សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

ពលរដ្ឋ​ចោទ​សមត្ថកិច្ច​នៅ​កំពង់ធំ​ថា​ដាក់​កុងត្រូល​ជជុះ​ទារ​លុយ​

 ពលរដ្ឋ​ខេត្ត​កំពង់ធំ ចោទ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ធំ ថា បង្កើត​កុងត្រូល​ជជុះ​អនាធិបតេយ្យ​មិន​គោរព​បទបញ្ជា​ប្រមុខ​ដឹកនាំ។


 ក្រុម​អ្នក​រត់​តាក់ស៊ី និង​អ្នក​ដឹក​ទំនិញ​ជា​លក្ខណៈ​គ្រួសារ​តាម​ផ្លូវ​ជាតិ​ខេត្ត​កំពង់ធំ បាន​រអ៊ូរទាំ និង​ចោទ​ប្រកាន់​ថា សមត្ថកិច្ច​​ចម្រុះ មាន​ដូច​ជា​មន្ត្រី​បរិស្ថាន មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ដាក់​កុងត្រូល​ជជុះ​ចាំ​ជំរិត​ទារ​លុយ​ពី​ម្ចាស់​រថយន្ត​ដឹក​ទំនិញ ឬ​រថយន្ត​ដឹក​អ្នក​ដំណើរ​មាន​រូបភាព​កាន់​តែ​អាក្រក់។
លោកស្រី ចន្ទ ខឿន ជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ។ លោកស្រី​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា រូប​គាត់​បាន​ទិញ​ផ្ទះ​ឈើ​ទ្រុឌទ្រោម ១​ខ្នង ពី​ខេត្ត​កំពង់ធំ រុះ​ដឹក​តាម​រថយន្ត​មក​ជួសជុល​ផ្ទះ​ដែល​ខូចខាត នៅ​​​ភ្នំពេញ ក្នុង​តម្លៃ​ទាប។ ប៉ុន្តែ​លោកស្រី​ថ្លែង​ថា គួរ​ឲ្យ​សោកស្ដាយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ធំ ដែល​បាន​ដាក់​កុងត្រូល​ជជុះ​ជាង ១០​កន្លែង តាម​ផ្លូវ​ជាតិ​លេខ​៦ បាន​ឃាត់​រថយន្ត​របស់​គាត់ គំរាម​​ឲ្យ​បង់​លុយ​ជូន​ពួកគេ​ក្នុង ១​ប៉ុស្តិ៍​ចាប់​ពី ២​ម៉ឺន​រៀល ទៅ ២០​ម៉ឺន​រៀល សរុប​អស់​ទឹក​ប្រាក់​ជិត ១​លាន​រៀល​​មុន​នឹង​​បាន​មក​ដល់​ផ្ទះ។ 
លោកស្រី ចន្ទ ខឿន ឲ្យ​ដឹង​បន្ថែម៖ «១​កន្លែង​គេ​ទារ ១០​ម៉ឺន ២០​ម៉ឺន បើ​សុំ​គេ​ទៅ​បាន ២​ម៉ឺន ៣​ម៉ឺន និង​កន្លែង​ខ្លះ ៦​ម៉ឺន (រៀល)។ ដឹក​ឈើ​ផ្ទះ​ចំណាស់​ជិត ៦០​ឆ្នាំ»។ 
លោកស្រី​បញ្ជាក់​ថា បទបញ្ជា​លុប​បំបាត់​កុងត្រូល​ជជុះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​តែ​នៅ​លើ​បបូរ​មាត់ និង​នៅ​លើ​ក្រដាស​ទេ ព្រោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មិន​យក​ត្រចៀក​ស្តាប់ និង​មិន​អនុវត្ត​តាម​នោះ​ទេ។ ជាក់ស្តែង​ដូច​ជា​ករណី​កុងត្រូល​ជជុះ កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក ក្នុង​ឃុំ​ប្រាសាទ ជាដើម។
ទាក់ទង​កុងត្រូល​ជជុះ​នេះ​ដែរ ក្រុម​អ្នក​បើក​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​តាក់ស៊ី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កុងត្រូល​ជជុះ​ជ្រក​ក្រោម​ស្លាក​​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ជើង​គោក ពិត​ជា​កើត​មាន​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​ខេត្ត​កំពង់ធំ និង​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ពិត​មែន។ 
ក្រុម​អ្នក​រត់​តាក់ស៊ី បាន​សំណូមពរ​ទៅ​ប្រមុខ​ដឹកនាំ​ឲ្យ​ជួយ​ត្រួត​ពិនិត្យ និង​អង្កេត​ចំពោះ​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ជុំវិញ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​បទបញ្ជា​លុប​បំបាត់​កុងត្រូល​ជជុះ​ឡើង​វិញ បើ​សិន​លោក ហ៊ុន សែន មាន​ចេតនា​លុប​បំបាត់​កុងត្រូល​​ជជុះ​មែន​នោះ។ 
ទាក់ទង​បញ្ហា​នេះ លោក ជន អៀត ជា​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​មិន​បាន​ចូល​រួម​ប្រព្រឹត្ត ឬ​ដាក់​កុងត្រូល​ជជុះ​តាម​ផ្លូវ​សាធារណៈ​ដូច​ពលរដ្ឋ​អះអាង​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា នៅ​មូលដ្ឋាន​នេះ​ពិត​ជា​មាន​កម្លាំង​ចម្រុះ​ចុះ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​យានយន្ត​បើក​ឆ្លង​កាត់​ពិត​មែន តែ​ត្រង់​ថា មន្ត្រី​ទាំង​នោះ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​បង់​លុយ​ឲ្យ​ពួកគេ ឬ​យ៉ាង​ណា​លោក​មិន​បាន​ជ្រាប​ទេ។ 
លោក ជន អៀត បន្ថែម៖ «កម្លាំង​ខ្ញុំ​ជា​កម្លាំង​ប៉ុស្តិ៍ មិន​បាន​ទៅ​ពាក់ព័ន្ធ​កម្លាំង​គេ​ទេ។ កម្លាំង​គេ គេ​មាន​បេសកកម្ម​ពី​ថ្នាក់​ខេត្ត​ក៏​មិន​ដឹង»។ 
ទោះ​ជា​បែប​នេះ​ក្តី លោក ដន រស្មី ជា​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ លោក​បាន​ទទួល​ស្គាល់​ថា កុងត្រូល​ជជុះ​ពិត​ជា​កើត​មាន​អនាធិបតេយ្យ​ក្នុង​ខេត្ត​កំពង់ធំ ពិត​មែន។ លោក​ ​បទបញ្ជា​លុប​បំបាត់​កុងត្រូល​ជជុះ​របស់​លោក ហ៊ុន សែន មន្ត្រី​ថ្នាក់​ក្រោម​លោក​មិន​អនុវត្ត​តាម​នោះ​ទេ ហើយ​ប្រមុខ​ដឹកនាំ​គួរ​ពិនិត្យ​ទៅ​លើ​ប្រសិទ្ធភាព​មន្ត្រី​របស់​ខ្លួន ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ។ 
លោក ដន រស្មី បន្ថែម៖  «សមត្ថកិច្ច​គេ​យក​លេស​បង្ក្រាប​បទល្មើស ប៉ុន្តែ​ទន្ទឹម​បង្ក្រាប​បទល្មើស​ហ្នឹង ដូច​ទៅ​បង្ក​បទល្មើស ធ្វើ​ជា​មុខ​របរ។ ទៅ​យក​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ណា​ក្រីក្រ​ស្លូត​ត្រង់។ រី​ឯ​ឡាន​ដឹក​ឈើ​មាន​កង់​បី​ជួយ​ធំ​បាន​ធ្វើ​សកម្មភាព​ដោយ​សេរី។ ប៉ុន្តែ​សំរាប់​ពលរដ្ឋ​ដឹក​ឈើ​លំនៅឋាន​ចាស់ៗ ឬ​ដឹក​តាម​រ៉ឺម៉ក ពួក​សមត្ថកិច្ច​ចេញ​មុខ​បង្ក្រាប និង​ចាប់​ឲ្យ​បង់​លុយ​មិន​លើកលែង​ទេ គឺ​ចាប់​ឲ្យ​បង់​លុយ​ឲ្យ​ពួកគេ»
ទាក់ទង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាន​ឆ្នាំ​មក​នេះ បាន​ប្រកាស និង​មាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ វិទ្យុ និង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ទៀត មាន​ទាំង​ឯកជន និង​រដ្ឋ ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់​ដឹកនាំ​តាម​ខេត្ត ក្រុង ក្រោម​ឱវាទ ឲ្យ​លុប​បំបាត់​កុងត្រូល​ជជុះ​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ជា​ស្ថាពរ។ 
បន្ថែម​លើ​នេះ លោក​ក៏​បាន​​ព្រមាន​ដក​តំណែង​មន្ត្រី​ដឹកនាំ​តាម​ខេត្ត​ក្រុង​ទាំង​ឡាយ​ណា​ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​លុប​បំបាត់​កុង​ត្រូល​ជជុះ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។
ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​បាន​អះអាង​ថា កុងត្រូល​ជជុះ​បាន​បន្ត​កើត​មាន​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​ និង​គ្មាន​ការ​បង្ក្រាប ឬ​ទប់ស្កាត់​ពី​ស្ថាប័ន​ផ្នែក​ណា​មួយ​ទប់ស្កាត់​នោះ​ទេ៕ 



អាស៊ីសេរី

No comments:

Post a Comment

yes