សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

នគរបាល​ម្នាក់​ត្រូវ​ដាក់​នៅ​ក្រោម​ការ​អង្កេត​របស់​តុលាការ​រឿង​បាញ់​កម្មករ​នៅ​បាវិត

120830_10
លោក​កែវ គង់ អធិការ​នគរ​បាល​ក្រុង​បាវិត ជា​ក្រុង​ដែល​មាន​ការ​បាញ់​កម្មករ​កាល​​ពី​ខែ​កុម្ភៈ 

ស្វាយរៀងៈ មន្ត្រីនគរបាល​ក្រុង​បាវិត​ម្នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ ក្នុង​សំណុំ​រឿង​បាញ់​កម្មករ ៣ នាក់ ឲ្យ​រង​របួស នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ខែ​កុម្ភៈ ដែល​ជន​សង្ស័យ ជា​អតីត​អភិបាល​ក្រុង​បាវិត ឈូក បណ្ឌិត​មិន​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃុំ​ខ្លួន​ទាល់​តែ​សោះ រហូត​មក​ដល់​ពេល​នេះ។
លោកប្រាជ្ញ រឹម ស្នងការ​នគរ​បាល​ខេត្ត​ស្វាយរៀង​ថ្លែង​ថា លោក ស ចន្ថា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត ត្រូវ​បាន​លោក​ចៅក្រម ប៉ិច ឈឿត ដែល​ជា​ប្រធាន​តុលាការ​ខេត្ត​ស្វាយ​រៀង ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​គ្រង​នៃ​ស្ថាប័ន​តុលាការ ដោយ​សារ​មាន​ជាប់​សង្ស័យ ក្នុង​ករណី​បាញ់​កម្មការិនី ៣ រូប​នៅ​រោងចក្រ​កៅវ៉េនា​ក្រុង​បាវិត កាល​ពី​ខែកុម្ភៈ។ លោក​ថា៖«យើង​ទើប​តែទទួល​លិខិត កាលពី​អាទិត្យ​មុន ឲ្យ​គាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពីតុលា​ការ។ តែ​គាត់​មិន​ស្ថិត​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នេះ​ទេ គឺស្ថិត​នៅ​ឆ្ងាយ​ណាស់ ប្រហែល​ពី ៥០០ ទៅ ៦០០ ម៉ែត្រ​ឯណោះ។ គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ពេល​ទៅ​ណា​មក​ណា​ ត្រូវ​ប្រាប់គេ​»។

លោក​ប្រាជ្ញ រឹម បញ្ជាក់​ថា៖ « ​ប៉ូលិស​ខ្ញុំ​ មិន​ភិត​ភ័យ​ទេ ព្រោះ​ជា​រឿង​ចាស់ ហើយ​គាត់​អត់​​បាន​ប្រព្រឹត្ត​ផង បើ​ករណី​ថ្មី ទើប​យើង​ប្លែក​»។ លោក​ឲ្យ​ដឹង​ថា ករណី​នេះ​ លោក ស ចន្ថា បាន​ចូល​បំភ្លឺ​ជា​​មួយ​ព្រះ​រាជ​អាជ្ញា និង​ចៅក្រម​កាល​ពីខែ​កក្កដា​។
លោក ស ចន្ថា មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ​កាល​ពី​ម្សិល​មិញ។
លោក កែវ គង់ អធិការ​នគរ-​បាល​​ក្រុង​បាវិត ថ្លែង​ថា លោក​មិន​បាន​ដឹង​ អំ​ពី​ការ​ចោទ​ប្រកាន់​ ពីស្ថា​ប័ន​តុលាការ​មក​លើ​លោក ស ចន្ថា ឡើយ តែ​លោក​បញ្ជាក់​ថា «លោក​ ស ចន្ថា នៅ​តែ​មក​ធ្វើ​ការ​ដូច​ធម្មតា»។
លោក ឈូក បណ្ឌិត អតីត​អភិ-​បាល​ក្រុង​បាវិត គឺ​ជា​ជន​សង្ស័យ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ដក​កាំ​ភ្លើង​បាញ់​កម្មករ ឲ្យ​រង​របួស​ធ្ងន់ ៣ នាក់ នៅ​ក្នុង​ការ​តវ៉ា​មួយ​កាល​ពី​ខែ​កុម្ភៈ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ជន​សង្ស័យ​រូប​នេះ មិន​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នោះទេ។ បើ​ទោះ​បី​ជា​គ្រាប់​កាំ​ភ្លើង បាន​ទៅ​ទម្លុះ​ដើម​ទ្រូង​កម្មករ ពី​ខាង​មុខធ្លាយ​ដល់​ខាង​ក្រោយ​ក្តី ក៏​លោក​ឈូក បណ្ឌិត ក្រោយ​មក ត្រូវ​បាន​តុលា​ការ​ខេត្ត​ស្វាយ​រៀង ​ធ្វើ​ការ​ចោទ​ប្រកាន់ ត្រឹម​តែ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​តែ​ប៉ុណ្ណោះ ដែល​បទ​ចោទ​នេះ បាន​ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋាន​នានា​ជា​ច្រើន ​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។
លោក ជិន លីដា មេធាវី​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ ដែល​ការពារ​ក្តី​ឲ្យ​កម្មការិនី​រង​គ្រោះ​ទាំង​បីនាក់ បាន​ថ្លែង​ថា ទាំង​ព្រះ​រាជ​អាជ្ញា និង​ចៅក្រម​ស៊ើប​សួរ​ បានបញ្ចប់​ការ​សាក​សួរ​ ចំពោះ​កូនក្តី​របស់​លោក​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ថ្ងៃបើក​សវនា​ការ​នៅ​ឡើយ​ទេ។ លោកនិយាយ​ថា៖ «តាម​ច្បាប់ បើ​ការ​ស៊ើប​អង្កេត​យូរ​ពេក ក្នុង​រយៈពេល​១ឆ្នាំ​ ភាគី​ក្នុង​សំណុំ​រឿង​ អាច​ស្នើ​តុលា​ការ​សុំ​បិទ​ការ​ស៊ើប​អង្កេត​ និង​កំណត់​ពេល​សវនា​ការ»៕

No comments:

Post a Comment

yes