សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

ស្មៀន​ឃុំ​រង​ការ​ចោទ​ថា​ទារ​ប្រាក់​ថ្លៃ​សេវា​សាធារណៈ​ពី​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល


ប្រជាពលរដ្ឋ​តែង​រិះគន់​ថា មន្ត្រី​រាជការ​ធ្វើ​ការ​រដ្ឋ​បំពេញ​ការងារ​មិន​បាន​ល្អ​ដូច​បុគ្គលិក​នៅ​តាម​ស្ថាប័ន​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ផ្ដល់​សេវា​សាធារណៈ​របស់​រដ្ឋ បែរ​ជា​ទារ​លុយ​កាក់​ក្រៅ​បន្ថែម​លើស​កំណត់ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​មិន​បំពេញ​កាតព្វកិច្ច​តាម​ការ​ស្នើ​សុំ​ដែល​ពលរដ្ឋ​ចង់​បាន​នោះ​ទេ។
ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ស្មៀន​ឃុំ​មួយ នៅ​ក្នុង​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល ថា​បាន​ទារ​ប្រាក់​ពួក​គេ​រាប់​ម៉ឺន​រៀល​ជា​ថ្នូរ​ទៅ​នឹង​ការ​បោះ​ត្រា​នៅ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដីធ្លី។
បុរស​ឈ្មោះ ស៊ ឫទ្ធា ពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកដាច់ ស្រុក​លើក​ដែក បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​០៧ សីហា សាច់ញាតិ​របស់​គាត់​បាន​ទៅ​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ដីធ្លី​ចែក​ឲ្យ​កូន គ្រាន់​តែ​បំពេញ​បែប​បទ​តាំង​ពី​ថ្នាក់​ភូមិ​ឃុំ និង​ស្មៀន គាត់​ត្រូវ​ចំណាយ​ប្រាក់​អស់​៨​ម៉ឺន​រៀល ដោយ​ឡែក​តែ​ស្មៀន​ឃុំ​ព្រែក​ដាច់ ចំនួន​៥​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​ប្រថាប់​ត្រា​មេ​ឃុំ​ឲ្យ​ពួក​គាត់។ បញ្ហា​នេះ គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​សេវា​សាធារណៈ​របស់​រដ្ឋ ដែល​អនុវត្ត​ដោយ​មន្ត្រី​រាជការ​នោះ​ឡើយ។

លោក ស៊ ឫទ្ធា៖ «ប្រជាជន​នៅ​ក្នុង​ភូមិ​នេះ​មួយ​ចំនួន គាត់​ទៅ​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដែល​កេរ្តិ៍​ម្ដាយ​គាត់​ចែក​ឲ្យ។ ដល់​ពេល​ទៅ​ត្រឹម​ភូមិ គាត់​ផ្ទេរ​យក​ពីរ​ម៉ឺន។ ដល់​ពេល​ដល់​ឃុំ​អត់​អី​ទេ ឃុំ​គាត់​ស៊ីញេ​ឲ្យ ជូន​ប៉ុន្មាន​គាត់​យក​ប៉ុណ្ណឹង។ ប៉ុន្តែ​ដោយ​ឡែក​ដល់​ស្មៀន គាត់​ទារ​យក​លិខិត​ផ្ទេរ​សិទ្ធិ​នោះ​យក​ប្រាំ​ម៉ឺន​ដាច់​តែ​ម្ដង។ សរុប​ទៅ​មួយ​ច្បាប់​វា​៨​ម៉ឺន​បាត់​ហើយ តែ​ដោយ​ឡែក​ភូមិ​ឃុំ​បន្តិច​បន្តួច​មិន​អី​ទេ តែ​ស្មៀន។ ទោះ​បី​ថា​យើង​មាន​ប៉ុន្មាន​ច្បាប់​ក៏​ដោយ គេ​ដឹង​តែ​១​ច្បាប់​៥​ម៉ឺន​ដាច់​ថ្លៃ​ហ្មង ហ្នឹង​លិខិត​ផ្ទេរ​សិទ្ធិ បើ​លិខិត​កាន់​កាប់​គេ​យក​៣​ម៉ឺន ហើយ​បើ​យើង​សុំ​ចុះ​គេ​តែ​៥​ពាន់​អត់​បាន​ផង»
ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ឃុំ​ព្រែក​ដាច់ ដែល​អះអាង​ថា ធ្លាប់​បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ដូច​គ្នា​នេះ​ដែរ ថ្លែង​ប្រហែល​គ្នា​នេះ​ដែរ​ថា ស្មៀន​ឃុំ​បាន​ទារ​លុយ​ពី​ពលរដ្ឋ​ដូច្នេះ​មែន។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​សោះ៖ «បើ​ប្រធាន​ឃុំ​អត់​ទារ​ទេ។ ខ្ញុំ​ឃើញ​គាត់​អាណិត​គាត់ ជិះ​កង់​កញ្ចាស់ ខ្ញុំ​ក៏​ឲ្យ​គាត់​ម្នាក់​មួយ​ម៉ឺន​ទៅ។ បោះ​ត្រា​នៅ​ស្មៀន​ហ្នឹង គ្រាន់​តែ​គេ​មើល​លិខិត​ហ្នឹង យើង​អត់​ទាន់​សាក​សួរ​អ្វី​ទេ គាត់​គ្រាន់​ប្រាប់​ថា បើ​លិខិត​ផ្ទេរ​សិទ្ធិ​យក​ប្រាំ​ម៉ឺន។ គាត់​ថា​អា​ហ្នឹង​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ប៉ុណ្ណឹង​ណា។ បើ​សិន​ណា​សិទ្ធិ​ទិញ​លក់​វិញ គេ​ដាក់​៥០​ដុល្លារ។ អ៊ីចឹង​ដូច​ជា​គាប​ប្រជាពលរដ្ឋ​ពេក​ហើយ។ ការ​ពិត ប្រជាពលរដ្ឋ​គឺ​រំពឹង​គាត់​ដែល​គាត់​មាន​ត្រា​ហ្នឹង​ណាស់ ដើម្បី​ឲ្យ​គាត់​ជួយ​ប្រជាជន តែ​តាម​ការ​ពិត​ប្រជាជន​បើ​អត់​មាន​លុយ​អត់​បាន​ធ្វើ​អា​ហ្នឹង​ទេ»
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ស្មៀន​ឃុំ​ព្រែក​ដាច់ ដុន ដាណា បដិសេធ។ លោក​បាន​អះអាង​ថា កន្លង​មក​គឺ​ប្រជាពលរដ្ឋ​អ្នក​ឲ្យ​គាត់​ខ្លួន​ឯង​ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​បាន​ទៅ​ទារ​អី​ច្រើនៗ អ៊ីចឹង​ទេ ព្រោះ​អី​អត់​មាន​កំណត់​តម្លៃ​សេវា​អ៊ីចឹង​ផង។ ប្រជាពលរដ្ឋ​ធម្មតា​គាត់​មក គឺ​យើង​មិន​ដែល​និយាយ​បញ្ហា​លុយ​អី​ទេ។ គាត់​មក ខ្ញុំ​ធ្វើ​ឲ្យ​គាត់ សំខាន់​ពិនិត្យ​ទៅ​លើ​ឯកសារ​ថា តើ​ការ​ផ្ទេរ​ហ្នឹង​វា​ត្រឹមត្រូវ ឬ​អត់ ហើយ​ផ្ដិត​មេដៃ​ហ្នឹង​ត្រឹមត្រូវ​អ្នក​ផ្ទេរ អ្នក​ទទួល​ត្រឹមត្រូវ​អស់​ឬ​នៅ»
ពាក់ព័ន្ធ​បញ្ហា​នេះ មេ​ឃុំ​ព្រែក​ដាច់ លោក យី សារុំ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ព័ត៌មាន​នេះ​ទេ។ ប៉ុន្តែ​លោក​នឹង​ពិនិត្យ​មើល ហើយ​ធ្វើ​ការ​កែ​ទម្រង់​ជៀសវាង​បញ្ហា​ដូច្នេះ​ត​ទៅ​ទៀត។
អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​អះអាង​ថា មន្ត្រី​រាជការ​ថ្នាក់​ក្រោម​ធ្វើ​ការ​មិន​មាន​ប្រសិទ្ធភាព​នោះ ក៏​វា​ទាក់ទង​ទៅ​នឹង​ប្រាក់​បៀវត្ស​នៅ​មាន​កម្រិត​ទាប​ដែរ។ ទោះ​បី​ជា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ ក្នុង​១​ឆ្នាំ​ចំនួន​១៥% ក្ដី៕

No comments:

Post a Comment

yes