សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

គ​.​ជ​.​ប​.៖ របាយការណ៍​របស់​លោក ស៊ូ​ប៊ែរ​ឌី មិនមាន​អ្វី​ថ្មី​ទេ ពាក់ព័ន្ធ​ការបោះឆ្នោត

ភ្នំពេញ: ​អគ្គលេខាធិការ គ​.​ជ​.​ប​. លោក ទេព នីថា បាន​លើកឡើង​ថា ការលើកឡើង​ក្នុង​របាយ​ការណ៍​របស់​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា គឺ​មិន​មាន​ចំណុច​អ្វី​ថ្មី​ទេ ខណៈ​ដែល គ​.​ជ​.​ប​. កំពុងតែ​កែ​ទម្រង់​ការងារ​រៀបចំ​ការបោះឆ្នោត ដើម្បី​ឲ្យមាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​។​

​ដោយ​អះអាង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ មិនទាន់​បាន​ឃើញ​របា​យ​ការណ៍​​របស់​លោក​ស៊ូ​ប៊ែរ​ឌី ហើយ​ឮ​តាមតែ​អ្នកកាសែត​សាកសួរ​ប្រតិកម្ម​នោះ លោក ទេព នីថា បាន​មានប្រសាសន៍ថា "​វា​មិនមែន​ជា​ចំណុច​អី​ថ្មី​ទេ ព្រោះថា មុននេះ នៅ​ប្រទេស​កម្ពុជា​យើង ក៏​មាន​គណបក្សនយោបាយ និង​អង្គការ​មួយចំនួន​បាន​លើក​ឡើង​​ពី​បញ្ហា​នេះដែរ​។ ជាទូទៅ ពី​ការបោះឆ្នោត​មួយ ទៅ​ការបោះឆ្នោត​មួយ មិន​ថា ប្រទេស​យើង​ទេ ប្រទេស​ណា​ក៏​ដោយ គេ​តែងតែ​ពិនិត្យ​មើល​ទៅលើ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត ហើយ​គេ​តែងតែ​ធ្វើការ​កែលម្អរ ឬក៏​ថា ធ្វើការ​កែទម្រង់ ដើម្បី​ឲ្យ​ការងារ​បោះឆ្នោត​ទៅ​ថ្ងៃក្រោយ​ទៀត កាន់តែ​ល្អប្រសើរ​ឡើង​។ ប្រទេស​យើង គ​.​ជ​.​ប​. ក៏​បាន​ធ្វើ​បែប​នេះ​ដែរ នៅក្នុង​សមត្ថកិច្ច​របស់​ខ្លួន​"​។​


​អគ្គលេខាធិការ គ​.​ជ​.​ប​. លោក ទេព នីថា បាន​បន្ថែមថា "​បើ​ពិនិត្យ​មើល​ចំណុច​ទាំងអស់​នោះ ( ការលើកឡើង​ក្នុង​របាយការណ៍​របស់​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ) យើង​ឃើញថា ចំណុច​ភាគច្រើន​នោះ មិនមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប​. ទេ ព្រោះថា គ​.​ជ​.​ប​. គ្រាន់តែ​ជា​អ្នកអនុវត្ត​ច្បាប់​តែប៉ុណ្ណោះ​។ អីចឹង​ទេ នៅក្នុង​សមត្ថកិច្ច​របស់​ខ្លួន ហើយ​នៅ​លើ​អនុសាសន៍​ទាំងអស់នោះ ផ្អែកលើ​អនុសាសន៍​ទាំងអស់នោះ យើង​អាច​ធ្វើ​ការពិនិត្យ​ពិចារណា តាម​ទម្លាប់ ដែល គ​.​ជ​.​ប​. តែងតែ​ទទួល​យក​អនុសាសន៍ ឬ​យោបល់​ផ្សេងៗ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​យើង​ពិចារណា​មើល សមស្រប​តាម​ច្បាប់​ជា​ធរមាន និង​សភាពការណ៍​សង្គម​សេដ្ឋកិច្ច និង​នយោបាយ ព្រមទាំង​លទ្ធភាព​ធនធាន​ដែល​យើង​មាន ដើម្បី​កែលំអរ​ការបោះឆ្នោត ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ លោក ទេព នីថា ក៏​បាន​បញ្ជាក់ថា "​យើង​ស្វាគមន៍​របាយការណ៍​ទាំងអស់នោះ ទោះ​ជា​ផ្លូវការ​ក្តី ឬ​មិន​ទាន់​ផ្លូវការ​ក្តី ហើយ​យើង​ពិនិត្យ​ពិចារណា​មើល ដើម្បី​រិះរក​មធ្យោបាយ​កែលំអរ​ការបោះឆ្នោត ទៅតាម​សមត្ថកិច្ច​របស់ គ​.​ជ​.​ប​. ដើម្បី​ធ្វើឲ្យ​ការបោះឆ្នោត នៅពេល​ខាងមុខ កាន់តែ​ល្អប្រសើរ​ថែម​ទៀត​"​។​

​ការលើកឡើង​របស់​អគ្គ​លេខាធិការ គ​.​ជ​.​ប​. ខាងលើនេះ បាន​ធ្វើឡើង តប​នឹង​របាយ​ការណ៍​របស់​លោក សូរិយា ស៊ូ​ប៊ែរ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហ​ប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ដែល​បាន​សរសេរ​នៅក្នុង​របាយ​ការណ៍​​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះ​ឆ្នោត នៅ​កម្ពុជា​។​

​លោក ស៊ូ​ប៊ែរ​ឌី បាន​លើកឡើង​ថា “​មាន​ចំណុច​គុណវិបត្តិ​ចម្បងៗ នៅក្នុង​ការគ្រប់​គ្រង​​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ហើយ​កំណែទម្រង់​បន្ទាន់ និង​រយៈពេល​យូរ នៅ​ត្រូវការ ដើម្បី​ផ្តល់​ឲ្យ​កម្ពុជា នូវ​ទំនុកចិត្ត​នៅក្នុង​ការធ្វើ​ការងា​ររ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​.”​។​
​    ​
​លោក ស៊ូ​ប៊ែរ​ឌី បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា ប្រជាជន​កម្ពុជា មាន​ភាពស៊ាំ​ទៅនឹង​ការ​និយាយថា ការបោះឆ្នោត​ប្រជាធិបតេយ្យ ហើយ​បញ្ហា​ប្រឈម​ចម្បង គឺជា​ការ​បន្ទុច​បង្អាក់ការ​នាំ​លិទ្ធប្រជាធិបតេយ្យ សម្រាប់​ប្រជាជន​កម្ពុជា​វ័យក្មេង​។​

​លោក សូរិយា ស៊ូ​ប៊ែរ​ឌី បានបង្ហាញ​ក្តីបារម្ភ ចំពោះ​ព័ត៌មាន ដែល​លោក​ទទួលបាន ពាក់ព័ន្ធ​នឹង​ចំនួន​អ្នកបោះឆ្នោត​តិច​ជាង​មុន ដែល​ជា​និន្នាការ​ធ្លាក់ចុះ នៃ​ការចូលរួម​របស់​អ្នកបោះឆ្នោត ដោយសារ​តែ​អ្នក​បោះឆ្នោត​មាន​អារម្មណ៍​បាក់​ទឹកចិត្ត និង​ជិន​ណាយ​នៃ​អ្នកបោះឆ្នោត ក្រោម​ប្រព័ន្ធ​បោះឆ្នោត​បច្ចុប្បន្ន​។​
​    ​
លោក ស៊ូ​ប៊ែរ​ឌី ក៏បាន​ផ្តល់​អនុសាសន៍ឲ្យ​មានការ​បង្កើត​សាលាក្តី​ពិសេស​មួយ ដោយឡែក សម្រាប់​ការដោះស្រាយ​បញ្ហា​បោះឆ្នោត​ ​និង​ត្រូវ​បង្កើត​គណៈ​កម្មា​ធិការ​​តាមដាន​ឯករាជ្យ​មួយ ស្តីពី ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​រដ្ឋ និង​ស្ថានីយទូរទស្សន៍ ព្រមទាំង​វិទ្យុ​រដ្ឋ សម្រាប់​ការបោះឆ្នោត​។​

​របាយការណ៍​របស់​លោក សូរិយា ស៊ូ​ប៊ែរ​ឌី ក៏​បាន​ផ្តោត​សំខាន់​ផង​ដែរ ទៅលើ​សិទ្ធិ​នយោបាយ ហើយ​លោក​បាន​កត់សម្គាល់​ថា ការបំភិតបំភ័យ និង​ការយាយី គឺ​នៅតែ​កើត​មាន​ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា​៕​

No comments:

Post a Comment

yes