សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

ប្រទេស​៥​ស្នើ​សុំ​ពន្យារ​ពេល​នៃ​ការ​អនុវត្ត​លើ​អនុសញ្ញា​ក្រុង​អូតាវ៉ា

 កិច្ច​ប្រជុំ​អន្តរជាតិ​លើក​ទី​១១ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​ក្រុង​អូតាវ៉ា (Ottawa) ប្រទេស​កាណាដា ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ នោះ ចង់​ឃើញ​ប្រទេស​ចិន និង​ប្រទេស​ភូមា ដែល​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នោះ គប្បី​ចុះ​ហត្ថលេខា ក្លាយ​ជា​រដ្ឋ​ហត្ថលេខី​បន្ថែម​លើ​ប្រទេស​ចំនួន ១៥៨ ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ។


 ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​អន្តរជាតិ​លើក​ទី​១១ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូតាវ៉ា ស្ដីពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​មីន និង​គ្រាប់បែក​ចង្កោម​នោះ បាន​ទទួល​យក​សំណើ​ពី​ប្រទេស​ចំនួន​៥ ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល​នៃ​ការ​អនុវត្ត​លើ​អនុសញ្ញា​នេះ សំរាប់​រយៈពេល ១០​ឆ្នាំ​ទៀត ដោយសារ​តែ​ប្រទេស​ទាំង​នោះ​បាន​អះអាង​ថា ពួកគេ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​នៅ​ឡើយ ។ ចំណែក​ឯ​ប្រទេស​កម្ពុជា ក៏​នៅ​មិន​ទាន់​បាន​សំរេច​តាម​សំណើ​នោះ​នៅ​ឡើយ​ដែរ។
អនុសញ្ញា​ក្រុង​អូតាវ៉ា ប្រទេស​កាណាដា (Canada) នោះ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៩៧ ដែល​បាន​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម ហាមឃាត់​ការ​ផលិត​គ្រាប់មីន ការ​ជួញដូរ​គ្រាប់​មីន និង​ការ​ស្តុក​ទុក​គ្រាប់​មីន។ សំណើ​សុំ​ពន្យារ​ពេល​អនុវត្ត​អនុសញ្ញា​នោះ គេ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​រៀង​រាល់ ៥​ឆ្នាំ​ម្ដង ឬ ១០​ឆ្នាំ​ម្ដង។
អ្នក​សម្របសម្រួល​ផ្នែក​ព័ត៌មាន​ស្ដីពី​កិច្ច​ប្រជុំ​ហាមឃាត់ ការ​ប្រើប្រាស់​គ្រាប់មីន លោក ខេរី ប្រីនឃឺត (Kerry Brinkert) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា នៅ​ឯ​វិមាន​សន្តិភាព ដោយ​​ផ្ដោត​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​ដំបូង​ថ្មីៗ​នេះ​ថា គ្មាន​ចំលើយ​ណា​មួយ​ចំពោះ​ការ​ស្នើ​សុំ​របស់​ប្រទេស​ចំនួន ៥​នោះ​នៅ​ឡើយ​ទេ រហូត​ដល់​ថ្ងៃ​សុក្រ សប្តាហ៍​នេះ ជា​ថ្ងៃ​បិទ​កិច្ច​ប្រជុំ។
លោក ខេរី ប្រីនឃឺត៖ «គ្មាន​ចំលើយ​ណា​មួយ​ត្រូវ​បាន​ធ្វើ​នៅ​ឡើយ​ទេ។ ចំលើយ​នោះ​ទៀតសោត មិន​មែន​ចំលើយ​សាមញ្ញ (បាទ ឬ​ក៏​ទេ) ឡើយ។ អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នោះ គឺ​ប្រធាន​នៃ​កិច្ច​ប្រជុំ​អន្តរជាតិ​នេះ (លោក ប្រាក់ សុខុន) កំពុង​តែ​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​នៃ​សេចក្ដី​សំរេច​មួយ​ចំពោះ​សំណើ​នោះ ដើម្បី​ចែក​ជូន​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍»
លោក​បាន​បន្ត​ថា ប្រទេស​ចិន មិន​មែន​ជា​ប្រទេស​ហត្ថលេខី​លើ​អនុសញ្ញា​នេះ​ទេ ប៉ុន្តែ​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នានា​បាន​ទៀង​ទាត់។ ចំណែក​ឯ​ប្រទេស​ភូមា​វិញ មិន​បាន​ចូល​រួម​ប្រជុំ​នានា​ទៀង​ទាត់​ទេ​កន្លង​មក។ 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​អន្តរជាតិ​នេះ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា នេះ បាន​មាន​ប្រសាសន៍​ថា សង្គ្រាម​បាន​បញ្ចប់​នៅ​កម្ពុជា​មែន កាល​ពី​ពីរ​ទសវត្ស​កន្លង​ទៅ​នេះ ប៉ុន្តែ​សម្រែក​របស់​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​តែ​បន្ត៖ «ការ​ដោះ​មីន​ជា​លក្ខណៈ​មនុស្ស​ធម៌​បាន​ចាប់​ផ្ដើម​ពិត​ប្រាកដ​នៅ​ឆ្នាំ​១៩៩២ ដើម្បី​ផ្ដល់​ដី​សុវត្ថិភាព​ជូន​ជន​ភៀស​ខ្លួន​ជាង ៣៥​ម៉ឺន​នាក់ ដែល​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​ក្រោម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»
ប្រទេស​ចំនួន ៥ ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល​ការ​អនុវត្ត​តាម​អនុសញ្ញា​ក្រុង​អូតាវ៉ា​នោះ មាន​ដូច​ជា ទី​១ ប្រទេស​ឈីលី (Chile) ទី​២ សាធារណរដ្ឋ​កុងហ្គោ (Republic of Congo) ទី​៣ ប្រទេស​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic of Congo) ទី​៤ ប្រទេស​អាល់ហ្សេរី (Algeria) និង​ទី​៥ ប្រទេស​អេរីត្រ (Eritrea)។  
ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក មាន​ប្រទេស​ចំនួន ១៥៨ បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ក្រុង​អូតាវ៉ា ប្រទេស​កាណាដា​នោះ។ មាន​ប្រទេស​ចំនួន ៥៤ នៅ​ក្នុង​ចំណោម​ប្រទេស ១៥៨​នោះ ត្រូវ​តែ​អនុវត្ត​តាម​អនុសញ្ញា​នោះ​ឲ្យ​បាន​ពេញលេញ។ ប្រទេស​ចំនួន ១៩ ក្នុង​ប្រទេស ៥៤​នោះ បាន​អនុវត្ត​បាន​ពេញលេញ​ហើយ ប៉ុន្តែ​នៅ​មាន​ប្រទេស ៣៥​ទៀត កំពុង​តែ​អនុវត្ត​នៅ​ឡើយ៕


អាស៊ីសេរី

No comments:

Post a Comment

yes