សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 10, 2012

គ្រួសារ​ពល​ការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដាក់​ពាក្យ​បណ្ដឹង​ទៅ អាដហុក


ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង កាន់​តែ​ច្រើន​ឡើង បាន​មក​ដាក់​បណ្ដឹង​សុំ​ឲ្យ​អង្គការ អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​នេះ ជួយ​ស្វែង​រក​កូន​ចៅ​ពួក​គាត់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ចប់​អាណត្តិ ២​ឆ្នាំ​ហើយ តែ​មិន​ឃើញ​ត្រឡប់​មក​វិញ។
RFA/Modul Keo
អ្នក​ស្រី ហែម សុអុន ម្ដាយ​បង្កើត​របស់​ពល​ការិនី យ៉ូត ស្រីចាន់ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ផ្តល់​បទ​សម្ភាសន៍ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២។
គ្រួសារ​ពល​ការិនី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ជា​ច្រើន​នាក់ នៅ​ឯ​ទី​ជន​បទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​បាត់​ដំណឹង​កូន​ចៅ​គាត់​ជាង ២​ឆ្នាំ​មក​ហើយ ពុំ​មាន​ការ​ទាក់​ទង​មក​គ្រួសារ​វិញ​សោះ។ អ្នក​ស្រី ហែម សុអុន អាយុ ៥១​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំងស្គារ ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ថា កូន​ស្រី​គាត់​ឈ្មោះ យូត ស្រីចាន់ អាយុ ១៩​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន ធី.អែន.ភី (T&P)។ គាត់​ថា តាំង​ពី​ថ្ងៃ​ចេញ​ទៅ រហូត​មក​ដល់​ថ្ងៃ​នេះ គាត់​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​កូន​គាត់​សោះ។

ឥឡូវ​ក្រុមហ៊ុន​នេះ បាន​បិទ​ទ្វារ​ទៀត ធ្វើ​ឲ្យ​គាត់​កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង ព្រោះ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា ទើប​គាត់​មក​សុំ​ឲ្យ​អង្គការ អាដហុក ជួយ​គាត់៖ «ខ្ញុំ​បារម្ភ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ ព្រោះ​ឃើញ​អ្នក​គេ​មក​វិញ​ខ្លះ ទៅ​ជា​ឆ្កួត​លីលា​លែង​ដឹង​អី​អញ្ចឹង។ ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​មក​សុំ​ឲ្យ​អង្គការ និង​រាជ​រដ្ឋាភិបាល​ជួយ​រក​កូន​ខ្ញុំ​ឲ្យ​វា​មក​វិញ...»
ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ស្រី ឈួន គឹមលន អាយុ ៥៧​ឆ្នាំ នៅ​ភូមិ​ជរ ឃុំ​ប្រស្និប ស្រុក​រលាប្អៀ បាន​ឲ្យ​ដឹង​ថា ក្មួយ​ស្រី​គាត់​ឈ្មោះ ស៊ឹម ឡៃហុង អាយុ ២៥​ឆ្នាំ បាន​បាត់​ដំណឹង​ជាង ២​ឆ្នាំ​មក​ហើយ ពុំ​មាន​ការ​ទាក់​ទង​មក​គ្រួសារ​វិញ​សោះ៖ «ខ្ញុំ​មិន​ដឹង​ថា ក្មួយ​ខ្ញុំ​សុខ​ទុក្ខ​យ៉ាង​ណា។ អញ្ចឹង​ហើយ ទើប​ខ្ញុំ​មក​ពឹង​អង្គការ អាដហុក ឲ្យ​ជួយ​រក...»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន ធី.អែន.ភី បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៨ មិថុនា នេះ ដោយ​ក្រុមហ៊ុន​នេះ បាន​បិទ​ទ្វារ​ឈប់​ដំណើរ​ការ​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ។
ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​បញ្ហា​នេះ​ទេ ដោយ​គ្រួសារ​ដែល​បាត់​ដំណឹង​កូន​ទាំង​នោះ ពុំ​បាន​មក​ទាក់​ទង​ជា​មួយ​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ត​នៅ​ឡើយ៖ «មាន​វិធី​ច្រើន​ណាស់ ដែល​យើង​អាច​ជួយ​គាត់​បាន។ ប៉ុន្តែ​គាត់​ត្រូវ​មក​ជួប​ខ្ញុំ​សិន ដើម្បី​យើង​សាក​សួរ​ព័ត៌មាន​លំអិត​ពី​គាត់ ដើម្បី​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក...»
យ៉ាង​នេះ​ក្ដី លោក យ៉ា ណាវុធ ជា​នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម កម្ពុជា (CARAM Cambodia) ដែល​ជា​អង្គការ​មួយ​តាម​ឃ្លាំ​មើល និង​ជួយ​សម្រប​សម្រួល​ពលករ-ពល​ការិនី​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​ឯ​ប្រទេស​ក្រៅ។លោក​បាន​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ មក​ដាក់​ពាក្យ​បណ្ដឹង ដើម្បី​លោក​មាន​មូលដ្ឋាន​ក្នុង​ការ​ជួយ​ស្រាវ​ជ្រាវ ដើម្បី​ជួយ​សង្គ្រោះ។
លោក យ៉ា ណាវុធ៖ «ករណី​ខ្លះ យើង​កំពុង​ដំណើរ​ការ​ដោះ​ស្រាយ។ ការ​តាម​រក​ជន​រង​គ្រោះ មិន​មែន​ជា​ការ​ងាយ​ទេ បើ​សិន​ជា​ជន​រង​គ្រោះ​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ អាហ្នឹង​យើង​ស្រួល​រក​ទេ តែ​បើ​ត្រូវ​គេ​ជួញ​ដូរ​ទៅ​ដាក់​នៅ​ផ្ទះ​បន ឬ​ចុះ​ទូក​នេសាទ​នោះ គឺ​យើង​មាន​ការ​លំបាក។ លុះ​ត្រា​តែ​គ្រួសារ​ជន​រង​គ្រោះ មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​អង្គការ​ខ្ញុំ ដើម្បី​ខ្ញុំ​សាក​សួរ​រក​ប្រភព ឬ​បើ​គ្រួសារ​ជន​រង​គ្រោះ​មាន​ព័ត៌មាន​ជាក់​លាក់ ទើប​សង្ឃឹម​ថា អាច​រក​ឃើញ...»
មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក ការពារ​សិទ្ធិ​មនុស្ស ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគា បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា មក​ដល់​ខែ​មិថុនា ឆ្នាំ​២០១២ លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ចំនួន ៦៨​ករណី អំពី​ការ​បាត់​ដំណឹង​កូន​ចៅ ឬ​សាច់​ញាតិ​របស់​ពួក​គាត់។ ក្នុង​នោះ​មាន ២១​ករណី គឺ​ជា​ពលករ​ធ្វើ​ការ​តាម​ទូក​នេសាទ។ លោក​ថា កន្លង​ទៅ អង្គការ អាដហុក បាន​ធ្វើ​អន្តរាគមន៍​បាន​ជោគ​ជ័យ​ដោយ​មាន​ពល​ការិនី ១១​នាក់ និង​ពលករ​ចុះ​ទូក​នេសាទ ២​នាក់ បាន​វិល​ត្រឡប់​មក​លំនៅ​ដ្ឋាន​វិញ៕

No comments:

Post a Comment

yes