សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

អ្នក​ឃ្លាំមើល៖ ប្រព័ន្ធ​តុលាការ​កម្ពុជា​លំអៀង​ទៅ​អ្នក​មាន​អំណាច


ក្រុម​អ្នក​ឃ្លាំមើល​អំពី​ដំណើរការ​យុត្តិធម៌​នៅ​កម្ពុជា និយាយ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មាន​ភាព​រើសអើង ដោយ​លំអៀង​ទៅ​អ្នក​មាន​អំណាច និង​ទ្រព្យធន តែ​សំរាប់​ជន​ក្រីក្រ និង​គ្មាន​ខ្នង​បង្អែក ជា​ទូទៅ​តែង​រង​អំពើ​អយុត្តិធម៌​នៅ​ពេល​មាន​រឿង​ក្ដីក្ដាំ​ណា​មួយ។
RFA Photo
១៩-មីនា-២០១០៖ ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​អាមេរិក។
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បោះ​ជំហាន​ថយ​ក្រោយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ តាម​រយៈ​ការ​កាត់​សេចក្ដី​មិន​ស្មើ​ភាព​គ្នា​រវាង​អ្នក​មាន​អំណាច និង​អ្នក​គ្មាន​អំណាច។
មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា តែង​កាត់​សេចក្ដី​ដោយ​ប្រើ​ស្ថាន​ទម្ងន់​ទោស​តែ​ទៅ​លើ​ពលរដ្ឋ​ទន់​ខ្សោយ គ្មាន​អំណាច គ្មាន​បក្សពួក ឬ​ក្រុម​អ្នក​នយោបាយ​ដែល​គ្មាន​អំណាច។
លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ តុលាការ​ខ្មែរ​តែងតែ​រក​លេស​គ្រប់​បែប​យ៉ាង និង​តាម​វិធី​ផ្សេងៗ​មាន​ចែង​ក្នុង​ច្បាប់​ក្ដី មិន​មាន​ក្ដី ដើម្បី​បន្ធូរបន្ថយ​ទោស​ដល់​ឧក្រិដ្ឋជន​ដែល​ជា​ក្រុម​មន្ត្រី ឬ​សាច់​ញាតិ​របស់​អ្នក​មាន​អំណាច។ លោក​អះអាង​ថា តុលាការ​តែង​រក​មធ្យោបាយ​ដាក់​បន្ទុក​អោយ​មាន​ទោស ឬ​ធ្វើ​អោយ​ទម្ងន់​ទោស​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​ពលរដ្ឋ​ទន់ខ្សោយ។

មាន​ករណី​ជា​ច្រើន​ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ មិន​អនុវត្ត​ស្រប​តាម​គតិយុត្តិ និង​ផ្ដល់​សេចក្ដី​សម្រេច​មិន​យុត្តិធម៌​នោះ រួម​មាន​ការ​ផ្ដន្ទាទោស​ភ្លាមៗ លើ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ ពលរដ្ឋ​តំបន់​បឹង​កក់ ១៥​នាក់ លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង លោក មឿង សុន ប្រធាន​អង្គការ​អរិយធម៌​ខ្មែរ អ្នក​កាសែត លោក រស់ សុឃិត បុគ្គលិក​អង្គការ​លីកាដូ លោក លាង សុខជឿន ករណី​លោក ប៊ន សំណាង និង​លោក សុខ អឿន។
ប៉ុន្តែ​តុលាការ​កម្ពុជា បាន​សម្រាល​ទោស​យ៉ាង​ច្រើន​ដល់​ក្រុម​មន្ត្រី ឬ​សែស្រឡាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជា​ករណី​លោក ឈូក បណ្ឌិត អតីត​ចៅហ្វាយ​ក្រុង​បាវិត ដែល​បាន​បាញ់​ដោយ​ចេតនា​ទៅ​លើ​កម្មករ​ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​របួស​ធ្ងន់ ក្រោយ​មក​ត្រូវ​បាន​តុលាការ​បង្វែរ​សំណុំ​រឿង​ពី​ទោស​ធ្ងន់​មក​ស្រាល ហើយ​អាច​នៅ​ក្រៅ​ឃុំ​ដោយ​សេរី។
កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា តុលាការ​ខេត្ត​កោះកុង បាន​ដោះលែង​លោក ប៊ុន សុខា ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​កូន​ចៅ​ពីរ​នាក់​ទៀត ក្រោយ​ពី​អ្នក​ទាំង​បី​បាន​ជាប់​ពន្ធនាគារ​តែ​ជាង​ពីរ​ខែ។
បើ​ទោះ​ជា​តុលាការ​បាន​រក​ឃើញ​ថា អ្នក​ទាំង​បី​មាន​ទោស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ក៏ដោយ ក៏​ចៅក្រម ហួន ម៉ានី បាន​រក​លេស​ជួយ​អោយ​អ្នក​ទោស​ទាំង​បី​រួច​ខ្លួន​ដោយ​មិន​ចាំបាច់​រស់​នៅ​ក្នុង​គុក។ កាល​ពី​ថ្ងៃ​ទី​៩ កក្កដា លោក​ចៅក្រម ហួន ម៉ានី បាន​ចេញ​សាលក្រម​ព្យួរ​ទោស​បី​ឆ្នាំ និង​សាកល្បង ៥​ឆ្នាំ​ដល់​អ្នក​ទាំង​បី។ គឺ​មាន​ន័យ​ថា ក្នុង​អំឡុង​ពេល​សាកល្បង ៥​ឆ្នាំ​នោះ បើ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត នឹង​ត្រូវ​ផ្ដន្ទាទោស​ថ្មី ហើយ​ត្រូវ​បូក​នឹង​ទោស​ព្យួរ​រយៈពេល​បី​ឆ្នាំ​នៅ​ក្នុង​សាលក្រម​បន្ថែម​ទៀត។
ប៉ុន្តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​សម្រេច​របស់​ចៅក្រម​ខេត្ត​កោះកុង​នេះ គ្រាន់​តែ​ជា​វិធី​ជួយ​អោយ​ជនល្មើស​ទាំង​បី​រួច​ខ្លួន​តែប៉ុណ្ណោះ ពីព្រោះ​សាលក្រម​ព្យួរ​ទោស និង​សាកល្បង​ទោស​នេះ មិន​តម្រូវ​អោយ​ជនល្មើស​ស្ថិត​នៅ​ក្នុង​គុក​នោះ​ទេ។ វិធី​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ មក​លើ​តារា​ខារ៉ាអូខេ តាត ម៉ារីណា ដោយ​អ្នកស្រី ឃួន សុផល។
អ្នកស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​បក្ស​ពួក បាន​ជះ​ទឹក​អាស៊ីដ​លើ​អ្នកស្រី តាត ម៉ារីណា កាល​ពី​ឆ្នាំ​១៩៩៩ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ទោស​រយៈពេល​មួយ​ឆ្នាំ ប៉ុន្តែ​បែរ​ជា​ទោស​ព្យួរ និង​សាកល្បង​ចំនួន ៥​ឆ្នាំ​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០០។ រហូត​មក​ទល់​ពេល​នេះ​គេ​មិន​ដែល​ឃើញ​អ្នកស្រី ឃួន សុផល ត្រូវ​បាន​ឃុំ​ខ្លួន​សូម្បី​មួយ​ថ្ងៃ​នោះ​ឡើយ។
កាល​ពី​ឆ្នាំ​២០០៣ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ការ​បើក​រថយន្ត​ធ្វេសប្រហែស​របស់​ខ្លួន ក្មួយ​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា បាន​បាញ់​មនុស្ស​ក្បែរ​ស្តាត​អូឡាំពិក បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​អស់​ជា​ច្រើន​នាក់។
បើ​ទោះ​ជា​សាក្សី​បាន​ឃើញ នឹម សុភា កាន់​កាំភ្លើង​បាញ់​ជន​រងគ្រោះ​ដោយ​ផ្ទាល់​ដៃ​ក៏ដោយ ក៏​តុលាការ​ក្រុង​ភ្នំពេញ បាន​ត្រឹម​ផ្ដន្ទាទោស នឹម សុភា ត្រឹម​បទ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​ប៉ុណ្ណោះ ហើយ​អោយ​អ្នក​ផ្សេង​ឈ្មោះ សំ ដឿន ដែល​ជា​មិត្តភ័ក្ដិ​របស់ នឹម សុភា ជា​អ្នក​ជាប់​ទោស​ជំនួស។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា កម្ពុជា​គឺ​ជា​ឋាន​សួរ​នៃ​និទណ្ឌភាព ដោយសារ​អំណាច​នីតិប្រតិបត្តិ​កំពុង​ញាំញី​ខ្លាំង និង​កំពុង​បំផ្លាញ​ដល់​ដំណើរ​ការ​រក​យុត្តិធម៌​ដោយ​ឯករាជ្យ​នៃ​តុលាការ​របស់​ប្រទេស។
លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​ជន​ដៃដល់​ដែល​សំលាប់​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក រស់ សុវណ្ណរ៉េត អ្នក​កាសែត​លោក ឃឹម សម្បូរ តារា​ភាពយន្ត​ល្បីល្បាញ​អ្នកស្រី ពិសិដ្ឋ ពិលីការ រួម​នឹង​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​រយៈពេល​កន្លង​មក​នេះ តុលាការ​កម្ពុជា បាន​ផ្ដន្ទាទោស​មន្ត្រី​សមត្ថកិច្ច​ជាន់​ខ្ពស់​មួយ​ចំនួន ដូចជា​ករណី​លោក ម៉ឹក ដារ៉ា ឧត្ដមសេនីយ៍​នគរបាល​ផ្កាយ​បី ក្នុង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន ករណី​លោក ហេង ពៅ អតីត​ស្នងការ​ក្រុង​ភ្នំពេញ ពី​បទ​សំលាប់​ចៅក្រម សុខ សេដ្ឋាមុន្នី និង​ករណី​លោក ឈឿន ចាន់ថន ប្រធាន​អង្គរក្ស​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រសួង​ការពារ​ជាតិ រួម​នឹង​ករណី​ជា​ច្រើន​ដែល​តុលាការ​កម្ពុជា បាន​ចាត់ការ។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា សំណុំ​រឿង​ទាំង​នេះ​ទំនង​មាន​ការ​បង្កប់​នូវ​មូលហេតុ​នយោបាយ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ថា តុលាការ​កម្ពុជា កំពុង​ដំណើរ​ការ​កិច្ចការ​របស់​ខ្លួន​បាន​ត្រឹមត្រូវ។
លោក សំ ប្រជាមានិត ដែល​ជា​មន្ត្រី​ខុទ្ទកាល័យ​នៃ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា តុលាការ​កម្ពុជា​តែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា ទាក់ទិន​នឹង​ករណី​របស់​លោក ឈូក បណ្ឌិត នោះ​ដែរ តុលាការ​ខេត្ត​ស្វាយរៀង កំពុង​យក​ចិត្ត​ទុក​ដាក់​រក​យុត្តិធម៌​សំរាប់​ភាគី​ទាំង​សង​ខាង។
ប៉ុន្តែ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា តុលាការ​កម្ពុជា​ប្រើប្រាស់​ពេល​វេលា​យូរ​ក្នុង​ការ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច ហើយ​ផ្ទុយ​ទៅ​វិញ តុលាការ​តែង​ចាត់​ការ​ភ្លាមៗ​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ ដែល​មិន​ថែម​ទាំង​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផង​នោះ។
ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា តុលាការ​កម្ពុជា​បាន​ជួយ​សំរួល ឬ​ជួយ​លាក់​កំបាំង​ច្រើន​ដល់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ​ដែល​ស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែក​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មន្ត្រី​មាន​អំណាច ឬ​សែស្រឡាយ​របស់​មេ​ដឹក​នាំ​ខ្មែរ​ខ្លះ​រួច​ខ្លួន​ពី​ការ​ប្រព្រឹត្ត​បទល្មើស​បាន ដោយសារ​អ្នក​ទាំង​នោះ​មាន​ទាំង​អំណាច មាន​ទាំង​លុយ​ដើម្បី​ជួល​មេធាវី​ពូកែៗ​ការពារ​ក្តី​ឲ្យ​ពួក​គេ។ លោក​បន្ត​ថា ពលរដ្ឋ​ក្រីក្រ​ទន់​ខ្សោយ​មិន​មាន​លទ្ធភាព​ធ្វើ​ដូច្នោះ​បាន​ទេ។
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) កាល​ពី​ខែ​មិថុនា បាន​រាយការណ៍​ថា ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា មាន​លក្ខណៈ​អន់​ថយ​ដែល​មិន​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ ហើយ​តុលាការ​នៃ​ប្រទេស​មួយ​នេះ​តែង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ទន់​ខ្សោយ​តាម​រយៈ​ការ​បន្ត​បទ​ចោទ​ប្រកាន់​ករណី​បរិហារកេរ្តិ៍ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ការ​រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជាដើម។
អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិ ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ច្បាប់​របស់​កម្ពុជា ហាក់​បង្កើត​ឡើង​សំរាប់​មនុស្ស​ពីរ​ក្រុម គឺ​ក្រុម​ពលរដ្ឋ​សាមញ្ញ និង​ពលរដ្ឋ​វិសាមញ្ញ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សាមញ្ញ​ជា​ក្រុម​មនុស្ស​ដែល​នៅ​ក្រោម​ច្បាប់ រី​ឯ​ពលរដ្ឋ​វិសាមញ្ញ​គឺ​ជា​ក្រុម​មនុស្ស​ដែល​នៅ​លើ​ច្បាប់។ លោក​បន្ត​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​កម្ពុជា នៅ​មិន​ទាន់​មាន​លក្ខណៈ​ស្រប​ច្បាប់។
តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាល​ពី​ដើម​ខែ​ឧសភា បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ពង្រឹង​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​អោយ​ក្លាយ​ជា​ស្ថាប័ន​រក​យុត្តិធម៌​មួយ​ដ៏​មាន​ប្រសិទ្ធភាព​នោះ លុះ​ត្រា​កម្ពុជា ត្រូវ​អនុម័ត​ច្បាប់​ដែល​នៅ​សេស​សល់​ចំនួន​បី​សំខាន់ៗ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស ពោល​គឺ​ស្មារតី​នៃ​ច្បាប់​ទាំង​បី​នេះ ត្រូវ​តាក់​តែង​ឡើង​ដោយ​មិន​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ។
ច្បាប់​សំខាន់​ទាំង​បី​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ តម្រូវ​អោយ​អនុម័ត​ឡើង​នោះ មាន​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម៕

No comments:

Post a Comment

yes