សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 12, 2013

អ្នក​ភូមិ​៣០​នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី

តុលាការ​កំពង់ស្ពឺ ៣០៥
សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ

អ្នក​ភូមិ​អមលាំង ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ស្ករស​ភ្នំពេញ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ បន្ទាប់​ពី​តុលាការ​ខេត្ត​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ជាច្រើន​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ដើម​សប្ដាហ៍​ក្រោយ។

តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​អមលាំង ៣០​នាក់ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​ករណី​រឿង​ទំនាស់​ដីធ្លី។
តំណាង​អ្នក​ភូមិ​អមលាំង លោក ផល វណ្ណៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ ២១​នាក់ មាន​ជា​សាក្សី​ខ្លះ និង​ជា​ជន​ជាប់​ចោទ​ខ្លះ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ និង​បាន​ចេញ​ដីកា​នាំ​ខ្លួន ៩​នាក់​ផ្សេង​ទៀត ដល់​អ្នក​ភូមិ​អមលាំង ដែរ។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​ទាំង​នោះ ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។
តំណាង​អ្នក​ភូមិ​រូប​នោះ​បញ្ជាក់​ថា អ្នក​ភូមិ​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​តុលាការ បាន​ត្រៀម​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កំណត់។ តែ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា អាច​មាន​ការ​ចាប់​ខ្លួន​អ្នក​ភូមិ ត្បិត​អ្នក​ភូមិ ២​នាក់ គឺ​លោកស្រី ឃឹម ស្រីពៅ និង​លោក ពុធ យឿន ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​នាំ​ខ្លួន​នោះ ត្រូវ​តុលាការ​បើក​សវនាការ​ជម្រះ​ក្តី​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ លើ​បណ្ដឹង​មួយ​ពី​បទ​ប្រើ​អំពើ​ហិង្សា និង​ចូល​កាន់​កាប់​ដី​ខុស​ច្បាប់៖ «សហគមន៍​យើង​មាន​កម្លាំង​គាំទ្រ​គាត់​ច្រើន​អ៊ីចឹង យើង​អត់​រត់​ទៅ​ណា​ទេ អ៊ីចឹង​បើ​មាន​បញ្ហា​អី តុលាការ​នឹង​អត់​មាន​ទៅ​ណា​រួច​ក្រៅ​ពី​ខេត្ត​កំពង់ស្ពឺ ទេ បើ​គាត់​ចាប់​ខ្លួន ងាប់​ក៏​ល្អ​មើល​ដែរ ហើយ​បើ​គាត់​មិន​ចាប់​ខ្លួន​ក៏​ល្អ​មើល​ដែរ ចំពោះ​រឿង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​អត់​ខ្លាច​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ព្រោះ​យើង​អត់​មាន​ធ្វើ​ខុស​ច្បាប់​ទេ»

ទំនាស់​ដី​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​ស្ករស របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន បាន​ទទួល​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ។ ដី​សម្បទាន​ទំហំ​ជាង ៩​ពាន់​ហិកតារ​នោះ បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១​ពាន់​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន​១២ ក្នុង​ឃុំ​អមលាំង។ បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ បន្ត​ទាមទារ​ដី និង​សំណង​ពី​ក្រុមហ៊ុន លី យ៉ុងផាត់។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ។
មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ភូមិ​អមលាំង មក​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ចាន់ សុជាតិ មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក គឺ​លោកស្រី ឃឹម ស្រីពៅ និង​លោក ពុធ យឿន នឹង​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ លោក​បញ្ជាក់​ថា លោក​មាន​សាក្សី​ដោះ​បន្ទុក ហើយ​ករណី​នេះ​ជា​រឿង​ទំនាស់​ដីធ្លី​នេះ គ្មាន​អង្គ​ហេតុ​ទាក់ទង​នឹង​ការ​ប្រើ​ហិង្សា និង​អង្គ​ហេតុ​នៃ​ការ​រំលោភ​កាន់​កាប់​ដីធ្លី​នោះ​ក៏​អត់​មាន​ដែរ៖ «តាម​ពិត​ជា​ទាក់ទង​ដីធ្លី​ដដែល​ទេ​ដូច​កូន​ក្តី​ខ្ញុំ​មុន​អ៊ីចឹង ចាប់​គាត់​ដាក់​គុក ហើយ​ចុង​បញ្ចប់ ធ្វើ​លិខិត​ដូរ​ដី​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង វា​អយុត្តិធម៌​ចំពោះ​អ្នក​ភូមិ​អមលាំង ភាគ​ច្រើន​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់ ហើយ​ធ្វើ​កិច្ច​សន្យា​ដោះ​ដូរ​ដី​ទៅ​វិញ។ វា​ផ្ទុយ​ពី​អង្គ​ហេតុ​នៃ​រឿង​ព្រហ្មទណ្ឌ វា​អត់​មាន»
ក្រុមហ៊ុន​ស្ករស​របស់​លោក លី យ៉ុងផាត់ គ្រោង​ផលិត​ស្ករស​ផ្គត់ផ្គង់​ទីផ្សារ​សំខាន់​ទៅ​កាន់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​ហាម​មិន​ឲ្យ​នាំ​ចូល​ស្ករស​ពី​ក្រុមហ៊ុន លី យ៉ុងផាត់ ឡើយ ដោយ​អះអាង​ថា ជា​ស្ករ​ប្រឡាក់​ឈាម៕

No comments:

Post a Comment

yes