សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 1, 2011

HRW ស្នើ​ឲ្យ​រដ្ឋាភិបាល​​កែ​សម្រួល​បទបញ្ញត្តិ​លើ​ក្រុមហ៊ុន​នាំ​ពលករ​ចេញ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch=HRW) នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​សម្រួល​បទបញ្ញត្តិ​មួយ​ចំនួន ដើម្បី​គ្រប់គ្រង​លើ​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង។


RFA/Sok Serey
រថយន្ត​ពេទ្យ​ចូល​ដឹក​សាកសព​ស្ត្រី​ពលករ​ដែល​ស្លាប់​នៅ​
ក្នុង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ឈ្មោះ ធី & ភី ខូអិធីឌី (T & P Co., Ltd.)
 នៅ​ក្នុង​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១១។

 ការ​ស្នើ​នេះ​ដោយសារ​តែ​គេ​បាន​រក​ឃើញ​ថា មាន​ស្ត្រី និង​កុមារ​ជា​ច្រើន​ពាន់​នាក់​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ទទួល​បាន​នូវ​ការ​ការពារ​តិចតួច​ណាស់​ពី​ការ​បង្ខាំង​ខ្លួន​ខុស​ច្បាប់​នៅ​ក្នុង​មណ្ឌល​ហ្វឹកហ្វឺន​នៅ​កម្ពុជា។ 
អំពើ​រំលោភ​បំពាន​ទាំង​នោះ​មាន​ដូច​ជា ក្រុមហ៊ុន​ជ្រើសរើស​ពលករ​បាន​បង្ខាំង​ពលករ​ខុស​ច្បាប់ និង​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ។ គ្មាន​ថ្នាំ​ព្យាបាល​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ។ ពលករ​រង​ការ​គំរាម​ប្ដឹង និង​ចាប់​ខ្លួន​ពី​តំណាង​ក្រុមហ៊ុន បើ​សិន​ណា​ពលករ​រត់​គេច​ខ្លួន ហើយ​ពលករ​មួយ​ចំនួន​ទៀត​មិន​បាន​ទទួល​ប្រាក់​ខែ​ទេ។ 
កន្លង​មក​មាន​សេចក្ដី​រាយការណ៍​ជា​បន្ត​បន្ទាប់​មក​ថា ពលករ​កម្ពុជា​តែងតែ​រង​ការ​បោកប្រាស់ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​គ្រប់​ជំហាន។
នាយក​ផ្នែក​ច្បាប់ និង​គោលនយោបាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឈ្មោះ Human Rights Watch លោក ជេម រ៉ូស ( James Ross ) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នៅ​សណ្ឋាគារ​កាំប៊ូឌីយ៉ាណា (Cambodiana Hotel) ថា លោក​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​មក​លើ​កម្មករ​បែប​នេះ៖ «ចំណុច​មួយ​នៃ​អនុសាសន៍​របស់​យើង​ជូន​រដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវ​ការ​ធ្វើការ​កែ​សម្រួល​បទបញ្ញត្តិ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​គ្រប់គ្រង​លើ​ក្រុមហ៊ុន​នាំ​ចេញ​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី»


 ១-វិច្ឆិកា-២០១១៖ មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឈ្មោះ 
Human Rights Watch ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ពលករ​កម្ពុជា 
នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណ។ RFA/Sok Serey

 សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ពលករ​កម្ពុជា​មួយ​ចំនួន​បាន​ដាច់​ការ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​កន្លង​មក គឺ​មិន​ដឹង​ថា ពលករ​នោះ​នៅ​រស់ ឬ​ស្លាប់ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​ក៏​មិន​ដឹង។ រដ្ឋាភិបាល​ហាក់​ដូច​ជា​ពុំ​មាន​យន្តការ​ដោះស្រាយ​ច្បាស់លាស់​នៅ​ឡើយ​ដើម្បី​ជួយ​សង្គ្រោះ និង​ដោះស្រាយ​លើ​បញ្ហា​នេះ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ ដែល​តែងតែ​តាមដាន​ស្ថានការណ៍​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី កន្លង​មក បាន​មាន​ប្រសាសន៍​ថា នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​កន្លង​មក​បាន​បង្ក្រាប និង​ចាប់​ខ្លួន​មនុស្ស​របស់​ក្រុមហ៊ុន ធី អែន ភី ( T&P ) ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​នេះ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។
លោក​បន្ត​ថា៖ «អាជ្ញាធរ​គួរ​តែ​បន្ត​ធ្វើ​ត​ទៅ​ទៀត ដើម្បី​រក​មុខ​ដែល​ទទួល​ខុស​ត្រូវ​ធំ ទទួល​ខុស​ត្រូវ​មែន​ទែន។ មនុស្ស​តូចតាច​ក្លាយ​ជា​ជន​រង​គ្រោះ​ឲ្យ​ទទួល​ទោស​ជំនួស​អ្នក​ដែល​បញ្ជា​គាត់​ឲ្យ​ធ្វើ»
អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក​ឧត្ដមសេនីយ៍​ត្រី ជីវ ផល្លី បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន ធី អែន ភី ឈ្មោះ សម ពិសី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ក្រោម​បទ​ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់។
លោក​សង្ស័យ​ថា ជន​សង្ស័យ​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​បរទេស៖«ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន ធី អែន ភី  ហ្នឹង មក​ដល់​ម៉ោង​នេះ​អត់​មាន​ពលការិនី​ទៀត​ទេ បាន​ន័យ​ថា នៅ​ក្នុង​ក្រុមហ៊ុន ខាង​តុលាការ​បាន​ឲ្យ​ទៅ​ផ្ទះ​អស់​ហើយ។ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ ដូច​ជា​ប្រធាន​ក្រុមហ៊ុន យើង​មាន​ដីកា​ហើយ យើង​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​គាត់»។ 
ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា លោក អ៊ន ប៊ុនហាក់។ លោក​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​លាត​ត្រដាង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ៖ «ក៏ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​របាយការណ៍​មួយ​ដែល​ថា ឲ្យ​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ធ្វើ​ការ​សហការ​ឲ្យ​បាន​ជិតដិត​ជាមួយ​សង្គម​ស៊ីវិល។ នេះ​ហើយ​គឺ​ជា​ចំណុច​មួយ​ដែល​យើង​គួរ​ធ្វើ​ការ​រួម​គ្នា គ្មាន​នរណា​ម្នាក់​ជា​វីរជន​ជួយ​ប្រជាជន​ខ្មែរ​តែ​ម្នាក់​ឯង​នោះ​ទេ»
រហូត​មក​ដល់​ពេល​នេះ​មាន​ពលករ​កម្ពុជា សរុប ៥​ម៉ឺន​នាក់ ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ​មាន​ពលករ​ចំនួន​ជាង ៣​ម៉ឺន​នាក់ បម្រើ​ការងារ​នៅ​តាម​ផ្ទះ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​សរុប​ចំនួន ៣៤ នៅ​កម្ពុជា។ ដោយ​ឡែក​ក្រុមហ៊ុន ធី អែន ភី បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង​ហើយ ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​សារាចរ​ចុះ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ ប៉ុន្តែ​នៅ​មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដទៃ​ទៀត នៅ​កំពុង​តែ​ដំណើរការ​ជា​ធម្មតា​នៅ​ឡើយ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes