ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ការតវ៉ាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងអះអាងថា ពេលខ្លះក៏ធ្វើឲ្យកើតជាហិង្សាផងដែរ។ សេចក្តីថ្លែងការណ៍នោះសរសេរថា៖«នៅក្នុងការដោះស្រាយដើម្បីបែង ចែកដី និងកម្មសិទ្ធិដីដល់ប្រជាពលរដ្ឋ វាគ្មានមធ្យោបាយណាផ្សេង ក្រៅតែពីអាជ្ញាធរ ត្រូវដោះស្រាយ[បញ្ហានោះ]ទេ»។ លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ។
យ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សប្រឆាំង កាលពីសប្តាហ៍មុនបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសការបង្ក្រាបការតវ៉ា និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលលម្អៀងទៅរកក្រុមហ៊ុនឯកជននៅក្នុងវិវាទដីធ្លី ខណៈដែលប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងនឹងការរំលោភបំពានដី ធ្លីជាច្រើនឆ្នាំ ដូចជានៅតំបន់បឹងកក់តវ៉ារហូតដល់ជាង ៥ ឆ្នាំអាជ្ញាធរ មិនបានធ្វើការដោះស្រាយនោះ។
នៅក្នុងអ្វីដែលអ្នកសង្កេតការណ៍ បានអះអាងថា ជារបត់នៅក្នុងការបំពានសិទ្ធិមនុស្ស នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ ការបង្ក្រាបបង្ហូរឈាមជាបន្តបន្ទាប់ ទៅលើអ្នកតវ៉ា ក្នុងជម្លោះដីធ្លី បានបណ្តាលឲ្យកុមារីស្លូតត្រង់វ័យ ១៤ ឆ្នាំម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋជាច្រើននាក់ទៀតរងរបួសដោយសារគ្រាប់កំភ្លើង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ស្ត្រី ១៣ នាក់ ដែលជាជនរងគ្រោះ នៅក្នុងការបណ្តេញចេញពីតំបន់បឹងកក់ត្រូវបានកាត់ទោសឲ្យជាប់ ពន្ធនាគារចំនួន ២ ឆ្នាំកន្លះ ខណៈក្រុមហ៊ុនដែលរំលោភយកផ្ទះរបស់ពួកគាត់បែរជារួចខ្លួន។ នាថ្ងៃដដែលនោះ សកម្មជនសង្ឃមួយអង្គព្រះនាម លួន សាវ៉ាត ត្រូវបានចាប់បញ្ចូលក្នុងរថយន្ត នាំយកទៅឃុំឃាំង និងគំរាមឃាត់ខ្លួន ប្រសិនបើព្រះអង្គពុំព្រមបញ្ឈប់ការចូលរួមការតវ៉ាតទៅទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ អង្គការសិទ្ធិមនុស្សអាដហុក បានថ្កោលទោស ចំពោះការរំលោភបំពានច្បាប់ភូមិបាលនៃប្រទេសកម្ពុជា ដោយបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន លើដីដែលប្រជាពលរដ្ឋបានកាន់កាប់រួចហើយ។ អង្គការនេះ បានថ្លែងថា៖ «វាគួរឲ្យបារម្ភខ្លាំងណាស់ ដែលស្ត្រីពលរដ្ឋតំបន់បឹងកក់ចំនួន ១៣ នាក់ ត្រូវបានកាត់ឲ្យជាប់ទោសធ្ងន់ធ្ងរ ពីបទកាន់កាប់ដីជម្លោះ តែក្នុងរយៈពេល ៣ ម៉ោង នៅពេលក្រុមហ៊ុនបន្តបំពានលើច្បាប់ដោយពុំត្រូវបានចាត់វិធានការ អ្វីសោះ»។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស សុទ្ធតែបានចេញនូវសេចក្តីថ្លែងការណ៍រៀងៗខ្លួននាថ្ងៃដដែលនោះ ដោយថ្កោលទោស អំពើហិង្សាធ្វើឡើងដោយរដ្ឋាភិបាល និងការចាប់ឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់នៅក្នុង រឿងជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនឡើងទទួលរងគ្រោះ។
សេចក្តីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី បានសរសេរថា៖ «[យើង]ស្នើសុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យមើល និងដាក់ទណ្ឌកម្មលើចៅក្រម និងព្រះរាជអាជ្ញាណា ដែលបានប្រើអំណាច ដើម្បីកាត់ទោសប្រជាពលរដ្ឋដោយអយុត្តិធម៌»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការអាដហុក បានថ្លែងកាលពីថ្ងៃម្សិលមិញថា ហេតុផលពិតប្រាកដ ដែលប្រជាពលរដ្ឋចេញធ្វើការតវ៉ា គឺដោយសារពួកគេ មិនអាចរំពឹងលើការជួយអ្វី ពីអាជ្ញាធរ និងប្រព័ន្ធតុលាការ ដែលមិនដំណើរការរបស់ប្រទេសកម្ពុជានេះ ខណៈដែលជម្លោះដីធ្លីរបស់ពួកគេបានអូសបន្លាយជាច្រើនឆ្នាំ៕

No comments:
Post a Comment
yes