សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 31, 2012

បុគ្គលិក​លីកាដូ​ម្នាក់​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធ​នាគារ​


120531_09a
​លោក​ លាង សុខ​ជឿន ​​ដែល​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពីផុត​កំណត់​ទោស ​ពីរឆ្នាំ​ក្នុង​ពន្ធ​នាគារ​។ រូបថត ​ម៉េង គីម​ឡុង​
កណ្តាលៈ មន្រ្តី​តុលាការ​ម្នាក់ បាន​អះ​អាង​ថា តុលា​ការ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ដោះ​លែង​អតីត​បុគ្គលិក អង្គការ​លីកាដូ​ម្នាក់​ពី​ពន្ធ​នាគារ​បន្ទាប់​ពី​បាន​ផុត​កំណត់​ទោស​​ក្នុង ពន្ធនាគារ​។
លោក អ៊ុក គឹមសិទ្ធិ ​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​កណ្តាល បាន​ថ្លែង​ថា លោក លាង សុខ​ជឿន វ័យ​៣០​ឆ្នាំ អតីត​បុគ្គលិក​រត់​សំបុត្រ​របស់​អង្គការ​លីកាដូ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល​កាល​ពីព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ បន្ទាប់​ពី​ផុត​កំណត់​ទោស​ពីរ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​។
លោក​ប្រាប់​ថា​៖​«គាត់ ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​នេះ​ព្រោះ​គាត់ បាន​បំពេញ​អាណត្តិ​ទោស​នៅ​ក្នុង​ពន្ធ​នាគារ​រួច​ហើយ​»​។
លោក​បញ្ជាក់​បន្ត​ថា ​លោក សុខជឿន ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​តុលាការ​ខេត្ត​​តាកែវ​ឲ្យ​ជាប់​ទោស​ពីរ​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០១០​ ក្រោម​ការ​ចោទ​ពីបទ​«​ញុះញង់​ពល​រដ្ឋ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​នៅ ក្នុង​ខេត្ត​តាកែវ​។

លោក ហម ស៊ុនរិទ្ធ មេធាវី​ការពារ​លោក សុខ​ជឿន បាន​ថ្លែង​ថា កូន​ក្តី​លោក​ត្រូវ​នគរ​បាល​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន​ ពីផ្ទះ​​លោក​​នៅ​ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១០​ពី​បទ​ចោ​ទ​ថា ជាប់​ពាក់​ព័ន្ធ​ពី​បទ​ចែក​ចាយ​​ខិត្ត​ប័ណ្ណ​ជាង​១៧០០​សន្លឹក​ ក្នុង​បំណង​ប្រមាថ​ថ្នាក់​ដឹក​នាំ​ប្រទេស និង​សម្តេច​តា សីហនុ នៅ​ខេត្ត​តាកែវ​។ លោកត្រូវ​ចាប់​ខ្លួន​ផ្អែក​លើ​ចម្លើយ ថាច់ វណ្ណៈ ជា​ជន​សង្ស័យ​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ត្រូវចាប់​ខ្លួន​នៅ​ខេត្ត​តាកែវ​។ អ្នក​ទាំង​ពីរ​មាន​លោក ថាច់ វណ្ណៈ និង​លោក ថាច់ ឡេ ពួកគេ​គឺជា​ខ្មែរ​កម្ពុជា​ក្រោម​។
លោក​អះ​អាង​បន្ត​ថា លោក សុខ​ជឿន ​ត្រូវ​ជំនុំ​ជម្រះ​ដោយ​តុលាការ​ខេត្ត​តាកែវ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​»។ ប៉ុន្តែ​លោក​បាន​ប្តឹង​ឧទ្ធរណ៍ ​និង​ត្រូវ​សាលា​ឧទ្ធរណ៍​ចោទ​ពីបទ​«​ញុះញង់​ពលរដ្ឋ​ឲ្យ​ប្រព្រឹត្ត បទ​ឧក្រិដ្ឋ​»វិញ​។
លោកបញ្ជាក់​បន្ត​ថា លាង សុខ​ជឿន ថាច់ វណ្ណៈ និង​លោក ថាច់ ឡេ ត្រូវ​ផ្តន្ទា​ទោស​ដោយ​តុលាការ​ខេត្ត​តាកែវ​ ឲ្យ​ជាប់​ពន្ធ​នាគារ​ពីរ​ឆ្នាំ​និង​ពិន័យ​ប្រាក់​២​លាន​រៀល ម្នាក់​។ លោក ថាច់ គួង ហ្វុង ​មេ​គំនិត​ចែក​ចាយ​ខិត្ត​ប័ណ្ណ​ដែល​គេច​ខ្លួន ក៏​ត្រូវ​ផ្តន្ទា​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធ​នាគារ​បីឆ្នាំ​ដែរ។
លោក​ ថ្លែង​បន្ត​ថា​៖​ «​ការ​ចាប់​ខ្លួននិង​ការ​ដាក់​គុក​លោក សុខ​ជឿន វា​អយុត្តិធម៌​ណាស់​ ព្រោះ​គាត់មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូចការ​ចោទ​ប្រកាន់​»​។
លោក លាង សុខ​ជឿនកាល​ពី​ម្សិល​មិញ​ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ដែល​ត្រូវ​គេ​ដោះ​លែង ប៉ុន្តែ​លោក​មាន​អារម្មណ៍​ថា វា​អយុត្តិធម៌ សម្រាប់​រូប​លោក​។
លោក​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​ថា ​៖ «​ខ្ញុំសប្បាយ​ចិត្ត ដែល​ខ្ញុំត្រូវ​គេ​ដោះ​លែង​ពី​ពន្ធនា​គារ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំខក​ចិត្ត​ជា​ខ្លាំ​ងនឹង​ការ​ចាប់​ខ្លួននិង​ការ​ដាក់​គុក​ខ្ញុំ ព្រោះ​ខ្ញុំមិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឬ​បាន​ល្មើស​ដូចការ​ចោទ ប្រកាន់​ទេ​»។ លោកស្នើ​ថា ​៖ «ដើម្បី​ការពារ​ជន​ស្លូត​ត្រង់​ដទៃ​ទៀត ពី​ការ​ចាប់​ខ្លួន​ឬផ្តន្ទា​ទោស​មិន​ត្រឹមត្រូវ​ដូច​រូប​ខ្ញុំនេះ ខ្ញុំសូម​អំពាវ​នាវ​ដល់​សម្តេច​នាយករដ្ឋ​មន្ត្រី ​ហ៊ុន - សែន សុំ​ឲ្យ​គ្រប់​គ្រង​ឲ្យ​តឹង​រ៊ឺង​និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​»​។
លោក​ស្រី ពុង ឈីវ​កេកប្រធាន​​​អង្គការ​លីកាដូ ​ថ្លែង​ថា ​អង្គការ​លីកាដូនឹង​ផ្តល់​ការ​ងារ​ចាស់​ជូន​លោក សុខ​ជឿន ភ្លាម​ៗ​នៅ​ពេល​​លោកចូល​​មក​ធ្វើ​ការបាន​។
លោក​ស្រីមាន​ប្រសាសន៍ថា​៖
«​ទោះ​ជា​លោក សុខ​ជឿនត្រូវ​​តុ​លា​ការ​ផ្តន្ទា​ទោសនិង​ដាក់​ពន្ធ​​នាគារ​ពីរ​ឆ្នាំ​​ក៏​ ដោយ​​​ ក៏​​​យើង​នៅ​តែ​ចាត់​​ថាគាត់​គ្មាន​​កំហុស​ និង​ជា​មនុស្ស​ល្អ​​ម្នាក់​។ យើងមិន​​បាន​រើស​អើង​គាត់​​ទេ។ យើង នឹង​ផ្តល់​ការ​ងារ​ចាស់​ឲ្យ​គាត់​វិញ ​នៅ​ពេល​​​គាត់​អាច​មក​ធ្វើ​ការ​បាន​»​៕ NR

No comments:

Post a Comment

yes