សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 15, 2012

ទាហាន​ថៃ​តាម​ព្រំដែន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣៨​នាក់​ក្នុង​រយៈពេល​៦ខែ


មន្ត្រី​ព្រំដែន​កម្ពុជា-ថៃ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​អះអាង​ថា សមត្ថកិច្ច​ថៃ​បាន​បន្ត​ប្រើ​ហិង្សា​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា តាម​ព្រំដែន​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ។ មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ៦​ខែ​ដើម​ឆ្នាំ​២០១២ សមត្ថកិច្ច​ថៃ​បាន​បាញ់​សម្លាប់ និង​ចាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ដាក់​ពន្ធនាគារ​មាន​ជាង​២០០​នាក់។
មន្ត្រី​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១២ សមត្ថកិច្ច​ថៃ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​កម្ពុជា-ថៃ មាន​ចំនួន​៣៨​នាក់។
លោក​ឧត្តម​សេនីយ៍​ត្រី ពេជ្រ វណ្ណា ជា​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ថា ៦​ខែ​ដើម​ឆ្នាំ​២០១២ ករណី​ពលរដ្ឋ​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹកដី​ថៃ ឬ​តាម​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​សមត្ថកិច្ច​ថៃ​បាញ់​ស្លាប់​ជិត​៤០​នាក់ របួស​ចំនួន​១០​នាក់ ចាប់​ដាក់​ពន្ធនាគារ​១៩៤​នាក់ និង​បាត់​ខ្លួន​ម្នាក់ សរុប​មាន​ចំនួន​២៤៣​នាក់ ប៉ុន្តែ ថៃ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ចំនួន​៨០​នាក់។

លោក ពេជ្រ វណ្ណា៖ «យើង​មាន​តែ​ទប់​ស្កាត់​ប្រជាពលរដ្ឋ​យើង​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​គេ ទៅ​កាប់​ព្រៃ កាប់​ឈើ របស់​គេ។ យើង​មិន​ដឹង​ជា​ទៅ​ឃាត់​គេ​មិន​ឲ្យ​បាញ់​មិន​កើត​ទេ បើ​ប្រជាពលរដ្ឋ​យើង​ចេះ​តែ​លួច​ចូល​កាប់​ព្រៃ​កាប់​ឈើ​គេ​អ៊ីចឹង​នោះ។ យើង​គ្រាន់​តែ​មាន​សិទ្ធិ​សំណូម​ពរ​គេ​ឲ្យ​មាន​ការ​យោគយល់ កុំ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​ទៀត ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​ប្រទេស។ ព្រោះ​ប្រជាពលរដ្ឋ​យើង​បាន​ទប់​ស្កាត់​គ្រប់​បែប​យ៉ាង តែ​មិន​ដឹង​ជា​លួច​ចូល​តាម​ណា ទប់​មិន​ជាប់»
មន្ត្រី​ព្រំដែន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ខ្មែរ ដែល​ត្រូវ​ថៃ​បាញ់​សម្លាប់ និង​ចាប់​ដាក់​ពន្ធនាគារ ជាប់​ទាក់​ទង​ករណី​ចូល​កាប់​ឈើ និង​ករណី​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។
ទាក់​ទិន​បញ្ហា​នេះ លោក ស៊ុំ ចន្ទគា ប្រធាន​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ស្គាល់​ថា សមត្ថកិច្ច​ថៃ ពិត​ជា​បន្ត​ប្រើ​ហិង្សា​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ នៅ​តាម​ព្រំដែន​ពិត​មែន ទោះ​មន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ច្រើន​លើក​បែប​ណា​ក្តី។
លោក ស៊ុំ ចន្ទគា៖ «គ្រាន់​តែ​ចរចា​បាន​តែ​ពីរ​ថ្ងៃ នា​ពេល​កន្លង​ទៅ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្រែក​កុំ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ ពីរ​ថ្ងៃ​ក្រោយ​មក គឺ​មាន​ការ​បាញ់​សម្លាប់​កើត​ឡើង។ យើង​ឃើញ​ថា ទាក់​ទិន​បញ្ហា​ហ្នឹង ថៃ​បាន​គឃ្លើន​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គិត​អំពី​សិទ្ធិ​មនុស្ស ចំពោះ​ប្រទេស​របស់​ខ្លួន​ដែល​មាន​ច្បាប់។  មិន​បាន​គិត​ទៅ​លើ​ជីវិត​របស់​មនុស្ស​ត្រូវ​ការ​រស់​រាន​មាន​ជីវិត ត្រូវ​ការ​សេចក្តី​ថ្លៃថ្នូរ ត្រូវ​ការ​គេ​យក​ចិត្ត​ទុក​ដាក់ និង​ការពារ ប៉ុន្តែ​ថៃ នៅ​តែ​បន្ត​បាញ់​សម្លាប់ ធ្វើ​ទុក្ខបុកម្នេញ​ធំដុំ រហូត​ប៉ះពាល់​ដល់​ជីវិត​ខ្មែរ​យ៉ាង​នេះ»
មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ តាម​ព្រំដែន បន្ត​កើត​មាន​រាប់​សិប​ករណី ជា​រៀងរាល់​ឆ្នាំ។
របាយការណ៍​របស់​មន្ត្រី​ព្រំដែន​កម្ពុជា-ថៃ បាន​បង្ហាញ​ថា ៦ខែ​ដើម​ឆ្នាំ​២០១២ នេះ សមត្ថកិច្ច​ថៃ បាន​ចាប់​បញ្ជូន​ពលរដ្ឋ​កម្ពុជា ឆ្លង​ដែន​ខុស​ច្បាប់​មក​កម្ពុជា​វិញ​បាន​ជិត​១.៥០០​លើក សរុប​ចំនួន​មនុស្ស​មាន​ជិត​៧ម៉ឺន​នាក់ ស្ត្រី​មាន​ជិត​២ម៉ឺន​៥រយ​នាក់។
របាយការណ៍​ដដែល ក៏​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១លាន​៩សែន​នាក់ បាន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​រយៈពេល​៦ខែ ឆ្នាំ​២០១២។
សមត្ថកិច្ច​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា ភូមិសាស្ត្រ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ សរុប​មាន​ជាង​៨០០​គីឡូ​ម៉ែត្រ គិត​ចាប់​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង រហូត​ដល់​ច្រក​មុំ​បី ខេត្ត​ព្រះវិហារ។
ខេត្ត​មាន​ភូមិ​សាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា-ថៃ មាន​ចំនួន​៧​ខេត្ត គឺ​ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ សរុប​មាន​ច្រក​ព្រំដែន​ចំនួន​២២​ច្រក និង​ច្រក​ព្រំដែន​អន្តរជាតិ​មាន​ចំនួន​៦​ច្រក៕

No comments:

Post a Comment

yes