ដោយ មឿង ទុម
2012-06-09
ពលរដ្ឋខ្មែរអាមេរិករស់នៅតំបន់ជុំវិញរដ្ឋធានី វ៉ាស៊ីនតោន (Washington D.C) គ្រោងជួបជុំគ្នាធ្វើបាតុកម្ម នៅថ្ងៃអង្គារ ទី១២ ខែមិថុនា ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នៅសហរដ្ឋអាមេរិក។
លោក ហោ ណាំហុង គ្រោងនឹងជួបមន្ត្រីការបរទេសសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភា និងជំនួយការប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែនៅមិនទាន់មានព័ត៌មានលំអិតពីប្រធានបទ ដែលនឹងលើកមកពិភាក្សាគ្នានោះទេ។
តំណាងក្រុមអ្នករៀបចំបាតុកម្ម លោក ម៉ៃឃើល ដួង (Micheal Duong) មានប្រសាសន៍ថា ពួកគាត់នឹងដឹកនាំប្រតិភូចំនួន ១០រូប ទៅជួបជំនួយការនៃរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំទាស់នឹងវត្តមានលោក ហោ ណាំហុង។ លោកបន្តថា ការតវ៉ានេះ ដើម្បីសម្ដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាល ពីការរំលោភសិទ្ធិមនុស្ស។
លោក ម៉ៃឃើល ដួង៖ «វត្តមានរបស់ ហោ ណាំហុង ដែលជាអតីតខ្មែរក្រហម និងជាអតីតមេគុកបឹងត្របែក បានធ្វើឲ្យខ្មែរអាមេរិកាំង មិនសប្បាយចិត្ត រួមគ្នាគ្រោងធ្វើបាតុកម្ម និងជួបអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅថ្ងៃទី១២ ខាងមុខនេះ យើងមាន ២កម្មវិធី ទី១ នៅពេលព្រឹក ជំនួយការនៃរដ្ឋលេខាធិការក្រសួងការបរទេស (Assistant of Secretary of State) គាត់នឹងជួបគណៈប្រតិភូរបស់យើងមួយចំនួន។ យើងមានភស្តុតាងជាច្រើន បង្ហាញទៅក្រសួងការបរទេស អំពីទង្វើរបស់រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស និងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ល។»
លោក ម៉ៃឃើល ដួង បានឲ្យដឹងបន្ថែមថា បន្ទាប់ពីជួបនឹងមន្ត្រីក្រសួងការបរទេសរួចហើយ បាតុករនឹងរួមគ្នាធ្វើបាតុកម្មអហិង្សានៅមុខក្រសួងការបរទេស។
លោក ម៉ៃឃើល ដួង៖ «យើងធ្វើបាតុកម្មនៅមុខការិយាល័យក្រសួងការបរទេស នៅលើផ្លូវ ២២ និង ស៊ី។ យើងនឹងទៅជួបជុំ ខ្មែរមកពីតំបន់ផ្សេងក៏មកជួបជុំដែរ ដើម្បីទាមទារជួយការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចជាអ្នកនៅតំបន់បឹងកក់ និងបុរីកីឡា ជាដើម ដែលរាជរដ្ឋាភិបាល ហ៊ុន សែន ប្លន់យកដីគេ ហើយចាប់គេដាក់គុកទៀត។ នេះជាទង្វើអមនុស្សធម៌ និងយុងឃ្នង បន្ទាប់ពីរបបខ្មែរក្រហម»។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសុក្រ ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា លោក ហោ ណាំហុង ក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១២ នឹងជួបរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហីលឡារី ក្លីនតុន(Hillary Clinton) និងមន្ត្រីអាមេរិកមួយចំនួនទៀត។
សេចក្តីប្រកាសព័ត៌មាន មិនបានបញ្ជាក់លំអិតពីដំណើរទស្សនកិច្ចនោះទេ។ លោក គុជ ច័ន្ទលី ជាអ្នកវិភាគឯករាជ្យនៅរដ្ឋម៉ារីឡិន (Maryland) ដែលនឹងចូលរួមតវ៉ាវត្តមាន លោក ហោ ណាំហុង មានប្រសាសន៍ថា សហរដ្ឋអាមេរិកចង់ឃើញនូវជំហររបស់ពលរដ្ឋអាមេរិកាំង ថាតើពួកគេយល់យ៉ាងណា ចំពោះការគ្រប់គ្រងកម្ពុជា របស់រដ្ឋាភិបាល លោក ហ៊ុន សែន។
លោក គុជ ច័ន្ទលី៖ «យើងមិនស្វាគមន៍វត្តមានរបស់លោក ហោ ណាំហុង មកសហរដ្ឋអាមេរិកនេះទេ។ យើងមិនចង់ឲ្យអតីតមេខ្មែរក្រហម មកជួបមន្ត្រីក្រសួងការបរទេសអាមេរិកទេ។ ព្រោះវាអាចមានឥទ្ធិពលលើគោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ទៅខាងប្រទេសខ្មែរយើង។ ដូច្នេះហើយ បើមានខ្មែរយើងនៅទីនេះ រួបរួមគ្នាបង្ហាញនូវជំហរមិនគាំទ្រតំណាងរដ្ឋាភិបាលខ្មែរនៅភ្នំពេញនោះ សហរដ្ឋអាមេរិកគេនឹងរៀបចំគោលនយោបាយអន្តរជាតិរបស់គេចំពោះខ្មែរ អាស្រ័យទៅតាមជំហរនយោបាយរបស់ខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិកនេះដែរ»។
ក្រៅពីជួបនឹងមន្ត្រីសំខាន់ៗរបស់សហរដ្ឋអាមេរិក លោក ហោ ណាំហុង ក៏គ្រោងនឹងថ្លែងសន្ទរកថាស្តីអំពីការអភិវឌ្ឍនៅកម្ពុជា និងទំនាក់ទំនងសហរដ្ឋអាមេរិក នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោន៕
No comments:
Post a Comment
yes