សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

ប៉ូលិស​រង​ការ​ចោទ​ថា​ជួល​អ្នក​ភូមិ​កាប់​ព្រៃឈើ​យក​ដី​នៅ​ស្វាយ​រៀង

តំណាង​អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ភូមិ​ឈូក ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មិថុនា នេះ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​នាំ​កម្មករ​ប្រដាប់​ដោយ​ឧបករណ៍ មាន​គ្នា​ប្រមាណ ៧​ទៅ ៨​នាក់ ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ជា​កន្លែង​អភិរក្ស​របស់​សហគមន៍​ពួក​គាត់ ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៥០០​ហិកតារ ស្ថិត​ក្នុង​ភូមិ​ចំនួន ៣ គឺ​ភូមិ​ព្រែកផ្ដៀក ភូមិ​ឈូក និង ភូមិ​ថ្មី ឃុំ​ក្រសាំង។



តំណាង​អ្នក​ភូមិ៖ «មាន​បី​បួន​រូប​ហ្នឹង​ដដែល គេ​អ្នក​បញ្ជា ពេល​នោះ​គឺ​មាន​សមត្ថកិច្ច​មួយ​រូប​ឈ្មោះ កន ជា​តំណាង​អនុ​ប៉ុស្តិ៍ គេ​ជា​អ្នក​ទៅ​ការពារ​ផង ជា​អ្នក​ជួល​កម្មករ​ហ្នឹង ប្រហែល ៧​ទៅ ៨​នាក់ ដើម្បី​ទៅ​ត្រួសត្រាយ​យក​ធ្វើ​ជា​ផល​ប្រយោជន៍​របស់​ពួក​គេ។ ពេល​នោះ​កម្លាំង​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​ហ្នឹង ក៏​បាន​រឹប​អូស​យក​បាន​កាំបិត​ហ្នឹង​ចំនួន ៥​គ្រឿង យក​មក​ដើម្បី​ប្រគល់​ឲ្យ​លោក​មេឃុំ ប៉ុន្តែ​ថ្ងៃ​ទី​ប៉ុន្មាន ខ្ញុំ​មិន​បាន​កត់​ដែរ។ ឈ្មោះ កន ហ្នឹង​ក៏​បាន​ទ្បើង​ទៅ​គំរាម​កំហែង​ផ្ទះ​មេឃុំ តែ​អត់​មាន​មនុស្ស​នៅ​ទេ លោក​មេឃុំ​គាត់​ឈឺ​ផង គាត់​មាន​តែ​២​នាក់​ប្ដី​ប្រពន្ធ ពេល​នោះ​លោក​មេឃុំ​ក៏​បាន​តេ​មក​ប្រជាពលរដ្ឋ​ខ្ញុំ ប្រជាពលរដ្ឋ​ទៅ​ប្រហែល ៣០​ទៅ​៤០​នាក់ ដើម្បី​ទៅ​ជួយ​ទប់​ស្កាត់​រឿង​ដែល​វា​មក​គំរាម​កំហែង​លោក​មេឃុំ​ក្រសាំង គឺ​ឈ្មោះ ពោន សាង»

អនុប្រធាន​ប៉ុស្តិ៍​ឃុំ​ក្រសាំង គឺ​លោក ស៊ិន កន បាន​អះអាង​ថា អ្នក​ភូមិ​គ្រាន់​តែ​ទៅ​កាប់​ត្រាយ​ព្រៃ​ដាំ​ដំឡូង​របស់​ពួក​គាត់​ប៉ុណ្ណោះ គឺ​មិន​បាន​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ដូច​ការ​លើក​ទ្បើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។
លោក ស៊ិន កន៖ «អត់​មាន​ទេ ប្រជាពលរដ្ឋ​ហ្នឹង​ដឹក​នាំ​ដោយ​លោក ចៅ សុជាត និង​លោក ញេប ធឿន ហ្នឹង គាត់​ចេះ​តែ​ដើរ​នាំ​ប្រជាពលរដ្ឋ​បះបោរ​ធ្វើ​អញ្ចឹង​ទៅ ជួប​ទៅ ឃើញ​អ្នក​កាន់​កាំបិត​ចេះ​ដក​ហើយ​លាប​ពណ៌​ឲ្យ​គេ ត្រាយ​ហ្នឹង មាន​តែ​ព្រៃ ៤៨​គ្រួសារ​ដែល​សម្ដេច​គាត់​បាន​ចេញ ស.ជ.ណ ឲ្យ​ភូមិ​ត្រពាំងថ្មី អាស្រ័យ​ផល​ដាំ​ដំណាំ ឥឡូវ​គាត់​ដាំ​ដំឡូង​ដាំ​អី​អញ្ចឹង ឃើញ​មាន​សហគមន៍​ទៅ​កាប់​បំផ្លិច​បំផ្លាញ​ដើម​ដំឡូង​គេ​ហ្នឹង។ ហើយ​ថ្ងៃ​នេះ​ទៀត គាត់​ទៅ​ចាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​បាញ់​ថ្នាំ​ដាំ​ដំឡូង​ដែល​កន្លែង​ដី​ចែក​ឲ្យ​ហ្នឹង​កំពុង​តែ​ព័ន្ធ​អី​រញ៉េ​រញ៉ៃ​ពេញ​ព្រៃ​ហ្នឹង។ សហគមន៍​នេះ បើ​តាម​ខ្ញុំ​សួរ​មិន​ទាន់​មាន​ច្បាប់​អី​ទេ​បង​ទទេ»
មេឃុំ​ក្រសាំង គឺ​លោក ពោន សាង មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ការពារ​ព្រៃ​សហគមន៍ បាន​រឹប​អូស​សម្ភារៈ​កាប់​ព្រៃឈើ​មួយ​ចំនួន យក​មក​ប្រគល់​ឲ្យ​គាត់។ លោក​មេឃុំ​បន្ត​ថា លោក​អនុប្រធាន​ប៉ុស្តិ៍​ក្រសាំង ជា​អ្នក​ដឹក​នាំ​កម្មករ​ទៅ​កាប់​ត្រាយ​ព្រៃឈើ​សហគមន៍​នោះ។
លោក ពោន សាង៖ «ប្រជាពលរដ្ឋ​ហ្នឹង សហគមន៍ គាត់​ទៅ​ឃើញ​ផ្ទាល់​យក​សម្ភារៈ​មក​ប្រគល់​ខ្ញុំ​មាន​កាំបិត ៥​ដើម​ប្រជាជន​គេ​មិន​មែន​ចេះ​តែ​យក​ទេ គឺ​ពិត​បាន​គេ​យក។ ព្រោះ​ដី​សហគមន៍​ប្រជាពលរដ្ឋ​ការពារ​សហគមន៍​មែន។ ព្រោះ​ដី​សហគមន៍​វា​មាន​បង្គោល​បោះ​ទៅ​ហើយ ដល់​ប្រជាពលរដ្ឋ​ទៅ​ឃើញ​ដី​សហគមន៍​ហ្នឹង គេ​ទុក​ដើម្បី​សម្រាប់​អនុផល​របស់​គេ​ហ្នឹង គេ​ឃើញ​គេ​យក​សម្ភារៈ​ដែល​ត្រាយ​ហ្នឹង​ជា​ភស្តុតាង»
មន្ត្រី​សម្រប​សម្រួល​អង្គការ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ស្វាយរៀង គឺ​លោក បា្រក់ សារ៉ាន់ មាន​ប្រសាសន៍​ថា មន្ត្រី​ប៉ូលិស​ឆ្លើយ​ដើម្បី​ដោះ​ស្រាយ​ឲ្យ​រួច​ខ្លួន និង​ឆ្លើយ​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ គឺ​ពុំ​មាន​ភាព​យុត្តិធម៌​នោះ​ទេ។
លោក បា្រក់ សារ៉ាន់៖ «មាន​ការ​ស៊ីញេ​តាំង​ពី​មេឃុំ ចៅហ្វាយ​ស្រុក​ជំនាន់​នោះ យើង​ឃើញ​មាន​លិខិត​ស៊ីញេ​ពី​លោក ម៉ៅ វីរៈ ទទួល​ស្គាល់​សហគមន៍​របស់​គាត់ ហើយ​លោក​ប៉ូលិស​ថា ខុស​ច្បាប់ ចុះ​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​របស់​រដ្ឋ​ហ្នឹង​ទៅ​ជា​មិន​ខុស​ច្បាប់​ទៅ​វិញ​អញ្ចឹង»
ប្រជាពលរដ្ឋ​ការពារ​ព្រៃឈើ​សហគមន៍​ឃុំ​ក្រសាំង​សំណូមពរ​ឲ្យ​អាជ្ញាធរ ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​ការពារ និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​បន្ត និង​ដើម្បី​ជា​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ។ តែ​យ៉ាង​ណា​ក៏​ដោយ មក​ដល់​ពេល​នេះ​បញ្ហា​នៅ​ពុំ​ទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes