កន្លែងចាក់គរសំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ
ភ្នំពេញៈ ភ្នំសំរាមក្នុងរាជធានីភ្នំពេញអាចនឹងធ្វើឲ្យទីក្រុងនេះមាន ភ្លើងប្រើប្រាស់បន្ថែមទៀតនៅដើមឆ្នាំ ២០១៥ ប្រសិនបើគម្រោងវិនិយោគរោងចក្រផលិតឧស្ម័នដំណើរការតាមគម្រោង។ នេះបើយោងតាមក្រុមអភិវឌ្ឍន៍និងមន្រ្តីក្រុងបានអះអាង។
ក្រោមសំណើថ្មីមួយដាក់ទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រុមហ៊ុន Green Asia Global Corpora- tion កំពុងតែបន្តដំណើរការទៅមុខជាមួយនឹងការសិក្សា ដើម្បីកំណត់ពីលទ្ធភាពសង់រោងចក្រផលិតឧស្ម័នពីកាកសំណល់ មួយនៅកន្លែងចាក់កាកសំណល់ក្នុងខណ្ឌដង្កោដែលអាចបំប្លែងកាក សំណល់ជាង១.២០០តោនឲ្យទៅជាអគ្គិសនីកម្លាំង៣០មេហ្គាវ៉ាត់ ជាប្រចាំរាល់ថ្ងៃ។ នេះបើយោងតាម លោក លី ថាញ ប៊ីញ អគ្គនាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Green Asia Global បានលើកឡើង។
លោក លី ថាញ ប៊ីញ បានថ្លែងថា ៖ «យើងព្យាករឃើញថា អាចនឹងកាត់បន្ថយទំហំគំនរសំរាមបាន៣ទៅ៥ភាគរយ នៃទំហំបច្ចុប្បន្ន»។ លោកថា យើងនឹងប្រមូលយកសំរាមចំនួន ១៥០តោន ពីគំនរសំរាមនោះរាល់ថ្ងៃ ក្រៅពីបរិមាណសំរាមថ្មីដែលយកទៅចោលប្រចាំថ្ងៃ។
ក្រុមហ៊ុនគ្រោងនឹងលក់ថាមពលរបស់ខ្លួនឲ្យទៅអគ្គិសនីកម្ពុជា នៅតម្លៃ ៩,៥ សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោក អ៊ីវ វិសាល អនុប្រធានផ្នែកចែកចាយនៅអគ្គិសនីកម្ពុជា ថ្លែងថា៖ «៩,៥? ល្អណាស់»។
តាមលោក អ៊ីវ វិសាល រាជធានីភ្នំពេញបច្ចុប្បន្នត្រូវការអគ្គិសនីចំនួន ៣៧០ មេហ្គាវ៉ាត់ម៉ោង ក្នុងមួយថ្ងៃៗ ក្នុងនោះមាន ១៣៥ មេហ្គាវ៉ាត់ នាំចូលមកពីប្រទេសវៀតណាមក្នុងតម្លៃខ្ពស់ជាងតម្លៃក្រុមហ៊ុន Green Asia ហើយតម្លៃនិងការផ្គត់ផ្គង់អគ្គិសនីនាំចូលនេះ អាចប្រែប្រួល។
លោកបានប្រាប់ថា ៖ «យោងតាមកិច្ចសន្យា វៀតណាមត្រូវផ្តល់ភ្លើងឲ្យយើងចំនួន ២០០មេហ្គាវ៉ាត់ ប៉ុន្តែពួកគេនៅខ្វះ ដូច្នេះគេផ្តល់ឲ្យយើងបានត្រឹមតែ១៣៥ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ»។ លោកបន្ថែមថា នាពេលថ្មីៗនេះ អត្រាតម្លៃអគ្គិសនីនឹងមានការកើនឡើងចំនួន៣០ភាគរយ។
«យើងចង់ឲ្យអត្រាតម្លៃវាចុះទាបជាងមុន ដូច្នេះយើងអាចលក់ឲ្យអតិថិជនក្នុងតម្លៃទាប»។
តែទោះយ៉ាងនេះ សាលារាជធានីបានស្នើឲ្យតម្កល់ប្រាក់ពីក្រុមហ៊ុន Green Asia Global ចំនួន ១០ លានដុល្លារអាមេរិកដើម្បីធានាបញ្ជាក់ថា ខ្លួនមានគោលបំណងប្រាកដមែន។
លោក ជៀក អាង ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញមានប្រសាសន៍ថា៖ «ក្រុមហ៊ុនខ្លះគ្មានបំណងធ្វើពិតប្រាកដទេ នោះគឺជាមូលហេតុដែលអភិបាលរាជធានីលោកស្នើទៅក្រុមហ៊ុនឲ្យ តម្កល់ប្រាក់ធានាជាមុន»។
លោក លី បានសម្តែងការបារម្ភពីទំហំទឹកប្រាក់ដែលត្រូវតម្កល់នេះ ដោយសារថា ប្រាក់ចំណូលពីការលក់អគ្គិសនីវិញមានចំនួនតិច។
តែយ៉ាងណាលោក លី អះអាងថា គំនិតនៃការតម្រូវឲ្យមានការតម្កល់ប្រាក់កក់មុននេះមិន មែនជាបញ្ហាចោទទាំងស្រុង សម្រាប់ក្រុមហ៊ុនលោកទេ។
លោក លី បានបញ្ជាក់ដែរថា៖ «ក្រុមហ៊ុនយើងអាចបង្ហាញពីទឹកប្រាក់នោះបាន»៕
No comments:
Post a Comment
yes