សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 24, 2012

អ្នក​បឹងកក់​នៅ​តែ​មិន​បាក់​ស្បាត​បើ​ទោះ​បី​មាន​ការ​ចាប់​ខ្លួន


120524_06
ភ្នំពេញៈ ពលរដ្ឋ​រងគ្រោះ ក្នុង​តំបន់​បឹងកក់​ប្រមាណ​ជាង ៧០ នាក់​ បាន​ប្រមូល​ផ្ដុំគ្នា នៅ​មុខ​សាលា​ដំបូង​រាជធានី​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​អំពាវនាវ សុំ​ឲ្យ​តុលាការ​ជួយ​អន្តរាគមន៍ ដោះលែង តំណាង​របស់​ពួក​គេ​ចំនួន ១៣ ​នាក់​ ដែល​នគរបាល បាន​ចាប់​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ។
អ្នកស្រី លី ចាន់ណារី អាយុ​ ៣៩​ ឆ្នាំ តំណាង​ពលរដ្ឋ​ ១៨ ​គ្រួសារ​ នៅ​ភូមិ ១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដែល​កាលពី​ចុង​ឆ្នាំ​ ២០១០ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក​ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ​ និង​ចម្ការ​ដំណាំ​របស់​គាត់​ ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់​នោះ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ពួក​គាត់ នាំ​គ្នា​មក​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ ដោះ​លែង​ស្ត្រី​ទាំង​ ១៣ ​នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ អ្នក​ស្រី​បាន​បន្ត​ថា៖«យើង​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​មក​ថា ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចោទ​ប្រកាន់​ពី​បទ​ញុះ​ញុង​ឲ្យ​យើង​ខ្ញុំ​ទាំង ១៨​ គ្រួសារ​ មក​ទន្ទ្រាន​កាន់​កាប់​ដី​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់»។

អ្នក​ស្រី​បន្ថែម​ថា៖«ការ​ចោទ​ប្រកាន់​នេះ វា​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់ ចំពោះ​ពួក​គាត់ ដែល​បាន​ចូល​រួម​គាំទ្រ​តាមការ​អំពាវនាវ​របស់​ពួក​យើង​ខ្ញុំ​ទាំង​ ១៨​ គ្រួសារ ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​សាងសង់​ផ្ទះ លើ​អតីត​ដី​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន បាន​បូម​ខ្សាច់​កប់​លុប និង​រំលោភ​យក​កាន់​កាប់​ជិត​២ ឆ្នាំ​ដោយ​គ្មាន​សំណង នឹង​ដំណោះស្រាយ​អ្វី​ទាំងអស់​នោះ​»។
ជាមួយ​គ្នា​នោះ​ លោក​ដួង ឈើត អាយុ​ ៤៤ ឆ្នាំ ដែល​បាន​ស្រែក​យំ​រហូត​ដល់​សន្លប់ នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​ប្រមាណ ២០០ នាក់​ បាន​ធ្វើ​ការ​រារាំង និង​ដក​ហូត​យក​ឈើ និង​សម្ភារ​សំណង់​មួយ​ចំនួន​របស់​គាត់ នៅ​ពេល​ដែល​គាត់​ចូល​ទៅ​សង់​ផ្ទះ នៅ​លើ​ដី​ដែល​ជា​អតីត​ផ្ទះ​របស់​គាត់​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ បាន​និយាយ​ថា គាត់​នឹង​ធ្វើ​អត្តឃាត​ បើ​សិន​ជា​អាជ្ញាធរ​ មិន​ដោះលែង​ស្ត្រី​ទាំង​ ១៣​ នាក់ និង​មិន​ព្រម​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់​ទេ​នោះ។ លោក​ថ្លែងថា៖«ខ្ញុំ​នឹង​ធ្វើ​អត្តឃាត​ខ្លួន​ឯង នៅ​មុខ​សាលា​រាជធានី​បើ​សិន​ជា​ពួក​រដ្ឋ​អំណាច​ទាំង​នេះ មិន​អើពើ​ដោះស្រាយ​បញ្ហា​ដីធ្លី នឹង​ផ្ទះ​សម្បែង​ឲ្យ​យើង​ខ្ញុំ​ទេ»។
ស្ត្រី​ម្នាក់ ក្នុង​ចំណោម ១៣ នាក់ ដែល​កំពុង​ជាប់​ឃុំ នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ អ្នក​ស្រី ហេង មុំ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ កាល​ពី​រសៀល​ម្សិលមិញ​ថា ពួក​គាត់​ ទំនង​ជា​ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​ ក្នុង​រយៈពេល​មិន​តិច​ជាង ៤៨​ម៉ោង​ទេ​ មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រាជធានី ឬ​មួយ​យ៉ាង​ណា​នោះ​ទេ។
អ្នក​ស្រី​ថ្លែង​ថា៖ «​លោក​សុខ សម្បត្តិ​ អភិបាល​ខណ្ឌ​ដូនពេញ បាន​ដាក់​ការ​ចោទប្រកាន់​ថា យើង​ខ្ញុំ​បាន​ធ្វើ​ការ​ញុះញង់​ពលរដ្ឋ​ ១៨​ គ្រួសារ​ក្នុង​ភូមិ១ ឲ្យ​ទៅ​សាងសង់​ផ្ទះ​ និង​ទន្ទ្រាន​រំលោភ​កាន់​កាប់​ដី​ក្រុម​ហ៊ុន​ស៊ូកាគូ​ដោយ​ខុស​ច្បាប់»​។
អ្នក​ស្រី​បាន​បន្ត​ថា៖«យើង​ខ្ញុំ​ក៏​បាន​បដិសេធ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច ​ហើយ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើការ​សាកសួរ​ថា យើង​ខ្ញុំ​មិន​បាន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ ហើយ​នេះ​ជា​ការ​ចោទ​ប្រកាន់​ទាំង​បំពាន»។
លោក​សុខ​ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ មិន​អាច​ទំនាក់​ទំនង​សុំការ​បំភ្លឺ​បាន​ទេ​ កាលពី​ម្សិលមិញ។ ចំណែក​លោក​ទូច ណារ៉ុថ ស្នង​ការ​នគរបាល​រាជធានី​បាន​ថ្លែងថា ការ​ចោទ​ប្រកាន់​ ឬ​យ៉ាង​ណា​នោះ មិន​មែន​ជា​សមត្ថកិច្ច​របស់​នគរបាល​ទេ គឺ​អាស្រ័យ​លើ​ព្រះ​រាជអាជ្ញា អម​សាលា​ដំបូង​រាជធានី។ ទោះជាបែបណា លោក​បាន​ប្រាប់​ថា​ការ​ដែល​នគរបាល ​ចាប់​ឃាត់​ខ្លួន​ស្ត្រី​ក្នុង​តំបន់​បឹងកក់​ទាំង ១៣​ នាក់ កាលពី​ថ្ងៃ​អង្គារ​នោះ គឺ​មក​ពី​ពួក​គាត់ ជេរ​ប្រមាថ​ដល់​កម្លាំង​សមត្ថកិច្ច។ លោក​ថ្លែងថា៖​«ពួក​គាត់​ជេរម្រ៉ាយ សមត្ថ​កិច្ច​នគរបាល​យើង​ខ្ញុំ​ខ្លាំង​ពេក»។
លោក​អំ សំអាត ទីប្រឹក្សា​បច្ចេកទេស​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ គឺជា​ការ​លាប​ពណ៌​ដ៏​អាក្រក់​មួយ ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ខណៈ​អាជ្ញាធរ​ខ្លួន​ឯង ​មិន​បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​នោះ។
រហូត​ដល់​ម៉ោង​ ៦ ល្ងាច​ម្សិលមិញ ស្ត្រី​ទាំង​ ១៣​ នាក់​ នៅ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes