សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 31, 2012

ស្ត្រី​ខ្មែរ​ជំនួយ​ការ​មេផ្ទះ​នៅ​ម៉ាឡេ​ស៊ី​ត្រូវ​ស្ថាន​ទូត​សង្គ្រោះ​ពី​ការ​វាយ​ធ្វើ​បាប


120531_07a
ស្លាក​ស្នាម​ដែល​ស្ត្រី​បម្រើខ្មែរម្នាក់​​រង​ទារុណ​នៅឯ​ម៉ាឡេ​សីុ​។ រូបថត សហការី​
ភ្នំពេញៈ ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅ​កែ​ប្តី​ប្រពន្ធ​វាយ​ធ្វើ​បាប​ជិត​មួយ​ឆ្នាំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​បាន​ជួយ​អន្ត​រាគមន៍​ហើយ​ប្តី​ប្រពន្ធ​ជន​ជាតិ​ម៉ាឡេស៊ី​នេះ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​រឿង​នេះ​បែក​ធ្លាយ។
លោក ឆាយ កុសល មន្ត្រី​កុង​ស៊ុល​នៃ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ប្រាប់​ថា ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ខ្មែរ​ឈ្មោះ ជា ផល្លា អាយុ​២៨​ឆ្នាំ ត្រូវ​ថៅកែ​វាយ​ធ្វើ​បាប​យ៉ាង​ធ្ងន់​ធ្ងរ​ជាច្រើន​ខែ​ក្នុង​ពេល​២ឆ្នាំ​ដែល​នាង​ធ្វើ​ជា​អ្នក​បម្រើ​ក្នុង​គ្រួសារ​មួយ​នេះ។
លោក​បញ្ជាក់​ថា៖ «ឃើញ​បែប​នេះ ខ្ញុំ​អាណិត​ខ្មែរ​ណាស់​។នាង​ត្រូវ​គេ​វាយ​ធ្វើ​បាប​ហួស​និស្ស័យ យើង​ឈឺ​ចាប់​ណាស់​ពេល​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ»។
លោក ឆាយ កុសល បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថាន​ទូត​បាន​រៀប​ចំ​ឯកសារ​ជួយ​អន្ត​រាគមន៍​ទៅ​តុលាការ​ហើយ ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​រឿង​នេះ​តាម​ច្បាប់ ហើយ​ថា ថៅ​កែ​របស់​នាង​ត្រូវ​ប៉ូលិស​ម៉ាឡេ​ស៊ី​ចាប់​ខ្លួន​និង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ហើយ​ដែរ។ បច្ចុប្បន្ន ជា ផល្លា នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ទី​ក្រុង​គូឡា​ឡំពួ។
លោក​អះ​អាង​ថា នៅក្នុង​ខែ​ឧសភា​នេះ​ស្ថាន​ទូត​ខ្មែរ​បាន​ជួយ​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ជាង​១០នាក់ បន្ទាប់​ពី​ពួក​គេ​ជួប​បញ្ហា​ហើយ​រត់​មក​ឲ្យ​ស្ថាន​ទូត​ជួយ។

យោង​តាម​កា​សែត ឌឺស្តា​(The Star)​របស់​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ថា ជា ផល្លា ត្រូវ​ថៅកែ​នាង​វាយ​នឹង​ដប ស្បែក​ជើង កាំ​បិត ជញ្ជីង ឆ្នាំង​អ៊ុត បន្ទះ​ដែក កៅអី​ជ័រ និង​ធុង...ចាប់​តាំង​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១១ ដល់​ទី​២៤ ខែ​ឧសភា មុន​នេះ។
តាម​កាសែត​ដដែល​នេះ ជន​សង្ស័យ​ជា​ប្តី​មាន​ឈ្មោះ Tan Mong Huwai ជា​ជាង​កាត់​សក់​និង​ប្រពន្ធ Eng Lay Sang ជា​ស្ត្រី​មេផ្ទះ។ ប្តី​ប្រពន្ធ​ទាំង​ពីរ​មាន​អាយុ​៣៦​ឆ្នាំ​ដូច​គ្នា និង​មាន​កូន​ពីរ​នាក់​អាយុ​១០-១១​ឆ្នាំ។
តាម​កាសែត​ឌឺ​ស្តា​ដដែល ថា ករណី​នេះ ប្រសិន​បើ​តុលា​ការ​រក​ឃើញ​ថា ពួក​គេ​មាន​កំហុស​ពិត​មែន នោះ​ពួក​គេ​អាច​នឹង​ត្រូវ​ជាប់​ពន្ធ​នាគារ​ដល់​២០​ឆ្នាំ។
ប្តី​ប្រពន្ធ​ទាំង​ពីរ​ត្រូវ​ប៉ូលិស​ម៉ាឡេ​ស៊ី​ចាប់​ខ្លួន​និង​ត្រូវ​តុលា​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។​ស្ត្រី​រង​គ្រោះ ជា ផល្លា បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេ​ស៊ី​តាម​រយៈ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​កម្លាំង​ពលកម្ម​កម្ពុជា​(Cambodian Labor Supply)។ បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះបានអះអាងថា ក្រុមហ៊ុនបានទទួលដំណឹងនេះដែរហើយបានឲ្យភ្នាក់ងារនៅម៉ាឡេស៊ីជួយធ្វើអន្តរាគមន៍៕

No comments:

Post a Comment

yes