សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 11, 2012

ជន​ពិការ​ភ្នែក​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​ផ្អើល​មនុស្ស​ម្នា​មើល​ពេញ​ផ្សារ


កំពត : មិនមែន​ជា​រឿង​លេង​សើច​ទេ​ដែល​បុរស​ពិការ​ភ្នែក​ទាំងសង​ខាង​ម្នាក់​ បើក​ម៉ូតូ​ដោយ​ទុក​ឲ្យ​ប្រពន្ធ​ភ្នែក​ភ្លឺ​អង្គុយ​ពី​ខាង​ក្រោយ ហើយ​គាត់​អាច​បើកបរ​ត្រង់​ផ្លូវ​ដូច​អ្នក​មាន​ភ្នែក​ភ្លឺ​ធម្មតា​នោះ។ បុរស​ងងឹត​ភ្នែក​ទាំង​សង​ខាង​អាច​បើកបរ​ម៉ូតូ​ដោយ​សុវត្ថិភាព​គ្រប់​ស្ថានភាព​ផ្លូវ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ចក់ បុល មាន​វ័យ​៤៥​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ សូ ឡុញ មាន​វ័យ​២៨​ឆ្នាំ ប្តី​ប្រពន្ធ​មួយ​គូ​នេះ សព្វ​ថ្ងៃ​រស់នៅ​ក្នុង​ភូមិ​ស្រកា​នាគ ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត​។
ដោយ​យល់​ឃើញ​ថា សមត្ថភាព​បើក​ម៉ូតូ​របស់​លោក បុល ជា​ទេពកោសល្យ​មួយ​ដ៏​កម្រ​នោះ ​អ្នក​ភូមិ​ក៏ធ្វើ​ការ​ទំនាក់​ទំនង​មក​ខាង​កម្មវិធី​ទេពកោសល្យ​អច្ឆរិយ «ផ្ទះ​លេខ​១១» របស់​ទូរទស្សន៍​អប្សរា ដើម្បី​ឲ្យ​ថត​សកម្មភាព​បើកបរ​ម៉ូតូ​របស់​លោក ចក់ បុល មក​ធ្វើ​ការ​ចាក់​ផ្សាយ។
បន្ទាប់​ពី​រថយន្ត​របស់​ទូរទស្សន៍​អប្សរា​ទៅ​ដល់​ផ្សារ​ឈូក​ភ្លាម លោក ចក់ បុល ក៏​រួសរាន់​បើក​ម៉ូតូ​ឌុប​ប្រពន្ធ​តាំង​ពី​ផ្លូវ​លំមាន​ភក់​រអិល​រហូត​ឡើង​ ផ្លូវ​កៅស៊ូ​ដោយ​សុវត្ថិភាព។ ក្នុង​ជំនួប​ភ្លាមៗ​នោះ​លោក ចក់ បុល​ បាន​បង្ហើ​សម្ដី​ យ៉ាង​ក្លាហាន​ថា៖ «បើ​គ្រាន់​តែ​បើ​កម៉ូតូ​ពី​ផ្ទះ​មក​ដល់​ផ្សារ​ឈូក​មាន​ស្អី​អស្ចារ្យ បើ​ផ្លូវ​នេះ​ខ្ញុំ​បើកបរ​រាល់​ថ្ងៃ សឹក​សម្បក​ម៉ូតូ​ដូរ​អស់​១០​ហើយ​ហ្នឹង! ចង់​ទៅ​ដល់​ភ្នំពេញ​ទៀត​ក៏​បាន​ដែរ»។
ប៉ុន្តែ​លោក​ក៏​បាន​សារភាព​ដែរ​ថា៖ «ខ្ញុំ​ក្លាហាន​តែ​ពេល​មាន​ប្រពន្ធ​ជិះ​ពី​ក្រោយ​ដែរ​ទេ។ បើ​គ្មាន​គាត់​នោះ ខ្ញុំ​ក៏​ប្រហែល​ជា​អង្គុយ​មួយ​កន្លែង​ដូច​លោក​ធុតង្គ​ដែរ​ហ្នឹង»។

ដូចការ​អះអាង បុរស​ពិការ​ភ្នែក​រូប​នេះ ក៏​ឡើង​ជ្រែង​លើ​ម៉ូតូ រួច​បញ្ឆេះ​យាន​កង់​ពីរ​សូរ​ង៉ូងៗ រក​តែ​ប្រពន្ធ​ឡើង​អង្គុយ​ស៊ប់​មិន​ទាន់។​ លោក​បាន​បញ្ជា​ម៉ូតូ​ទៅ​មុខ​ដោយ​គ្មាន​វៀច​វេរ ឬ​ជ្រុល​ចង្កូច​ធ្លាក់​ផ្លូវ​ឡើយ ពោល​គឺ​បើក​ត្រង់​ផ្លូវ​ដូចជា​មនុស្ស​ភ្នែក​ភ្លឺ​ដែរ សូម្បី​រថយន្ត​របស់​កម្មវិធី​បរ​តាម​ថត​សឹង​តែ​មិន​ទាន់។
លោក​បាន​បញ្ជាក់​ថា៖ «ចំណុច​ពិសេស​ដែល​ខ្ញុំ​អាច​បើកបរ​ម៉ូតូ​បាន​ត្រង់​ផ្លូវ នឹង​បញ្ចៀស​ផុត​រាល់​ឧបសគ្គ​នោះ គឺ​ប្រពន្ធ​ខ្ញុំ​គាត់​នៅ​អង្គុយ​ពី​ក្រោយ​ឲ្យ​សញ្ញា។ នេះ​ហើយ​ជា​ចំណុច​ពិសេស​របស់​ខ្ញុំ ក្នុង​ការ​បើកបរ​នោះ»។
អ្នក​ស្រី​បាន​រំឭក​ពី​ការ​ហ្វឹកហាត់​មិន​តិច​ជាង​មួយ​ខែ​ថា៖ «កាល​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ហាត់​រៀន​ដំបូង​មិន​បាន​ឈាន​មក​ជិះ​ម៉ូតូ​តែ​ម្តង​ទេ គឺ​យក​កង់​យើង​មក​ជិះ​ក្នុង ឬ​ផ្លូវ​ជិត​ផ្ទះ ដោយ​ខ្ញុំ​ជា​អ្នក​ជិះ​ពីក្រោយ ហើយ​បញ្ជា​គាត់​គ្រប់​វិនាទី​ទាំង​អស់។ មិន​យូរ​ទេ​ដោយ​ភាព​ព្យាយាម​ គាត់​ក៏​អាច​ជិះ​បាន​ដូច​មនុស្ស​ភ្នែក​ភ្លឺ​ដែរ»។
គ្រូ​បង្រៀន​ក្រៅ​សាលា​រូប​នេះ​បាន​ពន្យល់​ទៀត​ថា៖ «គឺ​ខ្ញុំ​មាន​មោ(សញ្ញា)របស់​ខ្ញុំ ហើយ​មោនេះ​ខ្ញុំ​បាន​ប្រាប់​គាត់​តាំង​ពី​បង្រៀន​ជិះ​កង់​ម្ល៉េះ។ ពេល​ឡើង​ជិះ​ម៉ូតូ​ពី​ក្រោយ​គាត់ ដៃ​របស់​ខ្ញុំ​ទាំង​ពីរ​ត្រូវ​កាន់​អាវ​គាត់​ជាប់ ដៃ​ឆ្វេង​កាន់​ក្រណាត់​អាវ​ត្រង់​ចង្កេះ​ខាង​ស្តាំ ចំណែក​ដៃ​ស្តាំ​ខ្ញុំ​កាន់​ក្រណាត់​អាវ​ត្រង់​ចង្កេះ​ខាង​ឆ្វេង​គាត់ ហើយ​ពេល​បត់​ឆ្វេង​ ខ្ញុំ​ទាញ​អាវ​គាត់​ខាង​ឆ្វេង បត់​ស្តាំ​ទាញ​អាវ​គាត់​ខាង​ស្តាំ។ លុះ​ពេល​ឈប់​ទាញ​អាវ​គាត់​ចុះ​ក្រោម ឬ​មួយ​ខ្ញុំ​ប្រាប់​គាត់​ថែម​ថា​បត់​យ៉ាង​ម៉េចៗ​បន្ថែម​ទៀត»។
យ៉ាង​ណាមិញ ចាប់​តាំង​ពី​រៀន​ជិះ​មក លោក​ ចក់ បុល ​បាន​អះអាង​ថា៖ «កុំ​ថា​ឡើយដួល​ដាច់​រលាត់​ស្បែក​ខ្ញុំ​សូម្បី​បន្តិច តាំង​ពី​រៀន​រហូត​ចេះ​ស្ទាត់​ដល់​ថ្ងៃ​នេះ​សូម្បី​ប៉ះ​ក្មេង ឬ​ជ្រុល​ចង្កូត​ធ្លាក់​ស្រែ​ម្តង​ក៏​គ្មាន​ដែរ»។
លោក ចក់ បុល ​មិនមែន​ពិការ​ពី​កំណើត​ទេ គឺ​កែវ​ភ្នែក​របស់​គាត់​ត្រូវ​បាន​ឆក់​យក​ដោយ​បន្ទុះ​គ្រាប់​មីន​ ខណៈ​លោក​នៅ​បម្រើ​យោធា​កាល​ពី​ឆ្នាំ​១៩៨៥។ ក្រោយ​ពី​របួស​ជា​សះ លោក​ក៏​ត្រូវ​បាន​អង្គភាព​កាត់​ចេញ​ពី​ទ័ព ហើយ​លោក​ក៏​ងាក​មក​រក​ចាប់​យក​របរ​ចិញ្ចឹម​ជីវិត​ជាមួយ​ប្រពន្ធ​ជា​អ្នក​លេង ​ភ្លេង​ការ​វិញ​។ លោក​បន្ត​ថា នៅ​ក្នុង​វង់​ភ្លេង​ប្រពៃណី​លោក​អាច​លេង​បាន​២-៣​ឧបករណ៍​ឯណោះ​មាន ទ្រ ឃឹម តាខេ និង​ច្រៀង​។ ក្រៅ​ពី​របរ​នេះ លោក​ក៏​ស៊ី​ឈ្នួល​ដឹក​ឈើ​ឲ្យ​គេ​ដែរ។
លោក​ ចក់ បុល​ បាន​និយាយ​ផង​ដែរ​ថា៖ «បើ​កុំ​តែ​ខ្ញុំ​មាន​របរ​នេះ​កុំ​អី​មិន​ដឹង​ជា​ទៅ​រក​អ្វី​បាន​ទិញ​អង្ករ​ ដាំ​បាយ​មក​បំពេញ​ក្រពះ​ទេ»៕

No comments:

Post a Comment

yes