អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ បានកោះប្រជុំជាបន្ទាន់មួយ ជាមួយម្ចាស់បនល្បែងទាំងអស់នៅប្រទេសកម្ពុជា ដើម្បីពិភាក្សា និងចាត់វិធានការកាត់បន្ថយបទល្មើសឧក្រិដ្ឋកម្ម ដែលបានកើតមានកន្លងមកគួរឲ្យព្រួយបារម្ភ។
អគ្គស្នងការរងលោកឧត្តមសេនីយ៍ឯក សុខ ផល ដឹកនាំកិច្ចប្រជុំជាមួយម្ចាស់បនល្បែងនៅកម្ពុជាដើម្បីហាមឃាត់ជនជាតិខ្មែរចូលលេងល្បែង នាអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។
ម្ចាស់បនល្បែងចំនួន៦១ នៅប្រទេសកម្ពុជា បានឯកភាពជាគោលការណ៍ជាមួយអគ្គស្នងការនគរបាលជាតិ ដែលហាមឃាត់មិនឲ្យជនជាតិខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ ចាប់ពីថ្ងៃទីនេះតទៅ ដើម្បីកាត់បន្ថយបទល្មើសឧក្រិដ្ឋកម្ម និងការហិនហោចដល់ក្រុមគ្រួសារជនជាតិខ្មែរមួយចំនួន ដែលវក់នឹងល្បែងនោះ។
ការឯកភាពដោយផ្ទាល់មាត់នេះ បានធ្វើឡើងនៅក្នុងជំនួបបិទទ្វារជិត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅឯអគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ រយៈជាង២ម៉ោង។ មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានហៅការជួបជុំគ្នានេះថា ដើម្បីសុំឲ្យម្ចាស់បនល្បែងនានា ចូលរួមទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងរក្សាសន្តិសុខ។
គេឃើញមានតំណាងកាស៊ីណូ ឈ្មោះណាហ្គាវ៉េល (Naga World) កាស៊ីណូហូលីដេ (Holiday) កាស៊ីណូហ្គោលឌិនហ្រ្គោន (Golden Grown) និងម្ចាស់ ឬតំណាងកាស៊ីណូមួយចំនួនទៀត មកចូលរួមប្រជុំដែរ។
អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក សុខ ផល បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា កន្លងមកមានបទល្មើសជាច្រើនកើតមាននៅតាមបនល្បែង ដែលនគរបាលជាតិត្រូវតែចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយបទល្មើសនោះ៖ «មានការចាប់ជំរិតគ្នាដើម្បីទារប្រាក់ មានការដែលវាយដំធ្វើទារុណកម្មដើម្បីទារលុយជំពាក់ ឬក៏មាននៅក្នុងកាស៊ីណូនោះ មានអំពើឃាតកម្ម អ៊ីចឹងថា យើងបានឯកភាពគ្នាថារួមចំណែកការងារការពារសន្តិសុខ។ បញ្ហាទីពីរ គឺអនុវត្តតាមស្មារតីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ហាមពលរដ្ឋខ្មែរមិនឲ្យចូលលេងល្បែង»។
លោកបន្តថា បើសិនណាម្ចាស់បនល្បែងណា ល្មើសនឹងវិធានការណែនាំនេះ នគរបាលជាតិនឹងព្រមានអ្នកនោះ។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធាននាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង លោកឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធិ បានមានប្រសាសន៍ថា មានបទល្មើសជាច្រើនកើតមាននៅតាមបនល្បែងនៅកម្ពុជា កន្លងមក៖ «ការទទួលរបស់បញ្ចាំខុសច្បាប់ ដូចជាបញ្ចាំជីវិត លិខិតឆ្លងដែន ប្រការនេះបានតម្រូវឲ្យមានការគ្រប់គ្រងម៉ឺងម៉ាត់ និងមានកិច្ចសហការល្អពីម្ចាស់កាស៊ីណូ»។
អ្នកស្រី ម៉ាលី ម្ចាស់បនល្បែងមួយនៅក្រុងបាវិត ខេត្តស្វាយរៀង បាននិយាយថា អ្នកស្រីគោរពតាមការណែនាំរបស់នគរបាលជាតិ៖ «ខ្ញុំនឹងព្យាយាមអនុវត្តម៉ឺងម៉ាត់ទៅតាមច្បាប់»។
របាយការណ៍របស់នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង បានឲ្យដឹងថា រយៈពេល៨ខែនៅឆ្នាំ២០១២ កន្លងមកនេះ មានបទល្មើសចំនួន៧ករណី កើតមាននៅតាមបនល្បែង ក្នុងនោះមាន ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ករណីលេងល្បែងបន្លំប្រើប្រាស់កាក់ក្លែងក្លាយ និងករណីលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ខុសច្បាប់ និងជនល្មើសចំនួន១៤នាក់ ត្រូវបានចាប់ខ្លួនឲ្យតុលាការផ្ដន្ទាទោស។
នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានបនល្បែងសរុប៩៧កន្លែង នៅក្នុងនោះមានបនល្បែងចំនួន៥០ បានទទួលអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បនល្បែងចំនួន៦ បានក្ស័យធន និងបនល្បែងចំនួន៣០ទៀត បានទទួលការអនុញ្ញាតពីរដ្ឋាភិបាល ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយ។
ប្រធាននាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង លោកឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធិ បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានអនុញ្ញាតឲ្យធ្វើសេចក្តីព្រាងច្បាប់មួយ ស្ដីពីការគ្រប់គ្រងបនល្បែងឲ្យបានត្រឹមត្រូវ និងផ្ដន្ទាទោសជនល្មើស។
សេចក្តីព្រាងច្បាប់នោះ បានដាក់ជូនទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ ដើម្បីឆ្លងការសម្រេច ដោយបានសិក្សាអំពីបទពិសោធន៍នៅប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក បារាំង និងអូស្ត្រាលី ដើម្បីគ្រប់គ្រងបនល្បែងនៅកម្ពុជា៕
No comments:
Post a Comment
yes