សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 6, 2011

នាយក​រស្មី​ហង្សមាស ទម្លាយ​ពី​ការ​លា​ឈប់​របស់ សុគន្ធ និសា ក្រោយ​បែក​បាក់​ស្នេហា


  បន្ទាប់​ពី​ផ្ទុះ​នូវ​ការ​ចែក​ផ្លូវ​រវាង​តារា​ចម្រៀង​​ស្រី​របស់​ផលិត​កម្ម ​រស្មី​ហង្ស​មាស នាង សុគន្ធ និសា និង​អ្នក​ដឹក​នាំ​សម្តែង និង​និពន្ធ​បទ​ចម្រៀង​លោក សុខ ជំនោរ មក នៅ​ពេល​នេះ តារា​ចម្រៀង​សាច់​ស​ខ្ចី សុគន្ធ និសា បាន​សម្រេច​ចិត្ត​ចាក​ចោល​ផលិត​កម្ម​​រស្មី​ហង្ស​មាស​ដែល​ធ្លាប់​ជួយ​លើក​ មុខ​មាត់​ឲ្យ​នាង​ល្បី​ជា​ផ្លូវ​ការ​ហើយ​។ ទាក់​ទិន​នឹង​ការ​ដើរ​ចេញ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ លោក អ៊ឹង សុង​លាភ នាយក​ផលិត​កម្ម​រស្មី​ហង្ស​មាស បាន​ចេញ​មុខ​បក​ស្រាយ​លម្អិត​ជុំវិញ​បញ្ហា​ចម្បង​នៃ​ការ​ចាក​ចេញ​នេះ​។
ចំណង​ស្នេហ៍​ធ្លាប់​តែ​ផ្អែម​ល្ហែម​នឹង​គ្នា​រវាង​តារា​ចម្រៀង សុគន្ធ និសា និង​កវី​និពន្ធ​លោក សុខ ជំនោរ រយៈ​ពេល​៧​ឆ្នាំ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​មិន​អាច​ត្រឡប់​ក្រោយ​កាល​ ប៉ុន្មាន​ខែ​មុន​នេះ។
ទាក់​ទិន​នឹង​ការ​ចែក​ផ្លូវ​គ្នា​ក្រោយ​ការ​ខិត​ខំ​កសាង​ជីវ​ភាព​​រួម​គ្នា​ យ៉ាង​លំបាក​ មុន​នឹង​មាន​ជីវ​ភាព​ថ្មី​នៅ​ថ្ងៃ​នេះ សុគន្ធ និសា បាន​ទទួល​ស្គាល់​ថា នាង​ជា​អ្នក​សុំ​បញ្ចប់​ស្នេហា​មួយ​នេះ ប៉ុន្មាន​ភាព​អាថ៌ កំបាំង​នៅ​ក្នុង​គ្រួសារ​គ្មាន​ខាន់ស្លា​មួយ​នេះ មិន​ត្រូវ​បាន​ទម្លាយ​ជា​ផ្លូវ​ការ​នោះ​ឡើយ​ ដោយ​តារា​ចម្រៀង​ សុគន្ធ និសា បាន​ប្រាប់​ត្រឹម​ពាក្យ​យ៉ាង​ខ្លី តែ​មាន​ន័យ​​ជ្រៅ​ថា នាង​មិន​អាច​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​សភាព​ដូច​ទឹក និង​ប្រេង​ បាន​ទេ​។ រីឯ​លោក សុខ ជំនោរ​ ក៏​មិន​បាន​និយាយ​អ្វី​ក្បោះ​ក្បាយ​ដែរ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា សុគន្ធ និសា ជា​អ្នក​បោះ​បង់​ចោល​ស្នេហា​របស់​លោក​។
ក្រោយ​រឿង​រ៉ាវ​ស្នេហា​ក្នុង​ទ្រនំ​ហង្ស​មាស​តែ​មួយ​ត្រូវ​បាន​បញ្ចប់​ នៅ​ពេល​នេះ តារា​ចម្រៀង​ម្ចាស់​បទ«​កំដរ​បង​​យំ​មុន​ពេល​បែក​» បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ផលិត​ធំ​ដែល​ជា​ទ្រនំ​ដ៏​សុខ​សាន្ត​រស្មី​ហង្ស ​​មាស​ជា​ផ្លូវ​ការ​ហើយ​ ដែល​ហេតុ​ផល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយ​សារ​តែ​នាង​មិន​អាច​ប្រឈម​មុខ​ជា​មួយ​អតីត​គូស្នេហ៍​លោក សុខ ជំនោរ​ បាន​។
ពាក់​ព័ន្ធ​នឹង​ការ​ដើរ​ចេញ​របស់​តារា​ចម្រៀង​រូប​នេះ លោក អ៊ឹង សុង​លាភ នាយក​គ្រប់​គ្រង​ផលិត​កម្ម​រស្មី​ហង្សមាស​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង សុគន្ធ និសា បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ផលិត​កម្ម​រស្មី​ហង្ស​មាស​កាល​ពី​ខែ​វិច្ឆិកា ឥឡូវ​នាង​ឈប់​ជា​ផ្លូវ​ការ​ហើយ​។
លោក​មាន​ប្រសាសន៍​ថា៖ «​បាទ! និសា គាត់​ពិត​ជា​បាន​ឈប់​ពី​ហង្សមាស​ហើយ គឺ​គាត់​បាន​ឈប់​កាល​ពី​ខែ​មុន​នេះ​»។
ជាមួយ​គ្នា​នឹង​ហេតុ​ផល​ម្អិត​ជុំវិញ​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​រស្មី​ ហង្ស​មាស​របស់​ សុគន្ធ និសា នេះ លោក​ អ៊ឹង សុង​លាភ បាន​ឲ្យ​ដឹង​ថា ការ​លា​ឈប់​របស់ សុគន្ធ និសា នេះ គឺ​មាន​ការ​ពាក់​ព័ន្ធ​នឹង​កត្តា​២​យ៉ាង ទី​១ គឺ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១​នេះ នាង​ត្រូវ​ផុត​កុង​ត្រា​ការងារ​ជាមួយ​ហង្ស​មាស ហើយ​មួយ​ទៀត​​ដែល​សំខាន់​នោះ គឺ​មាន​ការ​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​របស់​សុគន្ធ និសា​ ដែល​កំពុង​ប្រឈម​នឹង​ការ​បែក​បាក់​ស្នេហា​ជាមួយ​នឹង​លោក​ សុខ ជំនោរ​។
លោក​បាន​ប្រាប់​ថា៖ «​អារឿង​គាត់​ឈប់​ហ្នឹង ការងារ​ហ្នឹង គឺ​វា​មាន​ការ​ពាក់​ព័ន្ធ​គ្នា​នឹង​រឿង​កុង​ត្រា​មួយ គឺ​នាង​ត្រូវ​ផុត​កុង​ត្រា​ជា​មួយ​នឹង​ហង្ស​មាស​កាល​ពី​ខែ​វិច្ឆិកា ហើយ​គាត់​សម្រេច​ចិត្ត​ថា​មិន​ចង់​បន្ត ព្រោះ​នោះ​ប្រហែល​ជា​វា​មាន​ការ​ពាក់​ព័ន្ធ​នឹង​រឿង​មួយ​ទៀត​គឺ​ផ្លូវ អារម្មណ៍​របស់​គាត់​នៅ​ពេល​បច្ចុប្បន្ន​»។
ជា​ការ​ពិត​ណាស់ អ្នក​ណា​ក៏​សរសើរ​ថា ផលិត​កម្ម​រស្មី​ហង្ស​មាស ជា​ផលិត​កម្ម​ធំ​ និង​មាន​ការ​គ្រប់​គ្រង់​ច្បាស់​លាស់​ ពិសេស​គឺ​មាន​ការ​បែង​ចែក​យ៉ាង​ត្រឹម​ត្រូវ​រវាង​ការងារ និង​រឿង​ផ្ទាល់​ខ្លួន​។ ដូច្នេះ​រឿង​ការ​បែក​បាក់​ស្នេហា​រវាង​ សុគន្ធ និសា និង សុខ ជំនោរ គួរ​តែ​ត្រូវ​បាន​ទុក​មួយ​ឡែក និង​ត្រូវ​គិត​ពី​ការងារ មិន​គួរ សុគន្ធ និសា ចាក​ចោល​ទ្រនំ​ដែល​ធ្លាប់​តែ​ផ្តល់​សេច​ក្តី​សុខ​ឲ្យ​នាង​គ្រប់​ពេល​នោះ​។
ត្រង់​ចំណុច​នេះ នាយក​ផលិត​កម្ម​រស្មី​ហង្ស​មាសបាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ក៏​ធ្លាប់​បាន​និយាយ​ជាមួយ សុគន្ធ និសា ដែរ រវាង​ការ​ងារ និង​សេច​ក្តី​ស្នេហា គឺ​មាន​ន័យ​ថា ថ្វី​ដ្បិត​តែ​ពួក​គេ​បាន​បែក​គ្នា​មែន ក៏​ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​គឺ​ចង់​ឲ្យ​ពួក​គេ​នៅ​តែ​រក្សា​ការ​បន្ត​ការងារ​ ដដែល​ ការងារ​ផ្សេង ស្នេហា​ផ្សេង​ មិន​ចង់​ឲ្យ សុគន្ធ និសា ឈប់​នោះ​ទេ​។ លោក​បាន​បន្ត​ថា ឥឡូវ​ហ្នឹង នាង​មាន​បញ្ហា​ខាង​អារម្មណ៍​ផ្លូវ​ចិត្ត ដូច្នេះ​ឲ្យ​នាង​សម្រាក​សិន​ទៅ តែ​បើ​តារា​ចម្រៀង​រូប​នេះ នាង​គិត​ច្បាស់​លាស់​ហើយ​ចាំ​គិត​ទៀត​។
លោក អ៊ឹង សុង​លាភ បាន​មាន​ប្រសាសន៍​ថា៖​«​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​ និសា ពី​រឿង​នេះ ខ្ញុំ​ថា ការងារ​ផ្សេង ស្នេហា​ផ្សេង តែ​ដូច​ដឹង​ស្រាប់​ហើយ​ថា ឥឡូវ​ហ្នឹង​អារម្មណ៍​គាត់​មិន​ល្អ គាត់​មាន​បញ្ហា​ផ្នែក​អារម្មណ៍ មិន​ជ្រះ​ស្រឡះ​ទេ។ អ៊ីចឹង​ឲ្យ​គាត់​សម្រាក​សិន​ទៅ​ តែ​បើ​គាត់​គិត​ថា បាន​ល្អ​ប្រសើរ​វិញ​ហើយ​ចង់​ធ្វើ​ការ​វិញ ក៏​មក​ធ្វើ​វិញ​ទៅ​»។
ទោះ​បី​ជា សុគន្ធ និសា បាន​លា​ឈប់​ជា​ផ្លូវ​ការ​ក្តី ប៉ុន្តែ​នាយក​គ្រប់​គ្រង​ផលិត​កម្ម​រស្មី​ហង្ស​មាស​លោក អឹុង សុខលាភ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​នាង​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ក្រុម​ ហ៊ុន​របស់​លោក​នោះ​ទេ ហើយ​ការ​ជ្រើស​រើស​តារា​ចម្រៀង​ថ្មី​ៗ​បន្ថែម​ក៏​មិន​មែន​បណ្តាល​មក​ពី​ការ​ ចាក​ចេញ​របស់​តារា​ចម្រៀង​ សុគន្ធ និសា ដែរ​។ ផ្ទុយ​ទៅ​វិញ​នោះ​ជា​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​ដែល​មាន​ជា​យូរ​មក​ហើយ​។
លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ នៅ​ពេល​ខាង​មុខ​នេះ រស្មី​ហង្ស​មាស នឹង​មាន​ការ​រៀប​ចំ​នូវ​កម្ម​វិធី​ថ្មីៗ ប្លែក​ៗ​សម្រាប់​តារា​របស់​ខ្លួន​ទាំង​អស់ ហើយ​សង្ឃឹម​ថា ភាព​ស្រស់​ថ្មី​ប្លែក​ទាំង​នោះ​នឹង​ក្លាយ​ជា​ចំណី​អារម្មណ៍​ដល់​ទស្សនិកជន ដែល​ធ្លាប់​គាំទ្រ​ជាក់​ជា​មិន​ខាន​។
បន្ទាប់​ពី​បាន​ដឹង​ច្បាស់​១០០​ភាគ​រយ​ថា តារា​រូប​នេះ​ពិត​ជា​ហោះ​ចោល​ទ្រនំ​រស្មី​ហង្ស​មាស​ហើយ​នោះ មាន​ការ​លើក​ឡើង​នូវ​សំណួរ​ជា​ច្រើន​ផ្សេង​ៗ​ថា តើ​តារា​រូប​នេះ​នឹង​ធ្វើ​អ្វី​ទៀត ហើយ​នាង​នឹង​ជ្រើស​រើស​ផលិត​កម្ម​ណា​មួយ​ធ្វើ​ជា​ទ្រនំ​បន្ត​? ទាក់​ទិន​នឹង​ចម្ងល់​ទាំង​នេះ មិន​ទាន់​មាន​ការ​ឆ្លង​បំភ្លឺ​ពី សុគន្ធ និសា នៅ​ឡើយ​ទេ​។ តែ​បើ​តាម​មាត់​ចាប​មាត់​ព្រាប​បាន​ឲ្យ​ដឹង​ថា ផលិត​កម្ម​ថោន (​Town) ​ជា​ជម្រើស​បន្ត​របស់​នាង​៕




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes