​ចុះ​ហត្ថលេខា ហើយ​ខ្ញុំ​ព្រួយ​បារម្ភ​មួយ​ទៀត ទាក់ទង​នឹង​ខ្ញុំ​មិន​ចុះ​ហត្ថលេខា​ក្រែង​គេ​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ណា?»
ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​មន្ត្រី​សាលា​ស្រុក​គូលែន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ថា គឺ​ជា​រឿង​មិន​ពិត។
លោក ជុំ ពុយ ជា​អភិបាល​ស្រុក​គូលែន។ លោក​បាន​មាន​ប្រសាសន៍​ថា មិន​មាន​ការ​គំរាម​កំហែង​បង្ខំ​ឱ្យ​មេ​ឃុំ​ចុះ​ហត្ថលេខា​ប្រគល់​ដី​ឃុំ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
លោក​បាន​មាន​ប្រសាសន៍​ថា ​តាម​ពិត​​ដំណាក់កាល​នេះ គឺ​មន្ត្រី​រដ្ឋាភិបាល​ទើប​តែ​ចុះ​ធ្វើ​ការ​កំណត់​អត្តសញ្ញាណកម្ម​លើ​ផល​ប៉ះពាល់​​ប៉ុណ្ណោះ​ មុន​នឹង​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​កាត់​ចេញ​នូវ​ដី​ស្រែ និង​ចំការ​​របស់​ប្រជាពលរដ្ឋ​​ដែល​នឹង​ប៉ះពាល់​ទាំង​ឡាយ​នោះ។
ចំណែក​ឯ​ការ​ឱ្យ​មេ​ឃុំ​ចុះ​ហត្ថលេខា​នោះ មិន​មែន​ឱ្យ​ប្រគល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ទេ គឺ​ឱ្យ​ឃុំ​ទទួល​ស្គាល់​ថា នៅ​ក្នុង​ឃុំ​របស់​ខ្លួន​មាន​ការ​ប៉ះពាល់​ដី​ស្រែ និង​ចំការ​ចំនួន​ប៉ុន្មាន​ហិកតារ៖ «គេ​សុំ​ហត្ថលេខា​គាត់​ហ្នឹង សុំ​ហត្ថលេខា​ទទួល​ស្គាល់​ថា ដី​ប្រជាពលរដ្ឋ​ប្រមាណ​ពាន់​ហិកតារ​ដែល​ត្រូវ​ប៉ះពាល់​លើ​ដី​ហ្នឹង​តើ​មែន ឬ​អត់? បើ​គាត់​មិន​ចុះ​ហត្ថលេខា បាន​សេចក្ដី​ថា គាត់​អត់​ទទួល​ស្គាល់​ផល​ប៉ះពាល់​ហ្នឹង​ទេ»
លោក ជុំ ពុយ បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ឯកសារ​ដែល​លោក​បាន​ឃើញ​ គឺ​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​​ ត្រូវ​ការ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១១.០០០​ហិកតារ ដើម្បី​ដាំ​កៅស៊ូ ហើយ​តាម​ការ​ស្រាវជ្រាវ​ភូមិសាស្ត្រ​ លោក​ដឹង​ថា មាន​ផ្ទៃ​ដី​ស្រែ និង​ចំការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រយ៉ង់ និង​ឃុំ​ត្បែង​២ នឹង​ទទួល​រង​ផល​ប៉ះពាល់​ចំនួន​ជា ២.០០០​ហិកតារ។
ទោះ​យ៉ាង​ណា​លោក ឡោ ច័ន្ទ អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​បញ្ជាក់​អំពី​ភាព​ពិត​នៃ​រឿង​នោះ​យ៉ាង​ណា នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា នេះ៕​​​​​​​​​


វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes