ប្រធានសហគមន៍ខ្មែរក្រោមបាននិយាយថា ពិធីខួប៦៣ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលគ្រោងធ្វើនៅថ្ងៃទី១០ មិថុនា ឯវត្តអង្គតាមិញ នឹងត្រូវលើកពេលទៅថ្ងៃទី១៧ ខែមិថុនា វិញ នៅទីស្នាក់ការចាស់គណបក្សសមរង្ស៊ី។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ការលើកពេលប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោមទៅថ្ងៃទី១៧ មិថុនា វិញនោះ ក៏ព្រោះតែគណៈកម្មការវត្តអង្គតាមិញបានជូនដំណឹងថា នាថ្ងៃទី១០ មិថុនា ក្នុងវត្តមានរៀបចំកម្មវិធីបុណ្យសពគម្រប់៧ថ្ងៃ ដែលមិនអាចអនុញ្ញាតឲ្យសហគមន៍ខ្មែរក្រោមយកទីតាំងវត្តធ្វើពិធីខួបបាត់បង់ទឹកដីបាន។
តាមគម្រោងពិធីខួប៦៣ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជានឹងត្រូវធ្វើនៅថ្ងៃទី០៤ ខែមិថុនា ខាងមុខវត្តបទុមវត្តី ប៉ុន្តែត្រូវបានបដិសេធដោយសាលាក្រុងភ្នំពេញ ហើយក្រោយមកពិធីនេះត្រូវលើកទៅធ្វើនៅថ្ងៃទី១០ ខែមិថុនាឯវត្តអង្គតាមិញវិញ ប៉ុន្តែនៅតែត្រូវខកខាន។ ហើយយចុងក្រោយនេះ សហគមន៍ខ្មែរកម្ពុជាក្រោម ក៏សម្រេចធ្វើពិធីនេះនៅថ្ងៃទី១៧ មិថុនា ដោយខ្ចីផ្ទះរបស់លោក គង់ គាំ ដែលជាទីស្នាក់ការចាស់របស់គណបក្សសមរង្ស៊ីវិញ។
បើតាមលោក ថាច់ សេដ្ឋា ទិវាខួប៦៣ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជា នឹងមានពលរដ្ឋចូលរួមជិត២០០០នាក់ ក្រោមអធិបតីភាពរបស់ព្រះរាជតំណាងព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស៕
No comments:
Post a Comment
yes