អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកសវនាការបឋមលើសំណុំរឿងក្ដីលេខ ០០២ របស់អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ចូលដល់ថ្ងៃទីពីរហើយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១។
សវនាការបឋមចូលមកដល់ថ្ងៃទីពីរនេះ ជនជាប់ចោទ នួន ជា បានចោទតុលាការខ្មែរក្រហមថា មិនមានភាពយុត្តិធម៌ចំពោះរូបគាត់ទេ ចាប់តាំងពីដើមទីរហូតមក។
ក្រៅពីការចោទតុលាការបែបនេះ ជនជាប់ចោទ នួន ជា ក៏បានរៀបរាប់ឱ្យដឹងអំពីប្រវត្តិ និងសកម្មភាពរបស់បក្សកុម្មុយនិស្តកម្ពុជាដែរ ដែលភាគច្រើនលោកបានលើកឡើងពីនយោបាយជ្រៀតជ្រែក និងគ្របដណ្ដប់របស់វៀតណាម លើប្រទេស និងបក្សកុម្មុយនិស្តកម្ពុជា ចាប់តាំងពីឆ្នាំ១៩៣០ មក។
អ្នកតាមសង្កេតការណ៍ដំណើរការសាលាក្ដីខ្មែរក្រហម បានចាប់អារម្មណ៍ថា ការថ្លែងរបស់លោក នួន ជា ជាព័ត៌មានសំខាន់មួយសម្រាប់បំពេញកន្លែងចន្លោះរបស់ប្រវត្តិសាស្ត្រកម្ពុជា។
ជនជាប់ចោទ នួន ជា បញ្ជាក់ជូនអង្គសវនាការថា ដរាបណាគាត់នៅមានសុខភាពល្អ គាត់នឹងព្យាយាមដោះស្រាយបំភ្លឺរាល់បញ្ហា ដើម្បីជាព័ត៌មានប្រវត្តិសាស្ត្រត្រឹមត្រូវ ដែលមិនមែនជាប្រវត្តិសាស្ត្របម្រើនយោបាយ។
បណ្ឌិត ឡៅ ម៉ុងហៃ ដែលចូលរួមទស្សនានៅក្នុងបន្ទប់សវនាការនៅថ្ងៃនេះដែរនោះ បានថ្លែងថា ការបំភ្លឺរបស់ជនជាប់ចោទ នួន ជា ពិតជាមានប្រយោជន៍ដល់ការស្វែងរកការពិត និងយុត្តិធម៌។
សវនាការបឋមនេះ នឹងត្រូវធ្វើរយៈពេល ៤ថ្ងៃ ហើយនឹងត្រូវធ្វើបន្តនៅវេលាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ជាបន្តទៀត៕
អាស៊ីសេរី
No comments:
Post a Comment
yes