ដោយ វណ្ណ វិចារ
2012-06-09
អាជ្ញាធរមូលដ្ឋាននៅខេត្តមណ្ឌលគិរី ឲ្យដឹងថា មានស្ត្រីជនជាតិភាគតិចព្នងជាច្រើនរងនូវអំពើហិង្សាក្នុងគ្រួសារ ពីសំណាក់ប្ដីរបស់ពួកគេ។ ស្ត្រីទាំងនោះ អ្នកខ្លះទទួលការប្រមាថជេរស្តី ឲ្យធ្វើការងារណាធ្ងន់ៗ និងមានរហូតដល់គំរាមសម្លាប់ទៀត។
ស្ត្រីជនជាតិដើមព្នង អ្នកស្រី សឺន ហា អាយុ ៣៧ឆ្នាំ រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឲ្យដឹងថា អ្នកស្រីមានកូនបីនាក់នៅក្នុងបន្ទុក។ អង្គុយលើកំណាត់ឈើមុខផ្ទះទាំងទឹកភ្នែករលីងរលោង អ្នកស្រីសឺន ហា ប្រាប់ថា កាលពីថ្ងៃទី៤ ខែមិថុនា ប្ដីអ្នកស្រីស្រវឹងស្រា ហើយជេរកូនប្រពន្ធ មិនតែប៉ុណ្ណោះ ប្ដីអ្នកស្រីថែមទាំងស្រែកឡូឡាប្រកាសថា នឹងសម្លាប់កូនប្រពន្ធមួយគ្រួសារទៀតផង។
អ្នកស្រី សឺន ហា៖ «គាត់ស្រវឹងពេក ហើយនិយាយថា យកគ្រាប់បែកបោកឲ្យងាប់មួយពូជ ប្អូនខ្ញុំប្តឹងគាត់ គេចាប់គាត់ដាក់គុកបាត់ហើយ»។
អ្នកស្រីបន្តថា អ្នកស្រីមិនចង់ឲ្យប្ដីជាប់គុកឡើយ ព្រោះកូនៗរបស់អ្នកស្រីពិតជាត្រូវការឪពុកខ្លាំងណាស់។
ទន្ទឹមនឹងនេះ ស្ត្រីជនជាតិព្នងម្នាក់ទៀត នៅភូមិឡាំមេះ ដែរនោះ អ្នកស្រី ភឿន ប្រែម អាយុ ៤៥ឆ្នាំ ឲ្យដឹងថា អ្នកស្រីត្រូវបានប្ដីវាយ នឹងជេរ ជារៀងរាល់ថ្ងៃ។ អ្នកស្រីបន្តថា ប្ដី មួយថ្ងៃយ៉ាងតិចក៏ស្រវឹងបីដងដែរ ហើយឲ្យតែស្រាចូលពោះ គឺកាចតែម្តង។ អ្នកស្រី ភឿន ប្រែម បញ្ជាក់ថា អ្នកស្រីពិតជាពិបាកខ្លាំងណាស់ តាំងពីរកស៊ីចិញ្ចឹមគ្រួសារ និងរងនូវអំពើហិង្សាទៀត។
អ្នកស្រី ភឿន ប្រែម៖ «ស្រវឹងស្រា មានលុយ មានកាក់ គាត់ចង់យកពីយើងអីចឹង មួយដៃម៉ាំង ជួនកាលមួលស្វាងស្រា យើងសួរថា ម៉េចចឹង គាត់និយាយថា ប្រកាន់អីមនុស្សស្រវឹង»។
ទន្ទឹមនឹងនេះ តំណាងសហគមន៍ជនជាតិដើមព្នងឃុំប៊ូស្រា លោក ងេះ សុខ ឲ្យដឹងថា មិនមែនតែករណីពីរនេះទេ បច្ចុប្បន្នអំពើហិង្សាក្នុងគ្រួសាររបស់ជនជាតិដើមទាំងនោះកើនឡើងច្រើនណាស់ ដូចជាវាយដំ ជេរបញ្ជោរ បង្ខំឲ្យធ្វើការងារធ្ងន់ៗ ទាំងនេះជាប្រការគួរឲ្យព្រួយបារម្ភ។
យ៉ាងណាក៏ដោយ មេឃុំប៊ូស្រា លោក កេង ញ៉ក់ មានប្រសាសន៍ថាអំពើហិង្សានៅក្នុងឃុំប៊ូស្រា បណ្ដាលមកពីជីវភាពក្រីក្រ និងការចូលចិត្តផឹកស្រា។ លោកបន្តថា កន្លងមកមន្ទីរកិច្ចការនារីបានចុះទៅអប់រំដែរ តែហាក់ដូចមិនមានប្រសិទ្ធភាព។ លោក កេង ញ៉ក់ប ន្ថែមថា នៅឆ្នាំ២០១២ មានមនុស្ស បីនាក់ហើយ ដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ មកពីពួកគាត់ប្រើហិង្សាក្នុងគ្រួសារ៖ «ប្ដីផឹកស្រា ប្រពន្ធធ្វើចំការខ្វះជីវភាព ក៏ឈ្លោះគ្នាអញ្ចឹងទៅ »។
ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី លោកស្រី ជា ស៊ីយ៉េត មានប្រសាសន៍ថា ក្រុមការងារលោកស្រីបានចុះអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ គោលដៅនានា ដើម្បីជំរុញឲ្យមានការយល់ដឹងពីតម្លៃស្ត្រីក្នុងគ្រួសារ និងសង្គម។ លោកស្រីបន្តថា ស្ត្រីជនជាតិដើមភាគតិចព្នងជាអ្នករងនូវអំពើហិង្សាជាប្រចាំ ព្រោះប្រពៃណីជនជាតិនេះ ប្រពន្ធត្រូវទទួលបន្ទុកផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយប្តីជាអ្នកកាន់លុយ។
លោកស្រី ជា ស៊ីយ៉េត បន្ថែមថា បញ្ហាមួយទៀតជាដើមហេតុនៃអំពើហិង្សាក្នុងគ្រួសារនោះ គឺកង្វះខាតចំណេះដឹង៖ «ភាគច្រើនជាអ្នកមិនចេះអក្សរតែម្តង ពេលអប់រំតាមសហគមន៍ ភាគច្រើនស្ត្រីចូលរួម ការយោគយល់អធ្យាស្រ័យ ការសន្តោសប្រណី ការលើកលែង ទើបអាចកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារបាន»។
អ្នកស្រីបន្តថា ខេត្តមណ្ឌលគិរី មានការផ្សព្វផ្សាយឲ្យកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារដែរ ប៉ុន្តែសហគមន៍ជនជាតិដើមភាគតិច នៅតែមានអត្រាប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារខ្ពស់ដដែល។
អំពើហិង្សាក្នុងគ្រួសារ គឺជាការរំលោភបំពានពីជនណាម្នាក់នៅក្រោមដំបូលផ្ទះតែមួយ។ អំពើហិង្សាក្នុងគ្រួសារបែងចែកជាបួនប្រភេទ គឺអំពើហិង្សាខាងផ្លូវកាយ ទាក់ទងទៅនឹងការវាយដំ ការមួល ឬការក្ដិច អំពើហិង្សាខាងផ្លូវចិត្ត អំពើហិង្សាផ្នែកផ្លូវភេទ និងសេដ្ឋកិច្ច។
មន្ត្រីអង្កេតសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក ខេត្តមណ្ឌលគិរី លោក ង៉ូវ មេងសួន មានប្រសាសន៍ថា នៅខេត្តមណ្ឌលគិរី មានអំពើហិង្សាច្រើនប្រភេទណាស់ ដែលកើតមានជារៀងរាល់ថ្ងៃ។ លោកបន្តថា ចំពោះការផ្សព្វផ្សាយឲ្យយល់ដឹងវិញ ក៏មានកម្រិតទាបដែរ ជាពិសេសចំពោះជនជាតិដើមភាគតិចដែលនិយមចូលចិត្តផឹកស្រានោះ។
លោក ងូវ មេងសួន បញ្ជាក់ថា នៅឆ្នាំ២០១២ នេះ សមាគមន៍ អាដហុក ខេត្តមណ្ឌលគិរី បានទទួលពាក្យបណ្ដឹងសុំអន្តរាគមន៍ចំនួន ៧ករណី សុទ្ធសឹងជាករណីធ្ងន់ធ្ងរ ដែលស្ត្រីទាំងនោះមិនអាចទ្រាំបាន។
យោងតាមរបាយការណ៍រួមរបស់អង្គការក្រៅរដ្ឋាភិបាលឆ្នាំ២០០៨ ដែលផ្តល់ឱ្យដោយសមាគមន៍ អាដហុក បានឱ្យដឹងថា អំពើហិង្សាលើស្ត្រីនៅប្រទេសកម្ពុជា នៅតែមានការរាលដាល ហើយហិង្សានោះមានកម្រិតខ្ពស់ ប៉ះពាល់ដល់នារីកម្ពុជាប្រមាណពី២០% ទៅ ៣០%។
ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានចែងថា អំពើរំលោភដល់បូរណភាពនៃបុគ្គលនិមួយៗ នៅក្នុងគ្រួសារជាអំពើហិង្សាក្នុងគ្រួសារ។ ជនទាំងឡាយណា ដែលប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលទោសព្រហ្មទណ្ឌ។
ទោះជាយ៉ាងនេះក្តី អ្នកស្រី សឺន ហា ដែលប្ដីត្រូវបានសមត្ថកិច្ចឃុំខ្លួនពីបទគំរាមសម្លាប់គ្រួសារនោះ មិនចង់ឲ្យប្ដីខ្លួនជាប់គុកឡើយ ព្រោះអ្នកស្រីយល់ថា បើប្ដីជាប់គុក កូននឹងកំព្រាគ្មានទីពឹង។ អ្នកស្រីគ្រាន់តែចង់ឲ្យប្ដីឈប់ប្រើហិង្សាលើអ្នកស្រីប៉ុណ្ណោះ គឺបានហើយ៖ «រាល់ថ្ងៃពិតមែនគ្រួសារឈ្លោះគ្នា តែប្ដីខ្ញុំអ្នករកលុយ ផ្ទះគាត់អ្នកធ្វើ»។
ក្រុមអ្នកជំនាញខាងអំពើហិង្សាក្នុងគ្រួសារ ឲ្យដឹងថាអំពើនេះ បានជះឥទ្ធិពលជាច្រើនដល់រង្វង់គ្រួសារ និងសង្គម។ ចំពោះគ្រួសារ វាបង្កឱ្យខាតបង់សុភមង្គលនៅក្នុងគ្រួសារ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប៉ះពាល់យ៉ាងខ្លាំងដល់កូនៗ ដូចជាធ្វើឱ្យកូនមានការភ័យខ្លាច មិនសប្បាយចិត្ត អាចឈានទៅដល់ការបោះបង់ការសិក្សាចោលទាំងវ័យនៅក្មេង ដោយសារតែខូចសតិអារម្មណ៍។
បើសិនជាកូនស្រី ត្រូវប្រឈមនឹងបញ្ហាជួញដូរផ្លូវភេទ ចំណែកឯកូនប្រុសអាចប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ចំពោះសង្គមវិញ នឹងទទួលរងនូវការខាតបង់ជាច្រើន ហើយឈានទៅបង្កអស្ថិរភាពសង្គមទៀតផង។ ដំណោះស្រាយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារវិញ គឺជាការអប់រំផ្សព្វផ្សាយឲ្យបានខ្លាំងក្លាបំផុត តាមវិធីសាស្ត្រផ្សេងៗ ជាពិសេសចំពោះជនជាតិដើមភាគតិច ដែលមិនសូវទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងមានកម្រិតចំណេះដឹងទាប៕
No comments:
Post a Comment
yes