តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ឧសភា បានបើកសវនាការផ្ដន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ ២ឆ្នាំកន្លះ ពីបទកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។
ក្រុមអ្នកភូមិបឹងកក់ និងបុរីកីឡា ស្រែកតវ៉ានៅខាងមុខតុលាការរាជធានីភ្នំពេញ ក្រោយការផ្ដន្ទាទោសអ្នកភូមិបឹងកក់ ១៣នាក់ នៅថ្ងៃ២៤ ឧសភា ឆ្នាំ២០១២។
ការសម្រេចរបស់តុលាការបានធ្វើឲ្យអ្នកភូមិបឹងកក់ និងបុរីកីឡា ដែលមកគាំទ្រជនជាប់ចោទទាំង ១៣នាក់ សម្ដែងប្រតិកម្មយ៉ាងខ្លាំង។
របាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក បានសរសេរថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១២ គិតពីខែមករា ដល់ខែឧសភា នេះ មានអំពើហិង្សាប្រើអាវុធយ៉ាងតិច ៥ករណី និងធ្វើឲ្យមនុស្សស្លាប់ដោយការបាញ់ប្រហារចំនួន ៣នាក់ ព្រមទាំងចាប់ខ្លួនមនុស្សប្រមាណ ២៤នាក់ ក្នុងនោះមានប្រជាពលរដ្ឋនៅក្នុងខែត្រក្រចេះ និងករណីចាប់ខ្លួនអ្នកភូមិបឹងកក់ និងព្រះសង្ឃ លួន សុវ៉ាត។
អង្គការសង្គមស៊ីវិលបញ្ជាក់ថា សហគមន៍ជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរដ្ឋាភិបាល មិនអាចគ្រប់គ្រងលើកងកម្លាំងយោធា និងប៉ូលិស ដែលប្រើហិង្សាបង្ក្រាបអ្នកតវ៉ា ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនឯកជននោះ។ បញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជា កំពុងតែបង្ហាញគំរូអាក្រក់ដល់ប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ាន ក្នុងឋានៈខ្លួនជាប្រធានសមាគមអាស៊ាននោះ៕
No comments:
Post a Comment
yes