អាជ្ញាធរខេត្តសៀមរាប ស្នើប្រមុខរដ្ឋាភិបាលឲ្យពិនិត្យ និងសម្រេចប្រគល់ដីស្រែប្រាំងជាង ៣ពាន់ហិកតារ នៅតំបន់ប៉ែកខាងក្រោមទំនប់ ៧៨សួង នៃស្រុកជីក្រែង ដែលឋិតនៅក្នុងដែនការពារបឹងទន្លេសាប ទៅឱ្យប្រជាពលរដ្ឋជិត ១.៤០០គ្រួសារ ឲ្យបានធ្វើស្រែចំការឡើងវិញ។
ពលរដ្ឋរងរបួសដោយសារការបាញ់រះរបស់សមត្ថកិច្ចក្នុងទំនាស់ដីធ្លីនៅឃុំជីក្រែង ខេត្តសៀមរាប នាថ្ងៃទី២២ មីនា ២០០៩។
ក្រុមប្រជាពលរដ្ឋប្រមាណជាង ១៧០គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ដែលកើតមានទំនាស់ដីស្រែប្រាំងនៅទំនប់ ៧៨សួង និងបានបាត់បង់ដីធ្វើស្រែចំនួន ២ឆ្នាំមកហើយ បានអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ឱ្យផ្ដោតការយកចិត្តទុកដាក់ និងជួយរកដីកសិកម្មថ្មីសម្រាប់ពួកគេក្នុងការប្រកបរបរចិញ្ចឹមជីវិតបានសមរម្យ ដូចដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនៃតំបន់ដទៃផ្សេងទៀតជាច្រើននោះ។
លោក ស៊ឹម លាភ គឺជាតំណាងសហគមន៍អ្នកឃុំជីក្រែង។ លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋរបស់គាត់រស់នៅជាច្រើនភូមិ ក្នុងឃុំជីក្រែង មានជីវភាពប្រចាំថ្ងៃក្រីក្រលំបាក ដោយសារតែគ្មានដីធ្វើស្រែ។ លោកបន្តថា ចាប់តាំងពីជាង ២ឆ្នាំមុន គឺប្រជាពលរដ្ឋក្នុងឃុំរបស់លោកប្រមាណជាង ១៧០គ្រួសារ បានកើតមានទំនាស់ដីស្រែប្រាំងនៅតំបន់ទំនប់ ៧៨សួង ជាមួយអ្នកឃុំអន្លង់សំណរ យ៉ាងជូរចត់ បណ្តាលឱ្យតំណាងអ្នកភូមិចំនួន ១១នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ ហើយដីស្រែប្រាំងធ្លាប់ធ្វើជារៀងរាល់ឆ្នាំ គឺបានបាត់បង់តាំងពេលនោះមក។
លោក ស៊ឹម លាភ៖ «រដ្ឋាភិបាល លោកបានមានប្រសាសន៍ថា នយោបាយឈ្នះៗទាំងអស់គ្នានោះ និងឱ្យយកចិត្តទុកដាក់ចំពោះពួកខ្ញុំនេះ ១៧៥គ្រួសារ ថាកន្លងមកដែលខ្វះដីនេះ ថាខ្ញុំនឹងផ្ដល់ដីប៉ុណ្ណេះៗៗ ចែកជូនដល់បងប្អូន។ នេះខ្ញុំចង់សំណូមពរផ្លូវនេះឯង ថាឱ្យល្មមធ្វើទៅបានដូចគេដូចឯង ឱ្យវាមានជីវភាពរស់នៅឱ្យសមស្រប មានទឹកមានភក់អាចយើងចិញ្ចឹមពោះរស់កម្លាំងបាន»។
ការអំពាវនាវរបស់ប្រជាពលរដ្ឋសហគមន៍ជីក្រែងនេះ បានធ្វើឡើងបន្ទាប់ពីគេទទួលបានព័ត៌មានថា កាលពីពេលថ្មីៗ អាជ្ញាធរខេត្តសៀមរាប បានធ្វើលិខិតមួយជូនទៅលោកនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ឱ្យធ្វើការពិនិត្យ និងសម្រេចឆ្វៀលចេញនូវដីស្រែប្រាំងជាង ៣.០១០ហិកតារ ដែលស្ថិតនៅក្នុងព្រំប្រទល់តំបន់៣ នៃការបោះបង្គោលកំណត់ដោយអាជ្ញាធរបឹងទន្លេសាប ដើម្បីអភិរក្សធនធានធម្មជាតិ និងហាមឃាត់ដាច់ខាតមិនឱ្យប្រជាពលរដ្ឋបន្តធ្វើស្រែប្រាំង និងកាប់រានព្រៃលិចទឹកតទៅទៀត នៅភូមិសាស្ត្រភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង នោះ។
លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។ លោកបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី៤ ខែមីនា នៅក្នុងពេលជួបប្រជុំពិសេសជាមួយក្រុមមន្ត្រីចម្រុះរបស់រដ្ឋាភិបាល ដែលដោះស្រាយបញ្ហាប៉ះពាល់នានាជុំវិញបឹងទន្លេសាបថា ចាប់តាំងពីគណៈកម្មការបឹងទន្លេសាប បានបោះបង្គោលកំណត់ដែនការពារព្រៃលិចទឹកនោះ គឺបានសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយបានបោះបង្គោលចំនួនប្រមាណ ២៥៩បង្គោលមកហើយ នៅក្នុងស្រុកចំនួន៥ និងក្រុង១ ជាប់តំបន់បឹងទន្លេសាប ក៏ប៉ុន្តែមានស្រុកចំនួនបីដែលនៅមានបញ្ហា ដោយប្រជាពលរដ្ឋមិនអាចបន្តចូលទៅធ្វើស្រែប្រាំងដើម្បីចិញ្ចឹមជីវិតបាន។
លោក ស៊ូ ភិរិន្ទ៖ «ពីមុនមកខាងក្រោមទំនប់សួង ទំនប់ ៧៨ហ្នឹង ឆ្វៀលឱ្យ ១គីឡូម៉ែត្រហើយ ប៉ុន្តែមិនទាន់ឆ្វៀលតាមសំណូមពរ ដល់បងមកហ្នឹង មានសំណើ ៣។ ទី១ ឆ្វៀលចេញក្នុងតំបន់៣ ចំណុចនិយាមកាជាក់ស្ដែងរបស់ក្រុមការងារបច្ចេកទេស។ ទី២ សុំឱ្យបោះបង្គោលកំណត់ព្រំដែនតំបន់៣ ជាថ្មី ដោយរំកិលពីព្រំប្រទល់ចាស់មកព្រំប្រទល់ថ្មី និងព្រៃលិចទឹកដែលមានជាក់ស្តែងដល់បច្ចុប្បន្ន។ អ៊ីចឹង ២គីឡូម៉ែត្រទៀត បានៗ៣ពាន់ហិកតារជាង។ ប្រគល់ការទទួលខុសត្រូវឱ្យអាជ្ញាធរសមត្ថកិច្ច និងសហគមន៍ប្រជាពលរដ្ឋធ្វើស្រែប្រាំង ធានាឱ្យបានព្រៃលិចទឹក មិនត្រូវបានកាប់ទន្ទ្រានដើម្បីបង្កើនផ្ទៃដីស្រែប្រាំង និងរំកិលព្រំប្រទល់តំបន់ ៣ជារៀងរហូត»។
លោក ស៊ូ ភិរិន្ទ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី៣ ខែមីនា ជូនលោកនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ដោយសូមឱ្យពិនិត្យ និងសម្រេចប្រគល់ដីស្រែប្រាំងចំនួន ៣.០១៤ហិកតារ នៅក្នុងឃុំអន្លង់សំណរនោះ ដោយឆ្វៀលចេញពីតំបន់ការពាររបស់អាជ្ញាធរបឹងទន្លេសាប ដើម្បីឱ្យប្រជាពលរដ្ឋចំនួន ១.៣៩២គ្រួសារ នៅឃុំចំនួន៧ ក្នុងស្រុកជីក្រែង បានបង្កបង្កើនផលចិញ្ចឹមជីវិតបន្តទៅទៀត។
អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា ក្រៅពីស្នើសុំទៅរដ្ឋាភិបាលឱ្យឆ្វៀលចេញដីស្រែប្រាំងជាង ៣ពាន់ហិកតារនៅក្នុងស្រុកជីក្រែងនោះ គឺគេនឹងពិនិត្យជាក់ស្ដែងទៅលើស្រុកចំនួន៤ និងក្រុង ១ទៀត ដែលមានដីស្រែនៅក្នុងតំបន់ការពារបឹងទន្លេសាបដែរនោះ បើមានផលប៉ះពាល់គឺនឹងត្រូវឆ្វៀលចេញ ប្រគល់ទៅឱ្យប្រជាពលរដ្ឋវិញដែរ។
លោក យឹម ឆៃលី ជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកបានមានប្រសាសន៍ថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីពេលថ្មីៗថា រាល់ដីស្រែ និងចំការដែលប្រជាពលរដ្ឋបានធ្វើពីមុន ក៏ប៉ុន្តែវាបានប៉ះពាល់នៅពេលដែលអាជ្ញាធរបឹងទន្លេសាប ចាប់ផ្ដើមបោះបង្គោលកំណត់ដែនការពារនោះ គឺត្រូវឆ្វៀលចេញប្រគល់ទៅឱ្យប្រជាពលរដ្ឋវិញ។
លោក យឹម ឆៃលី៖ «រឿងដីទាំងឡាយដែលពាក់ព័ន្ធនៅជុំវិញតំបន់៣ ដែលប្រជាពលរដ្ឋបានធ្វើស្រែហើយ ហើយយើងមិនបានឆ្វៀលឱ្យទៅប្រជាពលរដ្ឋបន្តបង្កបង្កើនផលនោះ ឥឡូវនេះសម្ដេចតេជោ នាយករដ្ឋមន្ត្រីចេញបទបញ្ជាមួយច្បាស់លាស់ថា កន្លែងណាក៏ដោយ ឱ្យតែដីស្រែចំការដែលគេធ្លាប់ធ្វើ គឺឆ្វៀលឱ្យប្រជាពលរដ្ឋដោយឆាប់បំផុត។ ក៏ប៉ុន្តែប្រការ១ គឺព្រៃដែលលិចទឹក មិនអាចជូនបានទេ»។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានយល់ឃើញថា នៅក្នុងពេលដែលអាជ្ញាធរខេត្តសៀមរាប កំពុងតែយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប៉ះពាល់ដីស្រែប្រាំងទៅលើប្រជាពលរដ្ឋ នៅស្រុកជីក្រែងនោះ គួរតែអាជ្ញាធរផ្ដោតការយកចិត្តទុកដាក់ទៅលើសហគមន៍ឃុំជីក្រែង ដែលមានប្រជាពលរដ្ឋចំនួនជាង ១៧០គ្រួសារ ដែលជាអ្នកបានបាត់បង់ដីស្រែប្រាំងទាំងស្រុងនៅតំបន់ទំនប់ ៧៨សួងដែរ ចំនួនជាង ២ឆ្នាំមកហើយនោះផង។
លោក គិត ទូច ជាមន្ត្រីកម្មវិធីជាន់ខ្ពស់គំរោងច្បាប់ដីធ្លី និងធនធានធម្មជាតិរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ លោកបានមានប្រសាសន៍ថា ក្នុងពេលដែលអាជ្ញាធរខេត្តកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋនោះ គឺគេមិនគួរមើលមិនស្មើមុខគ្នា ទៅលើសហគមន៍ប្រជាពលរដ្ឋឃុំជីក្រែង ជាង ១៧០គ្រួសារ ដែលកំពុងប្រឈមមុខនឹងបញ្ហាគ្មានដីស្រែធ្វើរយៈពេលជាង ២ឆ្នាំមកហើយនោះទេ។
លោក គិត ទូច បានមានប្រសាសន៍ថា ប្រសិនបើស្ថានភាពនៅតែខ្វះការយកចិត្តទុកដាក់ គឺវាប្រៀបដូចជាឪពុកម្ដាយនៅក្នុងគ្រួសារដែលគ្រប់គ្រងទៅលើតែកូនណាដែលខ្លួនពេញចិត្តប៉ុណ្ណោះ ចំណែកឯក្រុមកូនណាដែលមិនមានចិត្ត គឺបោះបង់ចោលនោះ វាអាចនឹងមានបញ្ហាសង្គមកាន់តែពិបាក។
លោក គិត ទូច៖ «វាជាស្ថានភាពមួយដែលមានការយកចិត្តទុកដាក់មិនដិតដល់ពីកិច្ចសន្យាជាសាធារណៈ ដែលធ្វើឡើងដោយមានការចូលរួមដឹងឭ មានការធានាពីអាជ្ញាធរនៅក្នុងតំបន់ ជាពិសេសថ្នាក់ស្រុកថ្នាក់ខេត្តដែលថា អាជ្ញាធរនឹងយកចិត្តទុកដាក់ឱ្យក្រុមភាគីជីក្រែងផងនោះ អាច ទទួលបានឱកាសប្រើប្រាស់ដី ស្ថានភាពសមរម្យដើម្បីចិញ្ចឹមជីវិតគ្រួសារ»។
ក្រុមអ្នកឃុំជីក្រែង ជាង ១៧០គ្រួសារ បានកើតមានជម្លោះដីស្រែប្រាំងជាង ៩០ហិកតារ នៅតំបន់ទំនប់ ៧៨សួង ជាមួយអ្នកឃុំអន្លង់សំណរ យ៉ាងក្តៅគគុក កាលពី ៣ឆ្នាំមុន។ ដោយសារទំនាស់នោះ គឺអ្នកឃុំជីក្រែង រាប់រយនាក់បានលើកគ្នាតវ៉ា ហើយកាលពីអំឡុងខែមីនា ឆ្នាំ២០០៩ សមត្ថកិច្ចបានប្រើអាវុធបង្ក្រាបទៅលើអ្នកឃុំជីក្រែង បណ្ដាលឱ្យរងរបួសចំនួន ៤នាក់ និងចាប់ខ្លួនតំណាងចំនួន ១១នាក់ ដាក់ពន្ធនាគារ។ ចាប់តាំងពីពេលនោះមក អ្នកឃុំជីក្រែង ជាច្រើន បានបាត់បង់ដីស្រែប្រាំង ដោយនៅរង់ចាំមើលការជួយរកដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលនៅឡើយ រហូតមកដល់បច្ចុប្បន្ននេះ។
លោក នូ ពុទ្ធិ ជាអ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា ការដែលអាជ្ញាធរគិតគូរបញ្ហារកដីធ្លីសម្រាប់អ្នកឃុំជីក្រែង ដែលកំពុងប្រឈមមុខនឹងការគ្មានដីធ្វើកសិកម្មនោះ នឹងធ្វើឱ្យពួកគេមានលំនឹងសេដ្ឋកិច្ច ក៏ប៉ុន្តែការដែលមិនបានគិតគូរនោះ គឺគេសង្កេតឃើញអ្នកភូមិមួយចំនួនបានធ្វើចំណាកស្រុកចាកចោលផ្ទះសម្បែង ដើម្បីស្វែងរកការងារធ្វើនៅតំបន់ឆ្ងាយៗសម្រាប់ចិញ្ចឹមជីវិត៕
No comments:
Post a Comment
yes