សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 25, 2011

តុលាការ​​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​អតីត​ឯកអគ្គរាជទូត​កម្ពុជា​​ប្រចាំ​ប៊្រុយណេ

អតីត​ឯក​អគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយណេ លោក ណាន់ ស៊ី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ទោស​កំហុស​ក្រោម​បទ​ពុករលួយ​ទឹក​ប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក។


សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ ផ្ដន្ទាទោស​លោក ណាន់ ស៊ី ឲ្យ​ជាប់​គុក​រយៈពេល ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល ស្មើ​នឹង ២.០០០​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា លោក​បាន​គេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ ក្នុង​ការ​សាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ (Brunei) រវាង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩  កន្លង​ទៅ។
លោក ណាន់ ស៊ី ជា​ឯក​អគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយណេ និង​ជា​អតីត​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា បាន​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​ពេល​ថ្មីៗ​នេះ។ 
ចៅក្រម​ជម្រះ​ក្ដី លោក កោ វណ្ឌី បាន​អាន​សាលក្រម​ថា តុលាការ​បាន​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន​លោក ណាន់ ស៊ី ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ និង​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ក្នុង​រយៈពេល ៣០​ថ្ងៃ កំណត់​ដោយ​ច្បាប់។ 
ការ​ប្រកាស​សាលក្រម​ស្វែង​រក​ចាប់​ខ្លួន​លោក ណាន់ ស៊ី បាន​ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។
ការ​កាត់​ទោស​នេះ គឺ​ផ្អែក​តាម​មាត្រា​ទី ៥៩៧ និង​មាត្រា ៥៩៨ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​ថ្មី ឆ្នាំ​២០១០។ លោក ណាន់ កំពុង​តែ​ជាប់​បណ្ដឹង​មួយ​ទៀត គឺ​ទាមទារ​ឲ្យ​លោក​សង​សំណង​រដ្ឋប្បវេណី​អំពី​ការ​កេង​ប្រវ័ញ្ច​ថវិកា​រដ្ឋ​នោះ ដែល​មាន​ក្រសួង​ការបរទេស​កម្ពុជា ជា​ដើម​បន្តឹង​ទាំង​ពីរ។
មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា លោក គី តិច បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​នោះ​ថា លោក​មិន​ជំទាស់​សាលក្រម​នេះ​ទេ៖ «មន្ត្រី​រាជការ​ទាំង​អស់​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ដែរ ការងារ​មិន​ធ្វើ​ឲ្យ​បាត់បង់​ដោយ​ចេតនា ឬ​ដោយ​អចេតនា​ទេ។ បាត់បង់​ថវិកា​រដ្ឋ កិបកេង​ថវិកា​រដ្ឋ ត្រូវ​មាន​ការ​ផ្ដន្ទាទោស​អ៊ីចឹង»
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ក្រសួង​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ក្ដី​បែប​នេះ៖«ព្រោះ​អា​ហ្នឹង​ជា​សមត្ថកិច្ច​របស់​តុលាការ ដូច្នេះ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សំរេច​ទៅ​ចុះ​បាទ!»
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ណាន់ ស៊ី និង​មេធាវី​របស់​លោក​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដោយសារ​តែ​មិន​មាន​វត្តមាន​មក​ចូល​រួម​ក្នុង​សវនាការ​នេះ។
រឿង​អាស្រូវ​ពុករលួយ​នេះ បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១ នៅ​គ្រា​ដែល​ក្រុមហ៊ុន​សាងសង់​សា្ថនទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ បាន​ប្ដឹង​តវ៉ា​មក​ក្រសួង​ការបរទេស​កម្ពុជា។ ឯកសារ​ដែល​ក្រសួង​ការបរទេស​កម្ពុជា និង​ក្រុម​អធិការកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​នោះ បាន​បញ្ជាក់​ថា លោក ណាន់ ស៊ី មិន​ព្រម​ទូទាត់​ថ្លៃ​សំណង​ទៅ​ក្រុមហ៊ុន​សាងសង់​នោះ​ឡើយ។ 
លោក ណាន់ ស៊ី បាន​ជំពាក់​ប្រាក់​នៅ​ធនាគារ និង​ចំណាយ​មិន​ប្រក្រតី​សរុប​ជាង ៤៣​ម៉ឺន​ដុល្លារ​អាមេរិក ខុស​ពី​គំរោង​ចំណាយ​ដើម​ចំនួន​ជាង ២៩​ម៉ឺន​ដុល្លារ​អាមេរិក៕


អាស៊ីសេរី

No comments:

Post a Comment

yes