មានប្រជាពលរដ្ឋមួយចំនួនទៀត បានយកក្រណាត់ចងក្បាល សរសេរពាក្យស្លោក អំពីការបណ្តេញពួកគាត់ចេញពីលំនៅស្ថាន សុំតុលាការផ្តល់យុត្តិធម៌ឲ្យពួកគាត់ ហើយពួកគាត់ជាជនរងគ្រោះ ដែលការអភិវឌ្ឍធ្វើឲ្យរាស្ត្រស្រក់ទឹកភ្នែក ព្រមទាំងមានពាក្យស្លោកផ្សេងៗទៀត ដែលពលរដ្ឋព័ទ្ធឆៀង និងជួតលើក្បាល។
ជាមួយនឹងការទាមទារនោះ ប្រជាពលរដ្ឋបាននាំគ្នាស្រែយំ នៅចំពោះមុខតុលាការ ហើយមានអ្នកខ្លះបានលុតជង្គង់ សុំឲ្យផ្តល់យុត្តិធម៌ដល់ពួកគាត់ ។ ក្រុមប្រជាពលរដ្ឋបានថ្លែងថា ពួកគាត់គ្មានកំហុស បែរជាធ្វើទោសមកលើពួកគាត់ទៅវិញ។ ចំណែកដីនៅតំបន់បឹងកក់ចំនួន ១២,៤៤ ហិកតា ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឲ្យប្រជាពលរដ្ឋបឹងកក់ហើយនោះ អាជ្ញាធរមិនព្រមផ្តល់ឲ្យទៅវិញ បែរជានាំគ្នាហែកហួរយកពីប្រជាពលរដ្ឋទៅវិញ។
មកដល់វេលាម៉ោង ៩ និង ១០នាទី ព្រឹកថ្ងៃទី២វិច្ឆិកានេះ ក្រុមប្រជាពលរដ្ឋតំបន់បឹងកក់ នៅតែនាំគ្នាស្រែកយំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការផ្តល់យុត្តិធម៌ដល់ពួកគាត់ ហើយក៏មិនមានការរារាំងពីសមត្ថកិច្ចដែរ ។ ពួកគាត់បាននាំគ្នាដុតធូបនៅមុខតុលាការ មានការច្រៀងបទចម្រៀង ការអភិវឌ្ឍធ្វើឲ្យប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋ និងមានការស្មូតនូវពាក្យផ្សេងៗ ដែលជាការប៉ះពាល់ដល់ការអភិវឌ្ឍរបស់ពួកគាត់ទាំងអស់។ ជាមួយគា្ននោះ នៅលើកំណាត់ផ្លូវមុខតុលាការ ពីជើងទៅត្បូង មានការដាក់បារាស់បិទផ្លូវផងដែរ។
នៅព្រឹកនេះដែរ ប្រជាពលរដ្ឋដែលតុលាការកោះហៅមកសាកសួរនៅតុលាការ មានឈ្មោះ ជេត វណ្ណី និងឈ្មោះ ស្រី មុំ ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់មេធាវីឈ្មោះ អ៊ុង សុផល ដែលប្រជាពលរដ្ឋប្តឹងពីបទបរិហារកេរ្តិ៍៕
BY: CEN
No comments:
Post a Comment
yes