សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 29, 2012

ដំរី​ឈ្មោល​អុក​ឡុក​អ្នក​បទុម​សាគរ​ដឹក​មក​ដល់​ភ្នំតាម៉ៅ

120829_08
ដំរី​ឈ្មោល​ដែល​ធ្លាប់​អុកឡុក​អ្នក​ភូមិ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ចាប់​ពីស្រុក​បទុម​សាគរ
 ​នាំមក​កាន់សួន​សត្វ​ភ្នំ​តាម៉ៅ
តាកែវៈ សត្វដំរី​ព្រៃ​ឈ្មោល​មួយ​ក្បាល ដែល​ក្រុម​អ្នក​ភូមិ​និង អាជ្ញាធរ​ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង​អះអាង​ថា បាន​អុកឡុក បំផ្លិច​បំផ្លាញ​ផល​ដំណាំ និង ជាន់​អ្នក​ភូមិ​ម្នាក់​ស្លាប់​កាល​ពី​បួន​ខែ​មុន ដែល​ក្រុម​ជំនាញ​ការ​សត្វ​ព្រៃ មក​ពី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃនិង​រដ្ឋបាល​ព្រៃ​ឈើ បង្ក្រាប​ចាប់​បាន​កាល​ថ្ងៃសៅរ៍​នោះ​ត្រូវ​បាន​គេ​បញ្ជូន​យក​មក​ដល់​សួន សត្វ​ភ្នំ​តាម៉ៅ ដោយ​សុវត្ថិភាព​ហើយ កាលពី​យប់​រំលង​អ្រធាត្រ ឆ្លង​ចូល​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ។
លោក រត្ន័ ប៊ុន​ធឿន មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​នៃ​រដ្ឋបាល​ព្រៃ​ឈើ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ក្រុម​ការងារ​របស់​លោក បាន​ដឹក​នាំ​សត្វ​ដំរី​ព្រៃ​ឈ្មោល​មួយ​ក្បាល ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​ភ័យ​ខ្លាច​និង​ខឹង​សម្បា នាពេល​កន្លង​មក​នោះ មក​ដល់​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ ស្ថិត​ក្នុង​ខេត្ត​តាកែវ ដោយ​សុវត្តិភាព​ហើយ កាលពី​យប់​រំលង​អ្រធាត្រ ឆ្លង​ចូល​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ។
លោកបាន​ថ្លែងថា៖ «បច្ចុប្បន្ន វាកំពុង​ស្ថិត​នៅ​ក្នុងទ្រុង​សុវត្ថិភាព​មួយ នៅ​ក្នុង​ឧទ្យាន​សួន​សត្វ​ភ្នំតាម៉ៅ​នេះ»។

លោកបាន​បញ្ជាក់​ទៀ​តថា ដំរី​ព្រៃ​មួយ​ក្បាល​នេះ មាន​ដុះភ្លុក​ពីរ មាន​ទម្ងន់​ប្រមាណ​ ២,៥តោន និង​មាន​អាយុ​ប្រហែល​ជា​១៥ឆ្នាំ ទៅ​១៦​ឆ្នាំ​ប៉ុណ្ណោះ ។ ដំរី​ឈ្មោល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹងផ្ដល់​នូវ​ការ​តប​ស្នង​មួយដ៏​ប្រសើរ​បំផុត​សម្រាប់​ក្រុម​អភិរក្ស សត្វ​ព្រៃ នាពេល​អនាគត ពោល​គឺ វានឹង​ជួយ​ទាក់​ទាញ​នូវ​ភ្ញៀវទេសចរ​មក​ទស្សនា​នៅ​សួន​សត្វភ្នំ​តាម៉ៅ នឹង​អាច​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ញី​បី​ក្បាល ដែល​ទើប​ពេញ​ក្រមុំ​នៅ​ក្នុង​ឧទ្យាន​មួយ​នេះ។
ទោះជាបែ​បណា​ក្ដី ក្រុម​អ្នក​ភូមិ​និង​អាជ្ញាធរ​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង បាន​និយាយ​ថា ​កន្លង​មក សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​នេះធ្លាប់​បាន​បំផ្លិច​បំផ្លាញ​ផល​ដំណាំ សម្លាប់​សត្វ​ពាហនៈ និង​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤៨ និង​ធ្លាប់​ជាន់​អ្នក​ភូមិ​វ័យ​៥០​ឆ្នាំ​ម្នាក់​ស្លាប់​ថែម​ទៀត​ផង។
លោក ឃៀង យីង ជំទប់​ទី១​ឃុំ​អណ្ដូង​ទឹក ស្រុក​បទុម​សាគរ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា កាលពី​បួន​ខែមុន ប្អូន​ប្រុស​ជីទួត​មួយ​របស់​គាត់​ម្នាក់​ឈ្មោះ អ៊ូ ហឿន ​អាយុ​៥០​ឆ្នាំ ត្រូវ​សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​នេះ​ជាន់ និង​បាន​បុក​នឹង​ភ្លុក​របស់​វា​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាល​ព្រៃ ខណៈ​ពួក​គាត់​ប្រមាណ​៦​នាក់ ទៅ​រក​ចាក់​ជ័រ​រ៉ុង (ជ័រចុង)​នៅ​ក្នុង​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​បទុម​សាគរ​នោះ។
លោក​បាន​ថ្លែងថា៖ «​ចាប់​ពី​ពេល​នោះ​មក អ្នកភូមិ​របស់​យើង​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់ ព្រោះ​វា​តែង​តែ​ចេញ​មក​អុក​ឡុក​បំផ្លិច​បំផ្លាញ​ផល​ដំណាំ និង​សម្លាប់​គោអ្នក​ភូមិ​យើង»។
ភរិយា​របស់​ជនរង​គ្រោះ ដែល​ត្រូវ​សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​នេះ​ជាន់​និង​បុក​នឹង​ភ្លុក​ស្លាប់ ​អ្នកស្រី​ហិន យ៉េង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាល​ពី​ម្សិល​មិញថា គាត់​អរ​ណាស់​នៅ​ពេល​ដែល​ឃើញ​គេ​ចាប់​ដំរី ដែល​គាត់​អះ​អាង​ថា បាន​សម្លាប់​ប្ដី​គាត់​កាល​ពី​បួន​ខែ​មុន​ដោយ​ជោគ​ជ័យ។
អ្នកស្រីថា៖ «គឺ​ពិត​ជា​អាមួយ​ក្បាល​ហ្នឹង​ហើយ ដែលវា​បាន​សម្លាប់​ប្ដីខ្ញុំ»។
ចំណែក លោក ហេង សាវឿន អធិការ​ស្រុក​បទុម​សាគរ ក៏បាន​រៀប​រាប់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នូវ​រឿង​រ៉ាវ​ស្រដៀង​គ្នា​អំពី​ប្រវត្តិ​អុកឡុក​របស់​សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​នេះ​ដែរ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​នឹង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត ធ្លាប់​ឃើញ​វា​ដើរ​ជាហ្វូង​ចំនួន​៦​ក្បាល ប៉ុន្តែ​វា​មិន​ដែល​បាន​បង្ក​ការ​ភ័យ​ខ្លាច​អីនោះ​ទេ។
លោកប្រាប់ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​នេះ​ហ្វូង​ដំរី​ព្រៃ​ទាំង​នោះ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តាម ព្រៃរ​បោះ​ក្បែរ​ភូមិ​ទៀត​ទេ​លើក​លែង​តែ​អាឈ្មោល​មួយ​ក្បាល​នេះ​ប៉ុណ្ណោះ ហើយ​គ្មាន​នរណា​ម្នាក់​បាន​ដឹងថា តើ​ហ្វូង​របស់​វា​ពី​មុន​នោះ​ទៅ​ទីណា​នោះ​ទេ?
លោក​ថ្លែងថា៖«នៅប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​ឃើញ​តែ​អាឈ្មោល​មួយ​ក្បាល​នេះប៉ុ​ណ្ណោះ ហើយ​វត្តមាន​របស់​វា​ម្ដងៗ ​ដូច​ជា​មាន​គំនុំ​អ្វីមួយ​ជាមួយ​នឹង​អ្នក​ភូមិ និង​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ផ្លូវជា​តិ​លេខ​ ៤៨ »​។
លោកបញ្ជាក់ថា​៖ «​កន្លងមក វា​បាន​កម្ទេច​រថយន្ត​អ្នក​ដំណើរ​សរុប​ជិត​១០​គ្រឿង គោបី​ក្បាល និង​ផល​ដំណាំ​អ្នក​ស្រុក​ជាច្រើន​គ្រួសារ ហើយ​កាលពី​បួនប្រាំ​ខែ​មុន​មាន​គេ​រាយ​ការ​ណ៍ថា​អ្នក​ភូមិ​ម្នាក់​ដែល រុក​ព្រៃ​រក​ជ័រ ត្រូវ​វា​ជាន់​និង​បុក​នឹង​ភ្លុក​ស្លាប់»។
លោកប្រាប់​ឲ្យ​ដឹង​ថា នៅថ្ងៃ​ដែល​ក្រុម​ជំនាញ​សត្វ​ព្រៃ​មក​ចាប់​វានោះ គឺវា​ចេញ​មក​អុកឡុក​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៨ ម្ដង​ទៀត​និង​បង្ក​ការ​ស្ទះ​ចរាចរណ៍​អស់​ពេល​ជាច្រើន​ម៉ោង ហើយ​ក្រោយ​ពី​ក្រុម​ជំនាញ​ការ​សត្វព្រៃ​ទាំង​នោះ​ប្រើ​ថ្នាំ​សណ្ដំ​បាញ់​ទៅ លើវា ភ្លាម​នោះ​វា​បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ប្រមាណ​ជា​២០០​ម៉ែត្រ ពី​ផ្លូវ​ជាតិ​ទើប​បាន​ដួល​សន្លប់។ លោក​បន្ត​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗគ្នា​រយៈ​បី​បួន​ថ្ងៃ​នេះ​ទើប​ក្រុម​ជំនាញ​សត្វ​ព្រៃ ពន្យារ​ពេល​ក្នុង​ការ​ដឹកនាំ​សត្វ​ដំរី​នោះ​ទៅ​កាន់​សួន​សត្វ​ភ្នំតាម៉ៅ ព្រោះផ្លូវ​ព្រៃ​ពិបាក​ចូល​រថយន្ត។
លោក អន ភារៈ អភិបាល​ស្រុក​បទុម​សាគរ​បាន​និយាយ​ថា ជា​ការ​ល្អ​ប្រសើរ​ណាស់ ដែល​ក្រុម​ជំនាញ​សត្វ​ព្រៃ​ចាប់​ដំរី​ព្រៃ​មួយ​ក្បាល​នេះ​យក​ទៅ​ដាក់​នៅ​សួន សត្វ​ភ្នំតាម៉ៅ។ លោកថ្លែងថា៖ ​«ពេល​នេះ​អ្នក​ភូមិ​និង​បាត់​ភ័យ​ខ្លាច ហើយ​ទំនង​ជាគ្មាន​ដំរី​ព្រៃ​ផ្សេង​ទៀត​មក​បង្ក​ភាព​ចលាចល​នៅក្នុង តំបន់​នេះ​ទៀត​ទេ»៕

No comments:

Post a Comment

yes