សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

សាក្សី​ប្រាប់​អំពី​ការ​ចាប់​មនុស្ស​នៅ​ក្រសួង​ការបរទេស​​ក្នុង​​របប​ខ្មែរ​ក្រហម

នៅ​ថ្ងៃ​ទី ៦ ខែ​សីហា សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​សាក្សី ឈ្មោះ សួង ស៊ីគឿន ហៅ គង់ ដែល​ជា​កម្មាភិបាល​មួយ​រូប​ទៀត នៃ​ក្រសួង​ការ​បរទេស ឬ​ហៅ​កាត់​ថា មន្ទីរ ប១ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
RFA/Leng Maly
៥-កក្កដា-២០០៦៖ លោក សួង ស៊ីគឿន ហៅ គង់ អតីត​បក្ខជន​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​កម្មាភិបាល​មួយ​រូប នៃ​ក្រសួង​ការ​បរទេស ហៅ​កាត់​ថា មន្ទីរ ប១ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ថត​នៅ​ផ្ទះ​របស់​លោក​ក្នុង​ស្រុក​ម៉ាឡៃ។

ការ​ថ្លែង​អំពី​ការ​សោកស្ដាយ​របស់​សាក្សី សួង ស៊ីគឿន គឺ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​គាត់​ពន្យល់​អំពី​របៀប​ដែល​គេ​ចាប់​មនុស្ស​នៅ​ក្រសួង​ការ​ បរទេស តាម​ចម្លើយ​សារភាព​របស់​អ្នក​ទោស​នៅ​គុក​ទួលស្លែង ឬ​ហៅ​កាត់​ថា មន្ទីរ ស-២១។ លោក​ថា​ពេល​នោះ មិន​មែន​ជា​បដិវត្ត​បម្រើ​ជាតិ​ទេ៖ «សុំ​ អត់​ទោស​បងៗ ខ្ញុំ​ថា បើ​ខ្ញុំ​ដឹង​មុន ខ្ញុំ​អត់​ចូល​ជិត​ទេ ប៉ុន្តែ​សំណាង​ខ្ញុំ។ បើ​សិន​ខ្ញុំ​ដឹង​នៅ​ពេល​នោះ ខ្ញុំ​ក៏​មិន​បាន​រស់​ដែរ ព្រោះ​ខ្ញុំ​មិន​ខ្លាច​ទេ វា​ដល់​ក។ ធ្វើ​ដល់​អ៊ីចឹង វា​មិន​មែន​អី​ជា​សង្គម​និយម មិន​មែន​ជា​បដិវត្ត មិន​មែន​បម្រើ​ប្រជាជន ឬ​បម្រើ​ជាតិ​ទេ។ ខ្ញុំ​ឈឺ​ចាប់​ណាស់»
នៅ​ពេល​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជអាជ្ញា ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី ៦ សីហា សាក្សី សួង ស៊ីគឿន ដែល​អះអាង​ថា ជា​សកម្មជន​បក្ស​កុម្មុយនិស្ត​កម្ពុជា​មួយ​រូប បាន​រំឭក​ដល់​មិត្តភ័ក្ដិ​របស់​គាត់​ម្នាក់​ដែល​ត្រូវ​ស្លាប់​ដោយ​សារ​ មន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក សួង ស៊ីគឿន ហៅ​រឿងរ៉ាវ​មិត្តភ័ក្ដិ​របស់​គាត់​នៅ​គុក​ទួល​ស្លែង​នោះ​ថា ជា​វិនាសកម្ម​ដែល​ធ្វើ​ឱ្យ​គាត់​ឈឺចាប់ និង​ហួស​ចិត្ត៖ «ការ ​វិនាសកម្ម​នេះ ខ្ញុំ​ឃើញ​នៅ​ទួល​ស្លែង ខ្ញុំ​ទៅ​មើល​ទួល​ស្លែង គឺ​មិត្តភ័ក្ដិ​ខ្ញុំ​ដែល​ស្លូត​ត្រង់ ខ្ញុំ​ហួស​ចិត្ត​តែ​ម្ដង។ ស្លូត​ត្រង់​ជា​គ្រូពេទ្យ ហើយ​ជា​មនុស្ស​ល្អ យក​គ្នា​ទៅ​សម្លាប់​ចោល គឺ​វា​អាណោចអាធ័ម​ណាស់»
ទាក់ទង​នឹង​វិនាសកម្ម​នៅ​ក្នុង​របប​​កម្ពុជា​ប្រជាធិបតេយ្យ សាក្សី​ជម្រាប​អង្គ​សវនាការ​ការ​ថា នៅ​ក្រសួង​ការ​បរទេស​ក្នុង​សម័យ​កាល​នោះ គាត់​ឃើញ​មាន​មនុស្ស​សំខាន់ៗ ជា​ច្រើន​រូប រាប់​ទាំង​មិត្តភ័ក្ដិ​របស់​គាត់​ផង បាន​បាត់​ខ្លួន។ ប៉ុន្តែ​គាត់​មិន​ដឹង​ថា អ្នក​ទាំង​នោះ​បាត់​ទៅ​ណា​ទេ។
ទោះ​ជា​ដូច្នេះ​ក្ដី សាក្សី សួង ស៊ីគឿន បញ្ជាក់​ថា បុគ្គលិក ឬ​កម្មាភិបាល​ធ្វើ​ការ​នៅ​មន្ទីរ ប១ ត្រូវ​គេ​ចាប់​ខ្លួន​ភ្លាមៗ ប្រសិន​បើ​មាន​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ៣ នាក់​ឆ្លើយ​ដាក់។ គាត់​ឱ្យ​និយមន័យ​ចម្លើយ ៣ នាក់​នោះ​ថា ៣ ឯកសារ។
លោក​ពន្យល់​ថា ការ​អនុវត្ត​ការ​ចាប់​ខ្លួន​តាម​ចម្លើយ ៣ ឯកសារ​ដូច្នេះ​យូរៗ នាំ​ឱ្យ​មាន​ការ​ចាប់​ច្រើន​ឡើងៗ។ ដោយសារ​ការ​ចាប់​ច្រើន ទើប​គេ​ដំឡើង​ទៅ​ជា ៥ ឯកសារ រហូត​ដល់​មាន​គោលការណ៍​លើកលែង​ទោស ៨ ចំណុច ឬ​ហៅ​ថា ៨ ឯកសារ នៅ​ឆ្នាំ ១៩៧៨។ លោក​ថា​គោល​ការណ៍​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដែល​បង​ថ្លៃ​របស់​គាត់។
សាក្សី សួង ស៊ីគឿន អាច​រួច​ខ្លួន​ពី​ការ​ចាប់ចង​នៅ​ពេល​នោះ ព្រោះ​តែ​គាត់​មាន​ឯកសារ​ឆ្លើយ​ដាក់​តិច​ជាង​គេ ដោយសារ​តែ​គាត់​មិន​សូវ​ចូល​ជប់​លាង​ជា​មួយ​អ្នក​ដទៃ ដែល​ធ្វើ​គាត់​មិន​មាន​ឯកសារ​គ្រប់​ចំនួន ត្រូវ​ចាប់​ខ្លួន៖ «ទាល់​តែ ៥ ឯកសារ ទើប​ចាប់​ខ្លួន​បាន។ ក៏​ប៉ុន្តែ នៅ​ក្រសួង​បរទេស ខ្ញុំ​សូម​ជម្រាប​ថា មាន​តែ​ខ្ញុំ​ទេ មាន​ឯកសារ​តិច​ជាង​គេ។ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​មើល​វ៉ឹបសៃថ៍​ណា​មួយ ដាក់​រូប​ខ្ញុំ​ហើយ គេ​ថា អ្នក​បន្ត​វេន​ពី ប៉ុល ពត។ គេ​ដាក់​ខ្ញុំ​អ៊ីចឹង ហើយ​ជួន​កាល​ចេញ​ពី​សាលា​ហ្នឹង​ទៅ គេ​ថា​ខ្ញុំ​ទៀត​ហើយ។ ចាំ​មើល​អាស៊ី​សេរី ឬ​ក៏ វីអូអេ ហ្នឹង គាត់​ថា​ម៉េច ចាំ​មើល​ទៀត។ ជួន​កាល​ចេញ​វ៉ឹបសៃថ៍ ចេញ​របៀប​អ៊ីចឹង»
សាក្សី សួង ស៊ីគឿន ថ្លែង​ថា បើ​ទោះ​ជា​គេ​អនុវត្ត​គោល​ការណ៍​ចាប់​ខ្លួន​តាម​រយៈ ៥ ឯកសារ​ដូច្នេះ​ក្ដី លោក គាត ឈន់ មាន​រហូត ៦០ ឯកសារ ដែល​គេ​ឆ្លើយ​ដាក់ ព្រោះ​តែ​លោក​មាន​មិត្តភ័ក្ដិ​ច្រើន ហើយ​ឧស្សាហ៍​ចូលរួម​ជប់​លាង​ជាមួយ​អ្នក​ទាំង​នោះ។ ក៏​ប៉ុន្តែ ដោយសារ​តែ​គេ​យល់​ឃើញ​ថា ប្រសិន​បើ​គេ​ចាប់​ខ្លួន​លោក គាត ឈន់ និង​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ទៀត តាម​ការ​ឆ្លើយ​ដាក់​របស់​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ក្រសួង​ការ​បរទេស នឹង​ត្រូវ​អស់​មនុស្ស​ធ្វើ​ការ ហើយ​មិន​អាច​ដំណើរការ​ទៅ​ទៀត​បាន។ ហេតុផល​នោះ​ហើយ ទើប​គេ​មិន​ចាប់​លោក គាត ឈន់។
ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី សួង ស៊ីគឿន នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​នឹង​ត្រូវ​ធ្វើ​បន្ត​នៅ​ថ្ងៃ​អង្គារ ទី​៧ សីហា​ទៀត៕

No comments:

Post a Comment

yes