ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តរតនគិរី ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើអំពើពុករលួយមានតម្លៃជាប្រាក់ជិត ៤០ម៉ឺនដុល្លារ ដែលបានពីការឃុបឃិតគ្នារវាងអាជ្ញាធរឃុំ និងស្រុក លក់ដីព្រៃស្រោងជាសម្បត្តិរបស់រដ្ឋនៅក្នុងស្រុកអូរយ៉ាដាវ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១១ បានអះអាងថា ដីតំបន់ព្រៃស្រោងចំនួន ៤៨០ហិកតារ ត្រូវបានគេលក់ដូរយកប្រាក់ចែកគ្នា រួមមានប្រជាពលរដ្ឋក្នុងភូមិ មន្ត្រីឃុំ និងមន្ត្រីអាជ្ញាធរស្រុក។
លោក រម៉ាស់ ឆ្វាង អាយុ ៤៥ឆ្នាំ គឺជាសមាជិកម្នាក់នៃសហគមន៍ជនជាតិដើមភូមិតេន។ លោកបានបញ្ជាក់ថា កូនរបស់លោកក៏បានទទួលចំណែកជាប្រាក់ចំនួន ២០០ដុល្លារពីការលក់ដីនោះក្នុងចំណោមប្រជាពលរដ្ឋក្នុងភូមិចំនួន ១៩០គ្រួសារ។
លោកបន្តថា ដីដែលគេលក់ជាដីតំបន់ព្រៃស្រោងអូរយ៉ាចត់ ក្នុងភូមិសាស្ត្រឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ត្រូវបានមេភូមិតេន លោក សល់ ជី អនុប្រធានភូមិ លោក រចំ ចើន និងស្មៀនឃុំលោក រចំ ហ្សក់ កាលពីថ្ងៃទី១៥ និង ១៦ ខែតុលា ឆ្នាំ២០១១ ពួកគេបានចុះទៅឲ្យអ្នកភូមិតាមគ្រួសារផ្ដិតមេដៃដើម្បីទទួលប្រាក់៖ «កន្លែងដែលគេទិញហើយគេចែកលុយហើយគេអត់ទាន់កាប់ទេ ប៉ុន្តែគេកាប់ៗនៅខាងកើតខាងភូមិប៉ក់ពោ គេទិញតពីភូមិប៉ក់ពោ រហូតមកដល់ភូមិតេន»។
កាលពីថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១១ លោក រម៉ាស់ ឆ្វាង បានធ្វើលិខិតដាក់ចូលមកការិយាល័យសមាគមការពារសិទ្ធិមនុស្សខេត្តរតនគិរី ដើម្បីជួយឲ្យអន្តរាគមន៍ទៅស្ថាប័នថ្នាក់ជាតិ សុំឲ្យចាត់វិធានការជាបន្ទាន់ការពារព្រៃឈើដែលអ្នកទិញដីនឹងត្រូវកាប់រាននៅពេលឆាប់ៗនេះ។
យោងលិខិតដែលលោក រម៉ាស់ ឆ្វាង បានឲ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០១១ មានឈ្មោះ តាលី និង តាម៉ក់ រស់នៅស្រុកអូរយ៉ាដាវ បានមកជួបលោកមេឃុំយ៉ាទុង គឺលោក យួង ជូ ហើយបន្ទាប់មកមេភូមិតេន បានដឹកនាំអ្នកភូមិប្រមាណ ១០០នាក់ កាប់ព្រៃអស់រយៈពេលពីរថ្ងៃ ដើម្បីកំណត់ព្រំដីសម្រាប់លក់ ហើយដីដែលឈ្មួញទិញមានតម្លៃ ៨០០ដុល្លារក្នុងដីមួយហិកតារ គិតជាទឹកប្រាក់សរុបមានចំនួន ៣៨៤.០០០ដុល្លារ។
ប្រភពបន្តថា មេឃុំទទួលចំណែកក្នុងតម្លៃដី ៣០ហិកតារ គិតជាប្រាក់ ២៤.០០០ដុល្លារ។ អភិបាលស្រុកទទួលចំណែកក្នុងតម្លៃដី ៤០ហិកតារ គិតជាប្រាក់ ៣២.០០០ដុល្លារ។ ចំណែកប្រជាពលរដ្ឋ ១៩០គ្រួសារ បានទទួលចំណែកជាប្រាក់សរុប ២០.០០០ដុល្លារ។ ដូច្នេះប្រាក់នៅសល់ពីការចែកគ្នាមានចំនួន ២៩៧.៦០០ដុល្លារ។
ប្រភពឲ្យដឹងទៀតថា អ្នកភូមិទាំងអស់កំពុងទាមទារប្រាក់ដែលនៅសល់ ២៩៧.៦០០ដុល្លារ និងប្រាក់ចំនួន ៧.០០០ដុល្លារផ្សេងទៀតដែលសហគមន៍ភូមិតេន បានពិន័យពីសហគមន៍ភូមិប៉ក់ពោ ដែលបានកាប់រានព្រៃសហគមន៍ភូមិតេន លក់ដើម្បីយកប្រាក់ទាំងអស់នោះមកចែកអ្នកភូមិឲ្យអស់ ក៏ប៉ុន្តែនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ មេភូមិ និងស្មៀនឃុំបានកោះហៅអ្នកភូមិទាំងអស់មកប្រជុំ ហើយគំរាមអ្នកភូមិមិនឲ្យតវ៉ាពីប្រាក់នៅសល់ ក៏ប៉ុន្តែអ្នកភូមិមិនយល់ព្រម ហើយនាំគ្នាដើរចេញពីអង្គប្រជុំ។
មេឃុំតេន គឺលោក យួង ជូ បានទទួលស្គាល់ថា ពិតជាមានការលក់ដីចែកប្រាក់គ្នាមែន។ លោកបញ្ជាក់ថា ក្រុមសហគមន៍ជាអ្នកលក់ដី ហើយក្រុមប្រឹក្សាឃុំបានឯកភាពដោយសារតែយល់ថា បើមិនលក់ដីនោះទេ អ្នកភូមិផ្សេងមានព្រំប្រទល់ភូមិជិតគ្នានោះបានកាប់រានព្រៃហើយលក់ដីនោះដូចគ្នា៖ «កុំច្រឡំថា មេឃុំលក់ មេភូមិលក់ មិនទេ សហគមន៍ទាំងអស់ទេ។ ចុះបើសហគមន៍គេឯកភាពមិនស៊ីញ៉េម៉េច? ក្រុមប្រឹក្សានៅស្រុកគេបានឲ្យ ៣០ហិកតារ រួចនៅឃុំមានតែ ២៥ទេ។ ទាំងអស់ក្រុមប្រឹក្សាហ្នឹងមិនមែនយកតែខ្ញុំទេ ចែកគ្នាទាំងអស់ ហើយទុកថវិកានៅក្នុងឃុំទៀត»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បានបញ្ជាក់ថា ផ្អែកលើលិខិតស្នើសុំកិច្ចអន្តរាគមន៍នេះ លោកយល់ឃើញថា ជារឿងពាក់ព័ន្ធទៅនឹងអំពើរំលោភច្បាប់ធ្ងន់ធ្ងរ។
លោកអះអាងថា នឹងធ្វើកិច្ចអន្តរាគមន៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំបើកការស៊ើបអង្កេតបន្ទាន់ក្នុងរឿងនេះ៖ «នេះជាការផ្គើន ហើយប្រឆាំងជាមួយការព្រមានរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកព្រមានតាំងពីយូរមកហើយ។ វាទាក់ទងនឹងអំពើពុករលួយហើយ»។
នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១១ នេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក វង សុកសិរី ដើម្បីអធិប្បាយពីបញ្ហានេះបាននៅឡើយ។
នេះគឺជាសេចក្ដីរាយការណ៍ពីអំពើរំលោភច្បាប់លក់ដីធ្លីរដ្ឋដ៏ធំមួយក្នុងចំណោមការលក់ដូរដី និងការកាប់ព្រៃឈើរានយកដីរដ្ឋជាច្រើនករណីទៀតដែលបានកើតមាននៅក្នុងខេត្តនេះ ហើយក្រុមអាជ្ញាធរខេត្តបានចាត់វិធានការបានលទ្ធផលតិចតួចបំផុត៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes