សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

បក្ស​ប្រជាជន​ជាប់​លេខ​រៀង​ទី​១​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៣

 មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាទរ​ចំពោះ​លទ្ធផល​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​ដាក់​លើ​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិកាល​ទី៣។


 មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​សម្រាប់​បោះ​ពុម្ព​លើ​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ខាង​មុខ គណបក្ស​ប្រជាជន​កម្ពុជា ជាប់​លេខ​រៀង​​​ទី​១ រី​ឯ​គណបក្ស សម រង្ស៊ី ជាប់​លេខ​រៀង​ទី​២។ 
លោក អ៊ឹម សួស្តី ជា​ប្រធាន គ.ជ.ប. ដែល​ចូល​រួម​ក្នុង​ពិធី​ចាប់​ឆ្នោត​យក​លំដាប់​លេខ​រៀង​គណបក្ស​ សម្រាប់​បោះ​ពុម្ព​សន្លឹក​ឆ្នោត នា​ទីស្ដីការ គ.ជ.ប. ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ពិធី​ចាប់​ឆ្នោត​ធ្វើ​ឡើង​ក្រោម​ព្រះ​វត្តមាន​សម្តេច​ព្រះមហា​សុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះសង្ឃ​​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រះអង្គ​បាន​ចាប់​ចំ​គណបក្ស​ប្រជាជន​កម្ពុជា ​ជាប់​លេខ​រៀង​ទី​១ និង​បក្ស សម រង្ស៊ី លេខ​រៀង​ទី​២។
ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ មាន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​​​បោះ​ឆ្នោត​តែ​ចំនួន​ពីរ​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី។ រី​ឯ​គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម ​រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​ទេ ​ដោយសារ​តែ​គណបក្ស​ទាំង​នេះ​មិន​មាន​សមាជិក​គ្រប់គ្រាន់។
លោក សោម សឿន ជា​សមាជិក​គណៈកម្មការ​កណ្ដាល និង​ជា​អនុ​ប្រធាន​ខុទ្ទកាល័យ​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ក្រោយ​ពិធី​ចាប់​ឆ្នោត​ថា ការ​ដែល​គណបក្ស​ខ្លួន​ជាប់​លេខ​រៀង​ទី​១ សម្រាប់​បោះ​ពុម្ព​សន្លឹក​ឆ្នោត​ព្រឹទ្ធ​សភា​​អាណត្តិ​ទី​៣ ជា​សញ្ញា​បង្ហាញ​ទៅ​រក​ភាព​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ខាង​មុខ។
លោក សោម សឿន បន្ថែម៖ «គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​រាល់​លក្ខណៈ​សម្បត្តិ​សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោត ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នេះ»។ 
ទោះ​ជា​បែប​នេះ​ក្តី លោក គួយ ប៊ុនរឿន ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី។ លោក​មាន​​ប្រសាសន៍​​ថា គណបក្ស សម រង្ស៊ី មិន​សំខាន់​លើ​ការ​ចាប់​បាន​លេខ​រៀង​ទី​១ ឬ​ទី​២ សម្រាប់​បោះ​ពុម្ព​សន្លឹក​ឆ្នោត​នេះ​ទេ។ លោក​ថា សំខាន់​គឺ​ប្រសិទ្ធភាព​របស់​សមាជិក​ព្រឹទ្ធ​​សភា​ពី​ការ​គិតគូរ​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ ពិសេស​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ឯ​ណោះ​ទេ ទើប​សំខាន់​ជាង។ 
លោក​រំពឹង​ថា ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី អាច​នឹង​ទទួល​បាន​ចំនួន​អាសនៈ​កើន​លើស ៥​ដង លើ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​២ ដែល​មាន​តែ​ពីរ​អាសនៈ៖ «អ្វី​ដែល​សំខាន់​ជា​ទិសដៅ​គណបក្ស សម រង្ស៊ី នៅ​ពេល​ដែល​យើង​ទទួល​បាន​តំណែង​ជា​សមាជិក​ព្រឹទ្ធ​សភា​នោះ គឺ​យើង​ត្រូវ​តែ​យក​តួនាទី​របស់​ខ្លួន ត្រូវ​បំពេញ​កាតព្វកិច្ច​បម្រើ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការពារ​ផល​​ប្រយោជន៍​ជាតិ វា​សំខាន់​ជាង​លំដាប់​លេខ​រៀង​ទៅ​ទៀត»។ 
មន្ត្រី គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា គឺ​ជា​ការ​បោះ​ឆ្នោត​តាម​បែប​អសកល ដែល​មាន​អ្នក​បោះ​ឆ្នោត និង​អង្គ​បោះ​ឆ្នោត គឺ​ជា​តំណាងរាស្ត្រ​ស្ថិត​ក្នុង​តំណែង និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ទាំង​អស់​ក្នុង​តំណែង នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ភូមិ​ភាគ​នីមួយៗ​តែប៉ុណ្ណោះ។
មន្ត្រី គ.ជ.ប. បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​អាសនៈ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ឆ្នាំ​២០១២ ខាង​មុខ សរុប​មាន​ចំនួន ៥៧​អាសនៈ។
ចំនួន​អាសនៈ​តាម​ភូមិ​ភាគ​នីមួយៗ​មាន ភូមិ​ភាគ​ទី​១ ក្រុង​ភ្នំពេញ មាន ៦​អាសនៈ ភូមិ​ភាគ​ទី​២ ខេត្ត​កំពង់ចាម មាន ៨​អាសនៈ ភូមិ​ភាគ​ទី​៣ ខេត្ត​កណ្ដាល មាន ៥​អាសនៈ ភូមិ​ភាគ​ទី​៤ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តមានជ័យ និង​ប៉ៃលិន មាន ១០​អាសនៈ ភូមិ​ភាគ​ទី​៥ ខេត្ត​តាកែវ កំពត និង​ក្រុង​កែប មាន ៧​អាសនៈ ភូមិ​ភាគ​ទី​៦ ខេត្ត​ព្រៃវែង និង​ស្វាយរៀង មាន ៧​អាសនៈ ភូមិ​ភាគ​ទី​៧ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង និង​ខេត្ត​ព្រះសីហនុ មាន ៨​អាសនៈ និង​ភូមិ​ភាគ​ទី​៨ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី មាន ៦​អាសនៈ៕


អាស៊ីសេរី

No comments:

Post a Comment

yes