សវនាការបឋមបើកការចោទប្រកាន់របស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ២៣ ខែវិច្ឆិកានេះ ជនជាប់ចោទ ខៀវ សំផន បានចោទជាសំណួរថា ហេតុដូចម្ដេចបានតុលាការខ្មែរក្រហម មិនយាងអតីតព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្ដម សីហនុ មកជំនុំជម្រះជាមួយគាត់។
ការថ្លែងរបស់ជនជាប់ចោទ ខៀវ សំផន គឺធ្វើឡើងនៅក្នុងសេចក្ដីសន្និដ្ឋានការពារខ្លួនរបស់គាត់ឆ្លើយតបទៅហ្នឹងសេចក្ដីសន្និដ្ឋានបើកការចោទប្រកាន់របស់សហព្រះរាជអាជ្ញា រយៈពេលពីរថ្ងៃកន្លងមកនេះ។
សំឡេង៖ «លោកហាក់ដូចជាគិតថា ខ្ញុំនិយាយយ៉ាងនេះមិនត្រូវទេ។ បើដូច្នេះ ហេតុអ្វីបានជាលោកមិនកោះយាងសម្ដេច ឱ្យលោកមកអង្គុយកៅអីចុងចោទជាមួយយើងខ្ញុំផងទៅ»។
ជនជាប់ចោទ ខៀវ សំផន បានការពារថា ភាពឆ្វេងនិយមរបស់គាត់ គឺជាការប្រឆាំងនឹងពួកមន្ត្រីរបស់លោក លន់ នល់ ដែលរៀបចំធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ក្នុងឆ្នាំ ១៩៦៩។
ជនជាប់ចោទបន្តថា សហព្រះរាជអាជ្ញាលើកឡើងតែរឿងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ហើយបំភ្លេចចោលរឿងរ៉ាវមុនឆ្នាំ ១៩៧៥ ទេ រាប់ទាំងការទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងមហន្តរាយដល់អាយុជីវិតពលរដ្ឋកម្ពុជាផង។
លោក ខៀវ សំផន ថា គាត់ជាអ្នកជួយឱ្យមានការរួបរួមកម្លាំងជាតិ ដើម្បីការពារមាតុភូមិកម្ពុជា ដែលវៀតណាមតែងតែបញ្ចូលទៅក្នុងសហព័ន្ធឥណ្ឌូចិន។
ជនជាប់ចោទថ្លែងទៀតថា អ្វីដែលសហព្រះរាជអាជ្ញាចោទគាត់ កាលពីថ្ងៃ និងថ្ងៃអង្គារ គឺមានភាពលំអៀងខ្លាំងណាស់ ហើយចាត់ទុកថា ជាការឡើងគ្មានអ្វីច្បាស់លាស់សោះ។
ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺបានបន្តថា គាត់មិនសូវយល់ដឹងអំពីនីតិវិធីនៃសាលាក្ដីនេះទេ ដោយសារតែសាលាក្ដីខ្មែរក្រហម រៀបចំនីតិវិធីអ្វីៗ សម្រាប់តែសម្រួលដល់ខ្លួនឯងតែប៉ុណ្ណោះក្នុងរឿងក្ដីនេះ។
ជនជាប់ចោទ ខៀវ សំផន ថ្លែងថា ក្នុងនាមជាអង្គជំនុំជម្រះវិសាមញ្ញ គឺការធ្វើអ្វីៗ ផ្អែកលើភស្តុតាង។ ក៏ប៉ុន្តែ សវនាការរយៈពេលពីរថ្ងៃកន្លងមកនេះ មិនដូចការគិតទុករបស់គាត់ទេ។
សំឡេង៖ «អស់រយៈពេលពីរថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា វាខុសពីសេចក្ដីរំពឹងរបស់ខ្ញុំ។ នៅពេលចាប់ផ្ដើមសវនាការនោះ ខ្ញុំយល់ឃើញថា សហព្រះរាជអាជ្ញាបានត្រឹមតែធ្វើការចោទប្រកាន់ដោយស្មានៗ ការអះអាងដោយគ្មានភស្តុតាង និងផ្សាំរឿងនេះបន្តិច រឿងនោះបន្តិចតែប៉ុណ្ណោះ»។
សំឡេង៖ «អស់រយៈពេលពីរថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា វាខុសពីសេចក្ដីរំពឹងរបស់ខ្ញុំ។ នៅពេលចាប់ផ្ដើមសវនាការនោះ ខ្ញុំយល់ឃើញថា សហព្រះរាជអាជ្ញាបានត្រឹមតែធ្វើការចោទប្រកាន់ដោយស្មានៗ ការអះអាងដោយគ្មានភស្តុតាង និងផ្សាំរឿងនេះបន្តិច រឿងនោះបន្តិចតែប៉ុណ្ណោះ»។
ការថ្លែងបកទៅសហព្រះរាជអាជ្ញាដូច្នេះ គឺមិនខុសគ្នាប៉ុន្មានទេ ពីជនជាប់ចោទ នួន ជា ដែលថ្លែងកាលពីថ្ងៃទី ២២ វិច្ឆិកាថា តុលាការខ្មែរក្រហមមិនយុត្តិធម៌សម្រាប់គាត់។
ជនជាប់ចោទ ខៀវ សំផន ក្នុងវ័យ ៨០ ឆ្នាំ ថ្លែងបន្តថា គាត់មិនដឹងថា ត្រូវឆ្លើយតបសហព្រះរាជអាជ្ញា ជា លាង ដូចម្ដេចទេ ពីព្រោះតែការផ្ដល់សក្ខីកម្ម សុទ្ធតែមិនបញ្ចេញឈ្មោះ ហើយភាគច្រើនដកស្រង់ចេញពីសៀវភៅ និងអត្ថបទកាសែត ដែលអ្នកនិពន្ធទាំងនោះ មិនមែនជាចៅស៊ើបអង្កេតដោយគ្មានលំអៀង។
ជនជាប់ចោទ បដិសេធរាល់ការចោទប្រកាន់របស់សហព្រះរាជអាជ្ញា ដោយថ្លែងថា គាត់មិនមែនជាសមាជិករបស់គណៈអចិន្ត្រៃយ៍របស់បក្សកុម្មុយនិស្តកម្ពុជាទេ ព្រោះមិនឯកសារបញ្ជាក់ច្បាស់ ក្រៅពីកំណត់ហេតុប្រជុំ។ ជនជាប់ចោទបន្តទៀតថា គាត់មិនមែនប្រធានគណៈនយោបាយ ៨៧០ ហើយមិនជាប់ជំពាក់រឿងឧក្រិដ្ឋទាំងនោះទេ។
ទាក់ទងនឹងតួនាទីរបស់គាត់ជាប្រធានរដ្ឋគណៈប្រធានរដ្ឋ គឺគ្រាន់តែជាការតាំងឱ្យល្អមើលប៉ុណ្ណោះ គ្មានរូបរាងពិតប្រាកដទេ។ គាត់បានចំណោទមួទៀត៖ «ការដែលខ្ញុំត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យនោះ នាំឱ្យខ្ញុំឋិតនៅក្នុងសហឧក្រិដ្ឋកម្មរួម។ បើអ៊ីចឹង ហេតុដូចម្ដេចបានជាលោកមិនធ្វើការចោទប្រកាន់លើមហាវីរក្សត្រ នរោត្ដម សីហនុ ដែរទៅ?»។
បើទោះជាជនជាប់ចោទព្យាយាមភ្ជាប់ព្រះមហាវីរក្សត្រ ព្រះ នរោត្ដម សីហនុ ដូច្នេះក្ដី ក៏ច្បាប់រដ្ឋធម្មនុញ្ញបានចែងការពារមិនឱ្យប៉ះពាល់ព្រះអង្គបានឡើយ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោក និល ណុន ប្រកាសដល់ភាគីពាក់ព័ន្ធ និងសាធារណជនថា សវនាការពិភាក្សាពិនិត្យដេញដោលលើភស្តុតាងក្នុងសំណុំរឿងលេខ ០០២ នេះ សាលាដំបូងគ្រោងធ្វើនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១១ ចាប់ផ្ដើមពីម៉ោង ៩ ព្រឹកតទៅ៕
អាស៊ីសេរី
No comments:
Post a Comment
yes