នៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅកម្ពុជា) ភាគីថៃបានឡើងបកស្រាយនូវជំហររបស់ខ្លួនទៅលើ រឿងក្តីជម្លោះនៃប្រាសាទព្រះវិហារ នៅក្នុងសវនាការផ្ទាល់មាត់ នៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់នៅថ្ងៃទីពីរនេះ។
លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសហូឡង់បានឡើងមកបកស្រាយតំណាងឲ្យភាគីថៃ រួមទាំងមេធាវីបរទេសរបស់ខ្លួន និងបានព្យាយាមលើកឡើងនូវឯកសារភស្តុតាង ដើម្បីធ្វើការ ការពារប្រឆាំងនឹង ការចោទប្រកាន់របស់ប្រទេសកម្ពុជា ដែលថាប្រទេសថៃ បានរំលោភលើសាលក្រមឆ្នាំ ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។
ភាគីថៃបានព្យាយាមពន្យល់ថា បញ្ហាប្រាសាទព្រះវិហារដែលសាលក្រមឆ្នាំ ១៩៦២ បានកាត់ឲ្យកម្ពុជាឈ្នះ គឺមិនពាក់ព័ន្ធនឹងបញ្ហាព្រំដែនឡើយ។ ភាគីថៃយល់ថា សាលក្រមឆ្នាំ ១៩៦២ កាត់ឲ្យតែប្រាសាទព្រះវិហារទេ មកកម្ពុជា ដោយភាគីថៃបានបង្ហាញនូវឯកសារដែលគូសឡើងជាឯកតោភាគី ដែលទាមទារដីទំហំ ៤.៦ គីឡូម្រ៉ែតការ៉េ ដែលនៅជិតតំបន់ប្រាសាទព្រះវិហារជាថារបស់ខ្លួន។
យោងតាមកាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃ បានរាយការណ៍ឲ្យដឹងថា ភាគីថៃបានត្រៀមរួចរាល់ក្នុងការបង្ហាញភស្តុតាង ប្រឆាំងនឹងការចោទប្រកាន់របស់កម្ពុជា ដែលកម្ពុជាបានប្រាប់តុលាការថា ថៃបានសង់របងបន្លាលួសជាឯកតោភាគី ដែលមិនស្ថិតនៅក្នុងសាលក្រមឆ្នាំ ១៩៦២។
បាងកកប៉ុស្តិ៍បានដកស្រង់ប្រភពពីរដ្ឋមន្ត្រីក្រសួងការបរទេសថៃថា ភាគីថៃនឹងបង្ហាញតុលាការថា នៅពេលនោះ សម្តេចព្រះនរោត្តម សីហនុ បានយាងទៅដល់ប្រាសាទព្រះវិហារ បន្ទាប់ពីថៃបានដាក់របងបន្លាលួស ហើយនៅពេលនោះគ្មាននរណាម្នាក់ប្រឆាំងនឹងការដាក់នោះឡើយ។
ចំពោះរឿងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃវិញ សាលក្រមឆ្នាំ ១៩៦២មិនបានចែងក្នុងសចក្តីសន្និដ្ឋាននៃសាលក្រមទេ គ្រាន់តែសម្រេចទៅលើ ៣ចំណុចគឺ ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដី ដែលស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា, ថៃត្រូវដកកងទ័ពខ្លួនចេញពីប្រាសាទ និងពីជុំវិញប្រាសាទដែលជាទឹកដីស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា និងថៃត្រូវប្រគល់មកវិញ នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ប៉ុន្តែតុលាការបានសម្រេចដោយយោងតាមសេចក្តីសំអាង អនុលោមតាម ខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១ នៃអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដើម្បីកំណត់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។
កាលពីថ្ងៃចន្ទ ទី១៥ ខែមេសា លោកឧបនាយករដ្ឋមន្ត្រីកម្ពុជា ហោ ណាំហុង បានលើកឡើងថា កម្ពុជាមកនេះ មិនមែនស្នើរសុំឲ្យកំណត់បន្ទាត់ព្រំដែនទេ ត្បិតអ្វីៗបានសម្រេចរួចទៅហើយតាំងពីឆ្នាំ១៩៦២។ អ្វីដែលកម្ពុជាចង់បាន គឺស្នើរសុំឲ្យតុលាការបកស្រាយអំពីអត្ថន័យ និងវិសាលភាពរបស់សាលក្រមនោះឲ្យបានច្បាស់ឡើងវិញប៉ុណ្ណោះ។
No comments:
Post a Comment
yes