ដោយនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី១១កក្កដាខាងមុខនេះ ប្រមុខការទូតរបស់សហរដ្ឋអាមេរិកនឹងមកដល់ស្រុកខ្មែរ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននោះ កាលពីព្រឹកមិញក្រុមប្រជាពលរដ្ឋពីសហគមន៏បុរីកីឡា ប្រមាណ១៥នាក់បានលើកគ្នាដាក់ញត្តិទៅស្ថានទូតអាមេរិក ដែលជាសារប្រាប់លោក ស្រីហ៊ីលឡារី គ្លីនតុន ពីការរំលោភកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន ផានអ៊ីមេច ដែលស្និទ្ធនឹងរដ្ឋាភិបាល ។
លោកស្រី ហ៊ីឡារីគ្លីនតុន ដែល ពលរដ្ឋ សហគមន៏ បុរីកីឡា រំពឹង ថា នឹងជួយ អន្តរាគមន៏ រក យុត្តិ ធម៌ ឲ្យ ដល់ ពួក គេ
សារនោះបានរំឭកថា កាលពីឆ្នាំ២០០៣រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ដីសម្បទានសង្គមកិច្ចទំហំ ៤,៦០ហិកតា ឲ្យប្រជាពលរដ្ឋក្រីក្រចំនួន ១០ សហគមន៍នៅបុរីកីឡា មានស្ថិតិ ១.៧៧៦គ្រួសារ ធ្វើការអភិវឌ្ឍលំនៅដ្ឋាននៅនឹងកន្លែងឲ្យបានសមរម្យ។
ប៉ុន្តែ ក្រោយពីក្រុមហ៊ុនផានអ៊ីម៉ិច ទទួលបានសិទ្ធិសង់លំនៅដ្ឋាន និង បានចុះកិច្ចសន្យាជាមួយតំណាងសហគមន៍ទាំង១០ និងសាលារាជធានីភ្នំពេញ យល់ព្រមសាងសង់អគារស្នាក់នៅចំនួន១០ អគារ កំពស់ ៦ជាន់ ដែល ១អគារមាន ១៧៤បន្ទប់ លើផ្ទៃដី ២ហិកតា នៅសល់ផ្ទៃដី ២.៦០ហិកតា ប្រគល់ជូនក្រុមហ៊ុនជាថ្នូរនឹងកាសាងសង់អគារទាំង១០ជូនប្រជាពលរដ្ឋ ។ តែ បច្ចុប្បន្នក្រុមហ៊ុនបញ្ឈប់ការសាងសង់ត្រឹម ៨អគារ ដោយសំអាងថា ខ្លួនមានការខាតបង់ក្នុងការសាងសង់អគារទាំង៨ ហើយអគារទី៨ ដែលទើបសាងសង់រួចថ្មីៗ មិនទាន់បានឲ្យប្រជាពលរដ្ឋចាប់ឆ្នោតដើម្បីស្នាក់នៅដូចអគារមុនៗផង ស្រាប់តែនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនបានយកគ្រឿចក្រ និងកម្លាំងប៉ូលិសរបស់ស្នងការរាជធានី ប្រមាណជាង ៣០០នាក់ មកឈូសឆាយលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ៣០០គ្រួសារ ដោយគ្មានសេចក្ដីជូនដំណឹងជាមុន និងសាលក្រមសម្រេចរបស់តុលាការឡើយ។ ក្នុងខណៈគ្រឿងចក្រកំពុងឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋបណ្ដើរ ក្រុមហ៊ុនបានបញ្ជាឲ្យធ្វើការហ៊ុមព័ន្ធមិនឲ្យប្រជាពលរដ្ឋបានចូលទៅរស់នៅលើដីនោះឡើយ។
គូរបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលដីធ្លីផ្ទះសម្បែងរបស់ពួកគេត្រូវបានរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់ក្រុមហ៊ុននិងពួកអ្នកមានអំណាចនៃរបបនេះ តែងតែព្យាយាមលាតត្រដាងសេចក្ដីទុក្ខសោករបស់ពួកគេ នៅពេលដែលពួកមេដឹកនាំនៃប្រទេសមហាអំណាចមកបំពេញបេសកម្មក្នុងស្រុកខ្មែរម្ដង ដែលយ៉ាងហោចណាស់បានធ្វើឲ្យពួកគេបានអស់ចិត្តនិងធូរស្រាលពីសេចក្ដីទុក្ខសោកដ៏តានតឹងនេះដែរ៕
No comments:
Post a Comment
yes