សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

ការសិក្សាស្រាវជ្រាវរបស់អង្គការយូនីសេហ្វ ផ្តល់ទស្សនៈថ្មីស្តីពីភាពក្រីក្រប៉ះពាល់ដល់កុមារ (កុមារនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រឈមនឹងបញ្ហាច្រើន )

ទីក្រុងបាងកកថ្ងៃទី ២២ ខែវិច្ឆិកា : ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការយូនីសេហ្វដែលធ្វើ​វិភាគ​លើភាពក្រីក្ររបស់កុមារនៅតំបន់អាស៊ីបូព៌ា​ និងប៉ាស៊ីហ្វិក បញ្ជាក់ច្បាស់ថាភាពក្រីក្រប៉ះពាល់ដល់​កុមារតាមរបៀបផ្សេងៗគ្នាច្រើនជាងប៉ះពាល់ដល់មនុស្សពេញវ័យ។ ដូចេ្នះអ្នករៀបចំគោលនយោ-បាយជាចាំបាច់គឺត្រូវសម្លឹងមើលលើសពីសូចនាករស្តីពីចំណូលប្រចាំគ្រួសារដើម្បីក្តាប់បានរូបភាព​ច្បាស់​លាស់ថែមទៀតអំពីភាពក្រីក្រ និងបញ្ហានានាដែលកុមារប្រឈមមុខជាមួយ។  

ការសិក្សាស្រាវជ្រាវដែលមានចំណងជើងថា“ភាពក្រីក្ររបស់កុមារនៅតំបន់អាស៊ីបូព៌ា​ និងប៉ាស៊ី-​ហ្វិក : បញ្ហាប្រឈម និងវិសមភាព​” បានកត់សម្គាល់ឃើញថាភាពក្រីក្ររបស់ក្រុមគ្រួសារតែងតែប៉ះ ពាល់ដល់កុមារដោយផ្ទាល់តាមរយៈការទទួលបានជម្រក អាហារ ទឹក អនាម័យ ការអប់រំ សេវាសុខ ភាព និងព័ត៌មាន។ កាលណាកុមារមិនទទួលបានសេវាមួយ ឬច្រើនក្នុងចំណោមសេវាសារវន្តទាំង​នេះគឺមានន័យថាកុមារចេះតែជួបភាពក្រីក្រជ្រៅទៅៗ។

ការធ្វើវិភាគលើស្ថានភាពកុមារកំពុងរស់នៅតាមប្រទេសចំនួនប្រាំពីរក្នុងតំបន់អាស៊ីបូព៌ា​ និងប៉ាស៊ី-​ហ្វិកដែលមានកុមារសរុបចំនួនជាង ៩៣ លាននាក់នោះ របាយការណ៍នេះបានរកឃើញថា​កុមារ​ចំនួន​​ជាង ៣០ លាននាក់បានទទួលរងបញ្ហាមួយយ៉ាងតិចក្នុងចំណោមបញ្ហាជាច្រើន​ដូចជា​ការគ្មាន​លទ្ធភាពទៅរៀន ឬការខ្វះលទ្ធភាពទទួលបានការថែទាំសុខភាពជាមូលដ្ឋាន ការខ្វះលទ្ធភាពទទួល​បាន​ទឹកស្អាតសម្រាប់ផឹក ការគ្មានបង្គន់អនាម័យប្រើប្រាស់ ឬការខ្វះអាហារូបត្ថម្ភ និង​មាន​កុមារ​ចំនួន​ជាង ១៣ លាន​នាក់ទៀតបានទទួលរងបញ្ហាចំនួនពីរ ឬលើសនេះ​ក្នុងចំណោមបញ្ហា​ធ្ងន់​ធ្ងរ​ជា​ច្រើន​។

លោក ម៉ាហេស ផាត់ថែល ទីប្រឹក្សាអង្គការយូនីសេហ្វប្រចាំតំបន់ទទួលបន្ទុកកិច្ចការគោល​នយោ​-បាយ​សង្គមបាន​មានប្រសាសន៍ថា​“ការសិក្សាស្រាវជ្រាវនេះបង្ហាញថាការរកបានចំណូល រួមមាន​ទាំងប្រទេសរកចំណូលបានកម្រិតកណ្តាល (មធ្យម) ​នៅក្នុងតំបន់ផងនោះ ពុំបានប្រើប្រាស់ចំណូល​ទាំង​នោះ​សម្រាប់​កុមារទាំងអស់នោះឡើយ”។ “ដូច្នេះការរៀបចំគោលនយោបាយ​ជាតិ​ណាមួយ​ស្តីពី​សម​ភាព និង​ការ​កាត់បន្ថយវិសមភាព ​ត្រូវតែចាប់ផ្តើមជាមួយការកាត់បន្ថយ​ភាពក្រីក្រ ដែលជា​ចំណុច​ស្នូលកណ្តាល​របស់វា”។

របាយការណ៍នេះពិនិត្យឡើងវិញនូវការសិក្សាស្រាវជ្រាវនានាទៅលើភាពក្រីក្ររប​ស់កុមារដែល​បាន​
អនុវត្តន៍នៅប្រទេសកម្ពុជា ឡាវ ម៉ុងហ្គោលី ហ្វីលីពីន ថៃឡង់ដ៏ វ៉ានូអាទូ និងវៀតណាម ពីឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១០។     

លោកជំទាវ អនុប៉ាម៉ា រ៉ាវស៊ីង នាយិកាអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បាន​មាន​ប្រសាសថា “ការធ្វើវិភាគលម្អិតដែលបានបង្ហាញនៅក្នុងការសិក្សាស្រាវជ្រាវរបស់ប្រទេសជាតិ​ទាំងនេះនឹងជួយបណ្តាប្រទេសទាំងនោះឲ្យកំណត់កម្មវិធី និងរៀបចំគោលនយោបាយដើម្បីចុះទៅ​ដល់ជនងាយរគ្រោះបំផុតនៅក្នុងសង្គម និងប្រើប្រាស់ធនធានមានប្រសិទ្ធភាពបំផុត”។

ប្រទេសចំនួនប្រាំពីរនៅអាស៊ីប៉ាស៊ីហ្វីកស្ថិតក្នុងចំណោមប្រទេសចំនួន ៥៣ ក្នុងពិភពលោក ​ដែល​បានចូលរួមធ្វើការសិក្សាស្រាវជ្រាវរបស់អង្គការយូនីសេហ្វទូទាំងសកលលោកស្តីពីភាពក្រីក្ររបស់​កុមារ និងវិសមភាព ដែលផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រចាំថ្ងៃដែលកុមារប្រឈមមុខជាមួយ និង​​លើ​ឥទ្ធិ​ពលអវិជ្ជមាននៃបញ្ហាទាំងនោះ ដែលជះទៅលើ ឬប៉ះពាល់ដល់ការអភិវឌ្ឍជាតិ។

ឧទាហរណ៍ នៅប្រទេសឡាវ ខណៈដែលកុមារចំនួន ៣៨% ត្រូវបានវាយតម្លៃថាក្រីក្រខ្វះចំណូល នោះគឺមានកុមារចំនួនច្រើនដល់ទៅ ៧៥% ត្រូវបានវាយតម្លៃថាកំពុងរស់នៅជាមួយភាពក្រីក្រ ដែល​ការវាយតម្លៃនេះគឺបាន​ផ្អែកទៅលើការវាស់វែងមានលក្ខណៈទូលំទូលាយ និង​មានការទទួល​ស្គាល់​ច្រើនឡើងៗមួយនេះ ទៅ​លើភាពក្រីក្ររប​ស់កុមារ។

កុមារក្រុមជនជាតិភាគតិចនៅប្រទេសវៀតណាមបានទទួលរងបញ្ហាប្រឈមធ្ងន់ធ្ងរច្រើនជាង​កុមារ​ក្រុមជន ជាតិភាគច្រើនចំនួន ១១ ដង ហើយដែលគេបានរកឃើញបែបនេះដូចគ្នានៅប្រទេស​ផ្សេងៗ​​ទៀត​​ជា​​ច្រើន​។

ប្រទេសវ៉ានូអាទូក្នុងចំណោមកុមារប្រាំនាក់គឺមានកុមារជិតម្នាក់ទទួលរងបញ្ហាធ្ងន់ធ្ងរខាងសុខភាព​។

របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថាមានការងារត្រូវអនុវត្តន៍ជាច្រើនទៀតដើម្បីកាត់បន្ថយ​វិសមភាព នានាដែលបង្អាក់រារាំងការអភិវឌ្ឍរបស់កុមារមួយចំនួនធំនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វីក។ វិសមភាពមានច្រើនយ៉ាងដែលក្នុងនោះមានវិសមភាពចំណូលដែលអាចនៅនឹងនរ ឬកើនឡើងនៅ​ក្នុង​ប្រទេសទាំងប្រាំពីរ ទោះបីជាផលិតផលក្នុងស្រុកសរុបមានការកើនឡើងច្រើននៅទសវត្សរ៍​កន្លង​​មក​​នោះ​ក៏​ដោយ​។ បញ្ហា និងវិសមភាព ដែលកុមារប្រឈមមុខជាមួយ ​គឺត្រូវ​តែលើក​ឡើង​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍ជាតិ និងនៅក្នុងផែនការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ និងជូនដំណឹងអំពីធន-​ធាន​ដែលត្រូវ​បានបែងចែកសម្រាប់បម្រើឲ្យវិស័យនេះ។ គោលនយោបាយការពារសង្គមសំដៅលើកុមារដែលដោះស្រាយសេចក្តីត្រូវការ​របស់​កុមារ​ងាយ​រង​គ្រោះបំផុត ក៏មានសារៈសំខាន់ដែរសម្រាប់កាត់បន្ថយបញ្ហាដែលកុមារប្រឈម​មុខនៅក្នុងតំបន់។

គម្លាតរវាងតំបន់ជនបទ និងទីក្រុង រវាងក្រុមជនជាតិភាគតិចផ្សេងៗ រវាងតំបន់ភូមិសាស្ត្រនានា​ និង​រវាងក្រុមគ្រួសារដែលមានមនុស្សពេញវ័យមានកម្រិតអប់រំល្អជាមេគ្រួសារ ធៀបនឹងមនុស្សពេញវ័យ​ដែលពុំមានកម្រិតអប់រំល្អ ឃើញមានវិសមភាពច្រើនបំផុតគួរឲ្យកត់សម្គាល់​ នៅទូទាំងប្រទេសទាំង​ប្រាំ​ពីរនោះ​។

លោកជំទាវ រ៉ាវស៊ីង បានមានប្រសាសន៍ថា “ច្បាស់ណាស់គឺបញ្ហាដែលយើងប្រឈមឥឡូវនេះនៅ​អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកគឺត្រូវដោះស្រាយភាពក្រីក្របន្ថែមទៀតរបស់កុមារដែលមានបង្ហាញនៅក្នុង​ការសិក្សា ស្រាវជា្រវ នេះ ដោយកសាងលើ និងអនុវត្តន៍ឲ្យបានលើសពីមូលដ្ឋានគ្រឹះនៃកំណើន​សេដ្ឋ​កិច្ចនៅក្នុងតំបន់”។

របាយការណ៍នេះក៏បានបង្ហាញឲ្យឃើញផងដែរនូវនិន្នាការខាងក្រោមនេះ :
តំបន់ជនបទ និងតំបន់ទី ក្រុង : ភាពក្រីក្ររបស់កុមារនៅកម្ពុជាមាន ៣០% នៅជនបទ ដែលខ្ពស់​ជាង​​តំបន់ទីក្រុង និងនៅប្រទេសថៃគឺមាន ៦០% ខ្ពស់ជាងនៅតំបន់ជនបទដែលមាន ១៣០% ខ្ពស់​ជាង​​នៅ​តំបន់ជនបទក្នុងប្រទេស​ហ្វីលីពីន និងមាន ១៨០% ខ្ពស់ជាងនៅតំបន់ជនបទក្នុងប្រទេស​វៀត​ណាម។

វិសមភាពតាមតំបន់ភូមិសាស្រ្ត : វិសមភាពនៅថ្នាក់ក្រោមជាតិក្នុងប្រទេសទាំងនេះ មានករណីខ្លះ​គឺ​​ត្រូវ​បានប្រកាសថាមានច្រើនជាងវិសមភាពរវាងប្រទេសចំណូលទាប និងប្រទេសចំណូលកណ្តាល​(មធ្យម) ក្នុងតំបន់ ឧទាហរណ៍ដូចជាចំនួនកុមារទទួលរងគ្រោះពីបញ្ហាធ្ងន់ធ្ងរនៅប្រទេសវៀតណាម​គឺ​​នៅ​តំបន់​ពាយព្យមានខ្ពស់ជាងតំបន់ដែនដីសណ្តរទន្លេក្រហម និងនៅប្រទេសថៃគឺភូមិ​ភាគ​ខាង​ត្បូងមាន​​ច្រើន​ជាង​​ភូមិភាគខាងជើង ៥០%។

វិសមភាពក្នុងចំណោមជនជាតិភាគតិច : កម្រិតភាពក្រីក្រ និងបញ្ហាគឺជាភស្តុតាងមាននៅក្នុង​ចំណោមកុមារជនជាតិភាគតិចមួយចំនួន។ នេះគឺជាបញ្ហាដែលកើតមាននៅក្នុងប្រទេសជាច្រើនក្នុង​ចំណោមប្រទេសទាំងប្រាំពីរ ដែលត្រូវបានធ្វើអង្កេតនៅក្នុងតំបន់ ឧទាហរណ៍ដូចជាចំនួនកុមារជន​ជាតិភាគតិចមានបញ្ហាធ្ងន់ធ្ងរមានចំនួនប្រហែលជា ៦០% ខ្ពស់ជាងចំនួនកុមារជនជាតិភាគច្រើន​មានបញ្ហាធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេសឡាវ និងប្រទេសម៉ុងហ្គោលី ដែលលើសពីប្រទេសហ្វីលីពីន ៩ ដង​ និងលើសប្រទេសថៃជិត ១៥ ដង។

កម្រិតអប់រំរបស់មេគ្រួសារ - បញ្ហាធ្ងន់ធ្ងរមានច្រើនជាងពីរដងចំពោះក្រុមគ្រួសារដែលមេគ្រួសារបាន​រៀនត្រឹមកម្រិតបឋមសិក្សា ឬទាបជាងនេះ ធៀបនឹងគ្រួសារដែលមេគ្រួសារបានរៀនត្រឹមកម្រិត​មធ្យម​​សិក្សា ឬខ្ពស់ជាងនេះ។

ទំហំគ្រួសារ - កម្រិតនៃបញ្ហាធ្ងន់ធ្ងរនៅប្រទេសម៉ុងហ្គោលី និងប្រទេសវៀតណាម មានច្រើនជាង​រហូត​ដល់ទៅជិតពីរដងចំពោះក្រុមគ្រួសារ​ដែលមានសមាជិកច្រើនជាង ៧ នាក់ ធៀបនឹងក្រុម​គ្រួ-​សារ​​ដែល​មានសមាជិក ៤ នាក់ ឬតិចជាងនេះ។ នៅប្រទេសថៃគឺមានច្រើនជាង​រហូត​ដល់​ទៅ​បី​ដង។

អំពីអង្គការយូនីសេហ្វ
អង្គការយូនីសេហ្វធ្វើការងារនៅក្នុងប្រទេស និងនៅលើទឹកដីចំនួន ១៩០ ប្រទេស ដើម្បីជួយកុមារ​ឲ្យ​រស់រាន និងចម្រើនលូតលាស់ ចាប់ពីវ័យកុមារភាពរហូតដល់វ័យជំទង់។ ក្នុងនាមជាអ្នកផ្តល់វ៉ាក់​សាំងធំជាងគេ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងពិភពលោកគឺអង្គការយូនីសេហ្វគាំទ្រវិស័យ​សុខភាពកុមារ និងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ការអប់រំជាមូលដ្ឋានមានគុណភាព សម្រាប់​កុមារា និងកុមារី និងកិច្ចការពារកុមារពីអំពើហិង្សា ពីការធ្វើអាជីវកម្មកេងប្រវ័ញ្ច និងពីជម្ងឺអេដស៍។ អង្គ​ការយូនីសេហ្វទទួលបានមូលនិធិទាំងស្រុងពីវិភាគទានស្ម័គ្រចិត្តរបស់សប្បុរសជន ពីក្រុមហ៊ុន ពីមូលនិធិ និងពីរដ្ឋាភិបាលនានា។ សម្រាប់ព័ត៌មានបន្ថែមស្តីពីអង្គការយូនីសេហ្វ និងស្តីពីការងារ របស់អង្គការនេះគឺសូមមេត្តា​ចូលមើលវ៉ែបសាយ www.unicef.org

***

សម្រាប់ព័ត៌មានបន្ថែមទៀត គឺសូមមេត្តាធ្វើទំនាក់ទំនងទៅកាន់ :
Madeline Eisnerទីប្រឹក្សាអង្គការយូនីសេហ្វថ្នាក់តំបន់ ទទួលបន្ទុក​ការងារសារគមនាគមន៍ តាមរយៈ +662-356-9406, meisner@unicef.org
Geoffrey Keele​​ មន្រ្តីឯកទេសអង្គការយូនីសេហ្វថ្នាក់តំបន់ ទទួលបន្ទុក​ការងារសារគមនាគមន៍ តាមរយៈ +662-356-9407, gkeele@unicef.org

No comments:

Post a Comment

yes