រាជធានីភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ដែលមានវិបត្តិស្នេហា ដោយសារប្រុសស្នេហ៍បោះបង់នាងចោលទាំងមានផ្ទៃពោះជាង៤ខែ បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានប៉ូលិសហែលទឹកទៅជួយសង្គ្រោះទាន់ពេល ។ ហេតុការណ៍ប៉ុនប៉ងសម្លាប់ខ្លួននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៧ មេសា នៅចំណុចក្បាលស្ពានជ្រោយចង្វា ប៉ែកខាងកើតក្នុងសង្កាត់ជ្រោយចង្វា។
តាមប្រភពពីប៉ូលិសការពារស្ពាននិយាយថា ស្រ្តីរូបនេះបានព្យាយាមលោតទឹកសម្លាប់ខ្លួន២លើកជាប់គ្នា ដែលមុនដំបូងត្រូវប៉ូលិសយាមស្ពានឃាត់ទាន់ មិនបានលោតទេ ។ លុះ១០នាទីក្រោយមក ក៏បានធ្វើដំណើរមកលោតទឹកម្តងទៀតបានសម្រេច តែត្រូវជួយស្រង់សង្គ្រោះ ទាន់ ។ ស្ត្រីមានវិបតិ្តនេះឈ្មោះ យ៉ាន់ ធីតា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងមានស្រុកកំណើតនៅខេត្តបាត់ដំបង ។
តាមមន្ត្រីប៉ូលិសការពារស្ពានជ្រោយចង្វា បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល គេឃើញស្រ្តីវ័យក្មេងម្នាក់នេះជិះម៉ូតូឌុបទៅឈប់លើស្ពាន ហើយធ្វើដំណើរទាំងទឹកមុខ ស្រងូតស្រងាត់ ។ ដោយមានការសង្ស័យ ប៉ូលិសក៏បានចាប់ឃាត់ខ្លួនបញ្ជូនមកអង្គភាព ដើម្បីសាកសួរតែស្ត្រីរូបនេះប្រាប់ថា នាងមិនមែនមកលោតទឹកទេ ហើយបានដើរចេញបាត់ទៅ ។ ស្រាប់តែបានប្រមាណ១០នាទីក្រោយមក នៅវេលាម៉ោង២និង២០នាទីរសៀល ស្រាប់តែមានការភ្ញាក់ផ្អើលម្តងទៀត ដោយស្រ្តីម្នាក់ដដែលនេះ បានធ្វើដំណើរទៅគល់ស្ពានខាងជ្រោយចង្វា ហើយលោតទម្លាក់ខ្លួនទៅក្នុងទឹកទន្លេប្រញាប់ចង់ស្លាប់តែម្តង ។ បន្ទាប់ពីឃើញមនុស្សលោតពីលើស្ពាន ដោយសារលោតក្បែរច្រាំង ប៉ូលិសប្រចាំការ និងអ្នកងូតទឹកនៅជិតនោះបានហែលទៅជួយស្រង់ ហើយនាំមកច្រាំងទន្លេដើម្បីសង្គ្រោះ ។
នៅរសៀលនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះភ្លាមៗមានស្ត្រី ២នាក់ ដែលជាមិត្តភក្តិរបស់នារីមានវិបតិ្ត ចៃដន្យធ្វើដំណើរឆ្លងកាត់ប្រទះឃើញក៏ចុះទៅសួរនាំ និងទាក់ទងហៅរថយន្តបងប្អូនឱ្យមកជួយបញ្ជូនទៅសង្គ្រោះ ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានប្រាប់ឱ្យដឹងថា មូលហេតុដែលនាងមកលោតទឹកសម្លាប់ខ្លួន ដោយសារតូចចិត្តខ្លួនឯងដែលសង្សារបោះបង់ចោលនាងទៅមានស្រី ថ្មី ហើយទូរស័ព្ទក៏ប្រុសដែលនាងស្រឡាញ់មិនលើកទៀត និងប្រាប់ថា មិនស្គាល់នាងទៀត ។
ស្ត្រីឈ្មោះយ៉ាន់ ធីដា បានបន្តទៀតថា នាងបានស្រឡាញ់បុរសម្នាក់ឈ្មោះ គង់ អាយុ២៣ឆ្នាំ ជាអ្នករត់ម៉ូតុឌុប ប្រចាំនៅខារ៉ាអូខេ អ៊ិចអូ និងបានរស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ រយៈពេល៣ឆ្នាំមកហើយ ចំណែកនាងក៏មានផ្ទៃពោះជាង៤ខែ មកហើយដែរ ។ នាងរៀបរាប់ថា រយៈពេលជាង៣ខែមកហើយ ប្រុសដែលនាងស្រឡាញ់បានបង្ខំឱ្យនាងយកកូនចេញ ដោយប្រុងដោះដៃទៅមានស្រីថ្មី តែនាងពុំព្រមយកកូនចេញ ស្រាប់តែតាំងពីពេលនោះមកប្តីរបស់នាងលែងមកផ្ទះ ហើយគេចវេះរហូត ។ ពេលដែលនាងទូរស័ព្ទចូលមិនទទួល និងប្រាប់ថា មិនដែលស្គាល់ទៀត ។ ដោយសារតែប្រុសដែលនាងស្រឡាញ់បោះបង់ចោល និងមិនទទួលខុសត្រូវកូនក្នុងផ្ទៃបែបនេះ ទើបនៅព្រឹកថ្ងៃទី២៧ មេសា នាងបានលេបថ្នាំអស់៤០គ្រាប់ តែមិនស្លាប់ ក៏ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនតែម្តង ។
នៅរសៀលថ្ងៃនោះដែរ មិត្តភក្តិរបស់ស្ត្រីមានវិបត្តិក៏បានទូរស័ព្ទទាក់ទងទៅបុរសជា ប្តីហេងស៊យរបស់ស្ត្រីរូបនោះ តែត្រូវបុរសនោះប្រាប់ថា ខ្លួនមិនដឹង មិនឮទេ អស់ប្រពន្ធកូនទៀតហើយ ។ បន្ទាប់ពីស្រង់ សង្គ្រោះមកស្ត្រីរូបនេះ ស្ថិតក្នុងភាពអស់កម្លាំងដេកស្តូកស្តឹង ហើយត្រូវមិត្តភក្តិជួយនាំយកទៅកាន់មន្ទីរពេទ្យ ៕
No comments:
Post a Comment
yes