សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក អបអរ​ដល់​ការ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ


ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ក្នុង​សហរដ្ឋអាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្នុង​ភោជនីយដ្ឋាន Harvest Moon ក្នុង​រដ្ឋ​វឺជីនីញ៉ា (Virginia) ដើម្បី​អបអរ​ដល់​ក្រុម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​គ្រោង​ទៅ​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។
ពលរដ្ឋ​ខ្លះ​និយាយ​ថា ទិដ្ឋភាព​នយោបាយ នៃ​ក្រុម​បក្ស​ប្រឆាំង​ទាំង​ពីរ​រួប​រួម​គ្នា​នេះ គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់។
ពលរដ្ឋខ្មែរ និង​ខ្មែរ​អាមេរិកាំង​ជាង​១០០​នាក់ ដែល​មក​ពី​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​៨ សីហា នៅ​ក្នុង​តំបន់​វ៉ាស៊ីនតោន (Washington) ដើម្បី​ជជែក​សួរ​ដេញដោល​ដល់​ក្រុម​មេ​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បាន​បង្កើត។
ពលរដ្ឋ​ខ្មែរ​ម្នាក់​លោក ប៊ុន ធឿនដេវីត ដែល​ស្កាត់​ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា (California) មក​ចូល​រួម​ការ​ប្រជុំ​នោះ​ដែរ មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​លើក​ទី​មួយ​របស់​លោក ដែល​បាន​ចូល​រួម​សួរ​ដេញដោល​ក្នុង​ទិដ្ឋភាព​នយោបាយ​នៃ​ក្រុម​បក្ស​ប្រឆាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន ហើយ​ថា​លោក​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​បង្កើត​គណបក្ស​ថ្មី​នា​ពេល​ខាង​មុខ។

គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ខែ​កក្កដា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ច្របាច់​គណបក្ស​ទាំង​ពីរ​បញ្ចូល​គ្នា ដើម្បី​ស្វែង​រក​ជ័យជំនះ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។ ក្រុម​មេ​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​នៅ​ប្រទេស​កាណាដា ថា ពួក​គេ​នឹង​ដាក់​ឈ្មោះ​គណបក្ស​ថ្មី​នោះ​ឈ្មោះ​ថា គណបក្ស សង្គ្រោះ​ជាតិ។
ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត គឺ​លោក ទូច វិបុល ដែល​មក​ពី​រដ្ឋ​វឺជីនីញ៉ា ចូល​រួម​ក្នុង​កម្មវិធី​នោះ​ដែរ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ការ​បញ្ចូល​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នេះ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​កសាង​មាតុភូមិ​របស់​ខ្លួន។ លោក​បន្ត​ថា ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហាក់​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ​ច្រើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។
ចំណែក​អ្នកស្រី ទេព សុភ័ណ្ឌ អតីត​ប្រធាន​អង្គការ​ទិវា​សហគមន៍​ខ្មែរ​ពី​រដ្ឋ​វឺជីនីញ៉ា ដែរ​នោះ មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ក្តី​សង្ឃឹម​ជា​ថ្មី​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ថា នឹង​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ស្មោះត្រង់ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
រីឯ​អ្នក​ចូល​រួម​ម្នាក់​ទៀត អ្នកនាង ហុល សុភ័ណ្ឌ វិញ​មាន​ប្រសាសន៍​ថា ការ​ច្របាច់​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​ចូល​គ្នា គឺ​ជា​ក្តី​ប្រាថ្នា​របស់​អ្នក​នាង​ជា​យូរ​មក​ហើយ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ផ្សេង​ទៀត។
ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​មាន​ភាព​កក់​ក្តៅ និង​កម្លាំង​ចិត្ត ដែល​បាន​ឃើញ​មាន​ការ​គាំទ្រ​ដ៏​ធំធេង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ទាំង​អស់​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ។ អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា ពួក​គេ​ឈប់​នាំ​គ្នា​ចាញ់​ទៀត​ហើយ តែ​ដល់​ពេល​ដែល​ត្រូវ​នាំ​គ្នា​ឈ្នះ​វិញ។
បើ​ទោះ​ជា​លោក សម រង្ស៊ី អះអាង​ថា ការ​បង្កើត​គណបក្ស សង្គ្រោះ​ជាតិ អាច​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​អាច​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​គំរាម​ថា លោក​មិន​ខ្លាច​ចលនា​ថ្មី ឬ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ហើយ​ថា បក្ស​ទាំង​ពីរ​ដែល​ច្របាច់​បញ្ចូល​គ្នា​នេះ មិន​អាច​យក​ឈ្នះ​លើ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​អាច​ទៅ​អង្គុយ​នៅ​វិមាន​សន្តិភាព​នោះ​បាន​ឡើយ៕

No comments:

Post a Comment

yes