សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នៅ​លើផ្ទៃ​ដី​៩៤​ហិកតា នឹង​ត្រូវ​បើក​ការ​ដ្ឋាន​នៅ​ចុង​ឆ្នាំ


ភ្នំពេញៈ កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​មួយ​ស្តី​ពីការ​បង្កើត​គណៈ​កម្មការ​ អន្តរ​ក្រសួង​ដើម្បី​កសាង «​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ» ជា​ថ្នូរ​នឹង​ដី​បឹងពោង​ពាយ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​សង្កាត់​ទួលសង្កែ ខណ្ឌ​ប្ញស្សីកែវ។
លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ជា​ប្រធាន​នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង​នេះ​ ដែល​មាន​ភារកិច្ច​ចម្បង​គឺ​ការ​ចុះ​វាស់​វែង​កំណត់​ព្រំ​ប្រទល់​ពហុកីឡដ្ឋាន​ និង​ប្លង់​សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស។
កាលពី​ថ្ងៃ​៨ ខែ​សីហា លោក កែប ជុតិមា បាន​ចុះ​ហត្ថលេខា​លើ​ការ​បង្កើត​អនុ​គណៈកម្មការ​អន្តរ​ក្រសួង​ចំនួន​៤​ទៀត គឺ​អនុគណៈ​កម្មការ​បច្ចេកទេស អនុគណៈ​កម្មការ​ដោះស្រាយ​ផល​ប៉ះ​ពាល់ អនុ​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​សាងសង់ និង​អនុគណៈ​កម្មការ​វាយ​តម្លៃ​ដី​ធ្លី និង​សំណង់ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​និយាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ» នឹង​ក្លាយ​ជា​ពហុកីឡ​ដ្ឋាន​ថ្មី​ដ៏​ទំនើប​មួយ​របស់​កម្ពុជា​ដែល​សមស្រប​ទៅ​តាម​ បទ​ដ្ឋាន​អន្តរជាតិ ដោយ NOCC គឺជា​ម្ចាស់​គម្រោង​ក្រោម​កិច្ច​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​ជា​អនុ​ប្រធាន​នៃ​អនុគណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​សាង​សង់ រួម​ទាំង​អនុគណៈ​កម្មការ​វាយ​តម្លៃ​ដី​ធ្លី​ និង​សំណង់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​ដ៏​ថ្មី​ទំនើប​មួយ​នេះ នឹង​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៩៤​ហិកតា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត រាជធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុងផាត់)។
លោក​បាន​អះអាង​ថា ផ្ទៃ​ដី​ប្រមាណ​៦០​ភាគរយ​នៃ​ផ្ទៃ​ដី​ទាំងមូល​នឹង​គ្រប​ដណ្តប់​ទៅ​ដោយ​តំបន់​ បៃតង ដោយ​មាន​ដើម​ឈើ ស្មៅ និង​សួន​ច្បារ​ ជា​ដើម រីឯ​ផ្ទៃដី​៤០​ភាគរយ​ទៀត គឺជា​សំណង់​កីឡ​ដ្ឋាន​ដែល​មាន​ការិយាល័យ និង​ទីលាន​កីឡា​ចម្រុះ​ជាច្រើន។
ទាក់ទង​នឹង​សំណួរ​លម្អិត​ស្តី​អំពី​ដំណើរ​ការ​នៃ​ការ​សាង​សង់ ត្រូវ​បាន​លោក វ៉ាត់ ចំរើន អះអាង​ថា ការ​ដ្ឋាន​នឹង​ចាប់​ឡើង​នៅ​ចុង​ឆ្នាំ​២០១២​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​អះអាង​ថា វា​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។
បើ​តាម​ការ​បញ្ជាក់​របស់​លោក ការ​សាង​សង់​នឹង​ប្រព្រឹត្ត​ទៅ​ជាច្រើន​ដំណាក់​កាល ហើយ​ការ​ប្រើប្រាស់​នឹង​ធ្វើ​ឡើង​ជា​បណ្តើរៗ​ទៅ​តាម​ផ្នែក​ដែល​បាន​សាង​សង់​ រួច​រាល់​ហើយ។ គម្រោង​នៃ​ការ​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ជា​លក្ខណៈ អន្តរជាតិ។
តម្លៃ​នៃ​គម្រោង​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ឡើយ ប៉ុន្តែ​បើ​តាម​វិស្វករ​ជំនាញ​ ការ​សាង​សង់​ពហុកីឡដ្ឋាន​បែប​បទដ្ឋាន​អន្តរជាតិ អាច​ចំណាយ​ទឹក​ប្រាក់​ពី​១០០​លាន រហូត​ដល់​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ឯណោះ។
ថវិកា​នៃ​ការ​សាងសង់​គឺជា​បន្ទុក​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​ផ្តល់​ទីតាំង​ ហើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​ជា​ម្ចាស់​គម្រោង ក្រោម​កិច្ច​សហការ​ពី​សំណាក់​ក្រសួង​ និង​ស្ថាប័ន​ដទៃ​ទៀត។
យោង​តាម​ឯកសារ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន គម្រោង​នៃ​ការ​សាង​សង់​នេះ​ត្រូវ​បាន​រចនា​ដោយ​ក្រុមហ៊ុន Architect Solutions។
ប្លង់​ត្រួសៗ​នៃ​គម្រោង​មាន​ដូច​ជា ទីលាន​បាល់​ទាត់ និង​រត់​ប្រណាំង នៅ​លើ​ក្រឡា​ផ្ទៃ​ទំហំ​ ៩​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​ជាង​៤៣០០០​នាក់ សាល​ហាត់​ខាង​ក្នុង Indoor Sports នៅ​លើ​ក្រឡា​ផ្ទៃ​៣,៦​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​១៥០០០​នាក់ អាង​ហែល​ទឹក​នៅ​លើ​ក្រឡា​ផ្ទៃ​៣,៦​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ជាង​ ៦០០០​នាក់ សាល​បាល់​បោះ បាល់ទះ ហ៊្វូតសាល​នៅ​លើ​ក្រឡា​ផ្ទៃ​១,៥​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៣០០០ នាក់ សាល​ហាត់​សាច់​ដុំ​នៅ​លើ​ក្រឡាផ្ទៃ​១,៥​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ជាង​ ១៥០០​នាក់ សាលកាយ​សម្ព័ន្ធ​នៅ​លើ​ក្រឡា​ផ្ទៃ​២,១​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ ទស្សនា​ជាង​៣៧០០​នាក់ សាល​វាយ​សី​ វាយកូន​ឃ្លី​លើ​តុ​នៅ​លើ​ផ្ទៃ​ក្រឡា​២,១​ហិកតា​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ចំនួន ជាង​៣៧០០​នាក់ សាល​កាយ​សម្ព័ន្ធ​កីឡា​ប្រពៃណី​នៅ​លើ​ក្រឡាផ្ទៃ​២,១​ហិកតា​ដែល​អាច​ផ្ទុក​ អ្នក​ទស្សនា​បាន​ជាង​៣៧០០​នាក់​។
រីឯ​អគារ​ស្នាក់​នៅ និង​អាហារដ្ឋាន​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ ២,២​ហិកតា ដោយ​មាន​អគារ​៦​ជាន់​ចំនួន​៤​អគារ និង​៨​ជាន់​ចំនួន​៤​អគារ ក្នុង​នោះ​មាន​បន្ទប់​សរុប​ចំនួន​៤០០ និង​អាហារដ្ឋាន​ចំនួន​២​កន្លែង​។
បន្ថែម​ពី​លើ​នេះ ក៏មាន​ផ្ទៃ​ដី​បម្រុង​ទុក​សម្រាប់​សង់​ការ​ដ្ឋាន​មួយ​ចំនួន​ផង​ដែរ ដូចជា​៣,២​ហិកតា​សម្រាប់​សាងសង់​សណ្ឋាគារ​មួយ​ដែល​មាន​៨០០​បន្ទប់ ៧ហិកតា​សម្រាប់​សាងសង់​សួន​ទឹក​កម្សាន្ត និង​៧​ហិកតា​សម្រាប់​សាង​សង់​ទីលាន​បាល់​ទាត់​មួយ​ទៀត។
ព័ត៌មាន​ទាក់​ទង​នឹង​ការ​សាង​សង់​នេះ បាន​ធ្វើ​ឲ្យ​មតិ​ភាគ​ច្រើន​មាន​ការ​គាំទ្រ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ខក​ចិត្ត​ចំពោះ​ការ​សាង​សង់​ អគារពាណិជ្ជកម្ម​នានា​នៅ​ជុំវិញ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ការ​បាត់​បង់​សំណង់​កីឡា​ជា​ប្រវត្តិសាស្ត្រ របស់​ខ្លួន។
លោក វ៉ាត់ ចំរើន បាន​អះអាង «ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ» នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ និង​អន្តរជាតិ​នានា​ក្នុង​ពេល​អនាគត ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ការ​សាង​សង់​នេះ​មិន​មែន​ជាគោល​ដៅ​សំខាន់​នៃ​ការ​ត្រៀម​ខ្លួន​របស់​ កម្ពុជា​ដើម្បី​​រៀប​ចំ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២០​នោះ​ឡើយ៕



No comments:

Post a Comment

yes