សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 19, 2011

ពលករ​ខ្មែរ​ជាង​១០​នាក់​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី

ពលការិនី​ចំនួន​ជាង ១០​នាក់​ដែល​មាន​អាយុ​រវាង​ពី ១៥​ឆ្នាំ ទៅ ២៣​ឆ្នាំ មក​ពី​ខេត្ត​កំពង់ចាម ពោធិ៍សាត់ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ជា​ដើម បាន​រង​ការ​ធ្វើ​បាប និង​បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​គ្មាន​មូលហេតុ​ជាក់លាក់។


 សកម្មជន​ការពារ​សិទ្ធិ​ពលករ​កម្ពុជា កំពុង​តែ​ស្រាវជ្រាវ​ជួយ​សង្គ្រោះ​ពលការិនី​ចំនួន​ជាង ១០​នាក់ ដែល​បាន​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ ការ​ចាប់​រំលោភ និង​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) កន្លង​មក​នេះ។
សកម្មជន​ការពារ​សិទ្ធិ​ពលករ​បាន​អះអាង​ថា ពលការិនី​ដែល​បាន​បាត់​ខ្លួន​នោះ គឺ​មាន​ចំនួន ៧​នាក់ ចំណែក​ឯ​ពលការិនី​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ គឺ​ចំនួន ៣​នាក់ និង​ពលការិនី​រង​ការ​ចាប់​រំលោភ​ដោយ​ម្ចាស់​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ គឺ​ចំនួន​ម្នាក់។
ពលការិនី​ទាំង​នោះ​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១០ កន្លង​ទៅ តាម​រយៈ​ក្រុមហ៊ុន​ឈ្មោះ អេសខេ (SK) ក្រុមហ៊ុន ធី អែន ភី (T&P) និង​ក្រុមហ៊ុន​អេជអាឌី (HRD)។ 
អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍​នៅ​កម្ពុជា លោក ហ៊ុយ ពេជ្រសុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​បែប​នេះ​ពី​គ្រួសារ​ពលការិនី​ចំនួន ៧០​ករណី​ហើយ នៅ​ឆ្នាំ​២០១១៖ «គាត់​បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អស់​លទ្ធភាព​ហើយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ជួយ​ស្វែង​រក ប៉ុន្តែ​ក្រុមហ៊ុន​ចេះ​តែ​ថា ចាំ​ថ្ងៃ​នេះ​ចាំ​ថ្ងៃ​នោះ គេ​រក​ឲ្យ​ហើយ។ ក្រុមហ៊ុន​សំដែង​ការ​មិន​យក​ចិត្ត​ទុក​ដាក់។ ជា​បឋម គាត់​គ្រាន់​តែ​ទាមទារ​ឲ្យ​រក​ដំណឹង​កូន​គាត់ និង​បញ្ជូន​កូន​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​និង​សុំ​ឲ្យ​ទូទាត់​សំណង​ជា​ប្រាក់​ខែ​ឲ្យ​ត្រូវ​តាម​ពេល​វេលា​ដែល​កូន​គាត់​បាន​ធ្វើ​ការងារ​ហ្នឹង»
ទម្រង់​នៃ​ការ​ធ្វើ​បាប​លើ​រាង​កាយ​នោះ គឺ​មាន​ការ​ទះ​កំផ្លៀង​ដោយ​ដៃ ការ​មិន​ឲ្យ​ហូប​បាយ​ឆ្អែត និង​ឲ្យ​ហូប​បាយ​សល់​ពី​កូនៗ​របស់​ម្ចាស់​ផ្ទះ។  
ប្រជាពលរដ្ឋ​ឈ្មោះ សៅ សុខ អាយុ ៤៤​ឆ្នាំ នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​ជា​ម្ដាយ​មីង​របស់​ពលការិនី​ឈ្មោះ លី ណា អាយុ ១៨​ឆ្នាំ បាន​ថ្លែង​ថា រយៈពេល ២​ឆ្នាំ​មក​ហើយ អ្នកស្រី​មិន​បាន​ទទួល​ដំណឹង​ពី​ក្មួយ​ស្រី​សោះ៖ «ក្មួយ​ខ្ញុំ​វា​អត់​បាន​តេ (ទូរស័ព្ទ) បាន​អី​មក​ម្ដង​សោះ ហើយ​បាត់​ដំណឹង​រហូត បាន​ខ្ញុំ​បារម្ភ​ពី​វា​ហ្នឹង។ ម៉ែ​វា​ទៅ​ភ្នំពេញ​ម្ដង ឬ​២​ដង​ហើយ ប៉ុន្តែ​អត់​បាន​ជួប​មេខ្យល់​ដែល​យក​ទៅ​ហ្នឹង គេ​អត់​ប្រាប់​លេខ (ទូរស័ព្ទ) ក្រុមហ៊ុន​ប្រាប់​អី​ហ្នឹង​ណា»
ប្រធាន​ភ្នាក់ងារ​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា លោក អ៊ន ប៊ុនហាក់ បាន​មាន​ប្រសាសន៍​ថា មាន​ករណី​ខ្លះ​ជា​ការ​បំភ័យ និង​មាន​ករណី​ខ្លះ​ទៀត​ជា​ការ​ប្រឌិត ប៉ុន្តែ​លោក​ស្វាគមន៍​ចំពោះ​ពាក្យ​បណ្ដឹង​ដាក់​ជូន​សមាគម​របស់​លោក ដើម្បី​ជួយ​ដោះស្រាយ៖«យើង​ស្វាគមន៍ ហើយ​យើង​នឹង​បញ្ជូន​ករណី​នេះ​ទៅ​សមត្ថកិច្ច​ម៉ាឡេស៊ី ក៏​ដូច​ជា​ស្ថានទូត​ខ្មែរ​នៅ​ទី​នោះ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​បាទ!»
បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ចំនួន ៥​ម៉ឺន​នាក់ ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​នោះ​មាន​ពលការិនី​ចំនួន ៣​ម៉ឺន​នាក់​បំរើ​ការងារ​នៅ​តាម​ផ្ទះ។ មាន​ក្រុមហ៊ុន​នាំ​ចេញ​ពលករ​ចំនួន ៣៤ នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឈ្មោះ ធី អែន ភី បាន​ផ្អាក​ដំណើរ​ការ ដោយសារ​ជាប់​ពាក្យ​បណ្ដឹង​ក្រោម​បទ​ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ នៅ​ខែ​តុលា កន្លង​ទៅ​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង។ 
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ បាន​ប្រកាស​ថា អ្នកស្រី​ចេញ​មុខ​ប្ដឹង​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​ម៉ាឡេស៊ី ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​លើ​ករណី​ពលការិនី​ខ្មែរ​ចំនួន ៩​នាក់ ដែល​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​ជាក់លាក់​នៅ​ឆ្នាំ​២០១១៕



វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes