កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ នៃបណ្ដាប្រទេសអាស៊ាន បានចាប់ផ្ដើមហើយនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា។
ដំណើរការនៃកិច្ចប្រជុំនេះ បានធ្វើឡើងនៅក្រោយគ្នាពីរថ្ងៃ បន្ទាប់ពីក្រុមឧត្តមមន្ត្រីនៃក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន បានជួបប្រជុំគ្នាតាំងតែពីថ្ងៃទី២៥ ខែសីហា កន្លងទៅនោះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN=អាស៊ាន) ក្នុងឆ្នាំនេះ បានអញ្ជើញធ្វើជាគណៈអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៤ កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា។
កិច្ចប្រជុំនេះ ធ្វើឡើងពាក់ព័ន្ធនឹងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ានទាំង១០ ជាមួយនឹងប្រទេសជាដៃគូពិភាក្សាផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៤នេះ ធ្វើឡើងក្នុងពេលដែលប្រទេសអាស៊ានទាំងអស់ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឱ្យបានសម្រេចនៅឆ្នាំ២០១៥ ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការបង្កើតឱ្យមានសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាគោលបំណងនៃអាទិភាពខ្ពស់បំផុតមួយ ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដោយមានលំហូរដោយសេរីនូវទំនិញ សេវា ការវិនិយោគ ពលករជំនាញ និងមូលធន ឱ្យកាន់តែសេរីជាងមុន ដើម្បីជំនះលើការគាំពារនិយម ក្នុងការធ្វើពាណិជ្ជកម្មទំនិញ និងសេវាក្នុងអាស៊ាន។
កាលពីឆ្នាំ២០១១ កន្លងទៅ អាស៊ាននៅតែទទួលបានការនាំចេញផ្នែកពាណិជ្ជកម្មច្រើនជាងការនាំចូល បើទោះបីជាមានការធ្លាក់ចុះនៃការនាំចេញខ្លះក៏ដោយ។ ក្នុងនោះ ការនាំចេញគឺមានទឹកប្រាក់រហូតដល់១.២៤លាន-លានដុល្លារ ក្នុងពេលដែលការនាំចូលមានចំនួនទឹកប្រាក់តែ១.១៥លាន-លានដុល្លារអាមេរិក។
ទោះយ៉ាងណា ប្រមុខអាស៊ានបានបញ្ជាក់ថា នៅចំពោះមុខ អាស៊ានកំពុងតែជួបបញ្ហាប្រឈមជាច្រើន ទាំងកម្រិតសកល និងកម្រិតតំបន់៖ «ដូចជាភាពផុយស្រួយនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ គួបផ្សំនឹងការអូសបន្លាយនៃវិបត្តិបំណុល នៅតំបន់អឺរ៉ុប វិបត្តិនយោបាយ និងសង្គមដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ បញ្ហាតម្លៃប្រេងកើនខ្ពស់ បញ្ហាសន្តិសុខស្បៀង និងថាមពល។ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ទន្ទឹមនេះ នៅក្នុងកម្រិតតំបន់ ទោះបីគម្លាតនៃការអភិវឌ្ឍក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ាន បានថយចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏គម្លាតនេះនៅតែមានទំហំធំនៅឡើយ។ បញ្ហាទាំងអស់នេះ ជាការគម្រាមដ៏ធំមកលើចិរភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់អាស៊ាន ដែលសម្រេចបានក្នុងរយៈពេលជាងបួនទសវត្សរ៍កន្លងមកនេះ»។
គេមើលឃើញថា បញ្ហាប្រឈមទាំងនោះពុំអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព នៅកម្រិតថ្នាក់ជាតិនីមួយៗបានឡើយ គឺវាទាមទារឱ្យសហគមន៍អាស៊ានទាំងមូល ធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ។
លោក ចម ប្រសិទ្ធិ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ បានថ្លែងថា ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងធ្វើការពិភាក្សាគ្នាទៅលើបញ្ហាសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ពិសេសទៅលើការអនុវត្តវិធានការនៃផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីឈានទៅរកការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥។
ដើម្បីបង្កើតបានសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ គឺត្រូវជំរុញឱ្យបណ្ដាប្រទេសជាដៃគូពិភាក្សាសេដ្ឋកិច្ចរបស់អាស៊ាន ដែលមកពីប្រទេសអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ ណូវែលហ្សេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ជាដើម ធ្វើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន ក្នុងភាពជាដៃគូរីកចម្រើន និងកាន់តែស៊ីជម្រៅ៕
No comments:
Post a Comment
yes