សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ពោធិ៍សាត់​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចេញ​ប្លង់​កម្មសិទ្ធិ


ប្រជាពលរដ្ឋ​ប្រមាណ​១៥០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី២​៣ សីហា បាន​លើក​គ្នា​មក​កាន់​សាលា​ខេត្ត​ពោធិ៍សាត់ ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដែន​ដី​ជំរុញ​ឲ្យ​អាជ្ញាធរ​ជំនាញ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​លំនៅឋាន​ឲ្យ​ពួក​គាត់។
RFA/Mondul Keo
ពលរដ្ឋ​ហែ​ក្បួន​បាតុកម្ម​ទៅ​កាន់​សាលា​ខេត្ត​ពោធិ៍សាត់ តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២។
យោធា​ពិការ​ឈ្មោះ សម សារឿន អាយុ​៥៥​ឆ្នាំ ជា​អតីត​អនុសេនីយ៍​ទោ​នៃ​វរៈ​សេនា​ធំ​លេខ​៩២ ខេត្ត​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ពី​មូលហេតុ​ដែល​គាត់​មក​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​នេះ គឺ​ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​លំនៅឋាន​ដល់​ពួក​គាត់។ យោធា​ពិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​មក​រស់នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​គាត់​ត្រូវ​បាន​រំសាយ​ពី​កងទ័ព។ គាត់​ថា ដី​ដែល​គាត់​សង់​លំនៅឋាន​នេះ គឺ​ខាង​អង្គភាព​យោធា​កាល​ណោះ បាន​ចែក​ឲ្យ​គាត់ មិន​មែន​គាត់​ទៅ​ចាប់​យក​ដោយ​ខ្លួន​ឯង​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ខេត្ត​បែរ​ជា​ថា​ដី​ដែល​គាត់​កំពុង​រស់នៅ​នេះ ជា​ដី​របស់​រដ្ឋ​ទៅ​វិញ។
លោក សម សារឿន៖ «ដី​នេះ​គេ​ចែក​ឲ្យ​យូរ​ហើយ ជា​របប​របស់​យោធា​ដែល​អត់​មាន​ដីធ្លី។ គេ​ចែក​ឲ្យ​ម្នាក់​មួយ​ប្រឡោះៗ​ឲ្យ​គ្រួសារ​ទ័ព។ ដល់​ឥឡូវ​គេ​អត់​ធ្វើ​ប្លង់​ឲ្យ តើ​ឲ្យ​ខ្ញុំ​សង្ឃឹម​អី តែ​អត់​មាន​ប្លង់​កម្មសិទ្ធិ គឺ​គេ​ចង់​ដក​យក​ពេល​ណា​ក៏​បាន។ ខ្ញុំ​ខំ​តស៊ូ​ពី​៧៩​មក​ដែរ ដល់​ឥឡូវ​បាត​ដៃ​ទទេ»

ប្រជាពលរដ្ឋ​ដែល​លើក​គ្នា​មក​តវ៉ា​នេះ រួម​មាន​មក​ពី​៥​ចំណុច គឺ​ចំណុច​ខាង​ក្រោយ​សាលា​ខេត្ត ចំណុច​ខាង​ក្រោយ​មន្ទីរ​សុខាភិបាល​ខេត្ត ចំណុច​អតីត​វាល​យន្តហោះ និង​ចំណុច​ច្រមុះ​ជ្រូក ចំណុច​ជាប់​របង​មន្ទីរ​កសិកម្ម​ជាដើម ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ។
អតីត​អនុប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ អ្នកស្រី ភី សោភា មាន​ប្រសាសន៍​ថា ដី​លំនៅឋាន​នេះ អ្នកស្រី​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ស្រាប់​តែ​ឥឡូវ​គេ​បែរ​ជា​ថា​ដី​នេះ​ជា​ដី​ក្នុង​បញ្ជីសារពើភណ្ឌ​ទៅ​វិញ៖ «ខ្ញុំ​ខំ​តស៊ូ​តាំង​ពី​ប៉ុន្មាន​ជំនាន់​មក​ហើយ ដល់​ឥឡូវ​បែរ​ជា​មាន​ដី​តែ​២០​ម៉ែត្រ ហើយ​វា​អត់​មាន​កម្មសិទ្ធិ​ខ្លួន​ឯង អ៊ីចឹង​វា​ដូច​ជា​តូចចិត្ត​ណាស់។ ដូច្នេះ​សុំ​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ដីធ្លី​ឲ្យ​ប្រជាជន​រស់នៅ​មាន​កម្មសិទ្ធិ​ផង»
ការ​តវ៉ា​នេះ កើត​ឡើង​បន្ទាប់​ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បាន​ទៅ​វាស់វែង​ដើម្បី​ធ្វើ​ប្លង់​ដី​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ពោធិ៍សាត់ តែ​មិន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ទាំង​៥​ខាង​លើ។
ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្លះ​មក​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៨៥ និង​ខ្លះ​ទៀត​ពី​ឆ្នាំ​២០០៣។
សំខាន់​ទៅ​ទៀត​នោះ គេ​សង្កេត​ឃើញ​ថា លំនៅឋាន​ភាគ​ច្រើន គឺ​ជា​ប្រភេទ​លំនៅឋាន​ដែល​សាងសង់​ពី​ថ្ម ដែល​មាន​គ្រឹះ​រឹងមាំ និង​មាន​ទាំង​ដំណាំ​ហូប​ផ្លែ​គ្រប់​ប្រភេទ ដូច​ជា​ដូង ស្វាយ យ៉ាង​ច្រើន​ទៀត​ផង។
អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា បាន​សន្យា​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៥​រូប ដែល​បាន​ចូល​ទៅ​ជួប​ចរចា​ជាមួយ​លោក​នោះ​ថា អាជ្ញាធរ​ខេត្ត​កំពុង​សុំ​គោលការណ៍​កាត់​ដី​តំបន់​ជម្លោះ​នេះ ចេញ​ពី​បញ្ជីសារពើភ័ណ្ឌ​រដ្ឋ។ លោក​ថា បន្ទាប់​ពី​ថ្នាក់​ជាតិ​យល់​ព្រម​ហើយ​នោះ អាជ្ញាធរ​ខេត្ត​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ភ្លាម។
នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រំសាយ​ការ​ធ្វើ​បាតុកម្ម​តវ៉ា៕

No comments:

Post a Comment

yes