សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 10, 2012

មន្ត្រី​បក្ស សម រង្សី ថា គ.ឃ.ប ឃុំ​កំពេញ ខេត្ត​ព្រះសីហនុ លំអៀង


2012-06-10
គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​កំពេញ ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ពី​មន្ត្រី និង​សកម្មជន​គណបក្ស សម រង្សី ថា បាន​ធ្វើ​ការ​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។
ក្នុង​បញ្ហា​នោះ​គេ​រក​ឃើញ​ថា ប្រធាន​ការិយាល័យ​បោះឆ្នោត​លេខ ០១១៥ បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ទាំង​ខុស​អត្តសញ្ញាណ​ក្នុង​បញ្ជី​បោះឆ្នោត។
នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០១២ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ បាន​ដោះស្រាយ​បញ្ចប់​បញ្ហា ដោយ​តម្រូវ​ឲ្យ​ប្រធាន​ការិយាល័យ ធ្វើ​លិខិត​ទទួល​កំហុស​ជា​ផ្លូវ​ការ​ទៅ មន្ត្រី​គណបក្ស​សម រង្សី។
ករណី​ប្ដឹង​ផ្ដល់ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ស្វិតស្វាញ​នេះ ដោយសារ​តែ​សំឡេង​ឆ្នោត​មួយ​សន្លឹក របស់​សកម្មជន​គណបក្ស សម រង្សី ជាមួយ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា។ ស្រប​ពេល​គ្នា​នឹង​ការ​លើក​ឡើង​នេះ ប្រធាន និង​សកម្មជន​​របស់​គណបក្ស សម រង្សី ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​លើក​ឡើង​ថា សំឡេង​គាំទ្រ​មួយ​សន្លឹក គឺ​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ និង​ស្ថានភាព​នយោបាយ​ក្រឡាប់​ចាក់​អ្វី​នោះ​ទេ។ ប៉ុន្តែ គេ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។

ប្រធាន​គណបក្ស សម រង្សី ប្រចាំ​ខេត្ត​ព្រះសីហនុ លោក លី ឌី មាន​ប្រសាសន៍​ថា សន្លឹក​ឆ្នោត​មួយ​សន្លឹក ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ឈ្នះ​នោះ​ទេ។ ប៉ុន្តែ វា​ជា​រឿង​មួយ​សម្រាប់ ប្រជា​ពលរដ្ឋ និង​សាធារណជន គិត​ពិចារណា​លើ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។
លោក លី ឌី៖ «ថ្វី​បើ​ការ​ប្ដឹង​នេះ​មាន​លក្ខណៈ​ហាក់​បីដូច​ជា​តូច​តាច​មែន ប៉ុន្តែ​គ្រាន់​តែ​ថា ជា​សញ្ញា​មួយ​បញ្ជាក់​ថា​អ្វី​ខុស​ច្បាប់ អ្វី​ដែល​ត្រូវ​ច្បាប់។ យើង​ជឿ​ថា ថ្នាក់​មូលដ្ឋាន​គេ​អាច​ដឹង។ នេះ​គឺ​ជា​សញ្ញា​មួយ​ល្អ​ណាស់​សម្រាប់​នៅ​មូលដ្ឋាន»។

ទោះ​ជា​យ៉ាង​ណា​ក្ដី បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ របស់​គណបក្ស សម រង្សី ព្រម​ទទួល​យក​ការ​ដោះស្រាយ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ហើយ បន្ទាប់​ពី​មាន​ការ​ដោះស្រាយ​យ៉ាង​ចម្រូង​ចម្រាស នៅ​ថ្នាក់​ឃុំ កាល​ពី​សប្ដាហ៍​មុន។
បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ របស់​គណបក្ស សម រង្សី នៃ​ឃុំ​កំពេញ លោក ស៊ុន វណ្ណា។ លោក​មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​កន្លង​មក គឺ​លោក​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​សារ​ប្រធាន និង​ក្រុម​ការងារ​ទាំង​នោះ​ហាក់​មាន​ភាព​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន និង​ប្រធាន​ការិយាល័យ ដែល​លោក​រក​ឃើញ​ថា មាន​កំហុស​ហើយ​នោះ។
លោក ស៊ុន វណ្ណា៖ «ការិយាល័យ​នីមួយ យើង​នឹក​ឃើញ​ថា​ជា​អ្នក​ច្បាប់ ជា​អ្នក​ចេះ។ ទី​បញ្ចប់​គាត់​ប្រើ​ដូច​អំពើ​ហិង្សា​មួយ។ គាត់​ដឹង​ខ្លួន​ខុស អត់​សុំ​ទោស បែរ​ទៅ​ជា​ប្ដឹង​បក​ខ្ញុំ​ទារ​បួន​ដប់​លាន។ ម៉្លោះ​ហើយ​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ ស្នើ​ឡើង​ទៅ​ដល់ PEC ហើយ​PEC ក៏​យុត្តិធម៌ ទី​បញ្ចប់​គាត់​ដឹង​កំហុស គាត់​ធ្វើ​ពាក្យ​សុំ​ទោស​ខ្ញុំ»។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​ការិយាល័យ​បោះឆ្នោត​លេខ ០១១៥ លោក ទៀង សុភាព និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា លោក កែវ សាក់ឡូ ដើម្បី​សុំ​ការ​បកស្រាយ​លើ​ការ​ចោទប្រកាន់​របស់​មន្ត្រី​គណបក្ស សម រង្សី បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ២០១២។
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន។ លោក​មាន​ប្រសាសន៍​ថា នីតិ​វិធី នៃ​ការ​ប្ដឹង​របស់​សកម្មជន​គណបក្ស​សម រង្សី គឺ​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់​បោះឆ្នោត។ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​ការ​បកស្រាយ​លើ​បញ្ហា​នេះ​ទេ។
លោក ហួត ផុន៖ «ចំពោះ​ការ​ប្ដឹង​ផ្ដល់ គឺ​ពុំ​មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ គឺ​គ្រាន់​តែ​មាន​ការ​យល់​ច្រឡំ​រវាង​អ្នក​សង្កេត​ការណ៍ រវាង​អ្នក​ប្ដឹង និង​អ្នក​ដែល​ត្រូវ​ប្ដឹង​គេ​ប្ដឹង​ហ្នឹង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ មួយ​សន្លឹក​នេះ​ក៏​គ្មាន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត និង​ក៏​មិន​ប៉ះពាល់​ដល់​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ឃុំ​នោះ​ដែរ»។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ឃុំ និង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កម្មវត្ថុ​ដែល​សកម្មជន​គណបក្ស​សម រង្សី ត្រូវ​ប្ដឹង​នោះ គឺ​ជំទប់​ទី​៣ នៃ​ឃុំ​កំពេញ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ កែវ សាក់ឡូ មិន​មែន​លោក ទៀង សុភាព ដែល​ជា​ប្រធាន​ការិយាល័យ​នោះ​ទេ។ ប៉ុន្តែ​លោក  ស៊ុន វណ្ណា ដែល​ជា​សកម្មជន​គណបក្ស សម រង្សី បាន​រក​ឃើញ​ថា លោក កែវ សាក់ឡូ បាន​ធានា​អះអាង​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ពុំ​មាន​លិខិត​ស្នាម​បោះឆ្នោត​ត្រឹម​ត្រូវ​បាន​បោះឆ្នោត។ បន្ទាប់​មក​លោក​ ស៊ុន វណ្ណា ចោទ​ថា ប្រធាន​ការិយាល័យ និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវរ៉ូវ​គ្នា ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពុំ​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​នោះ​បាន​បោះឆ្នោត។
ក្រោយ​ពី​ការ​ចោទ​របស់​លោក ស៊ុន វណ្ណា ប្រធាន​ការិយាល័យ​បោះឆ្នោត លោក ទៀង សុភាព បាន​គំរាម​ថា​នឹង​ប្ដឹង​បក ប្រសិន​បើ​ដើម​ចោទ​រក​កំហុស​មិន​ឃើញ៕

No comments:

Post a Comment

yes