ទោះបីមានការបកស្រាយពីប្រមុខដឹកនាំរដ្ឋាភិបាលជុំបញ្ហាការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម អស់ជាច្រើនម៉ោងនៅរដ្ឋសភាយ៉ាងណាក្ដី គណបក្សប្រឆាំងនៅតែមានមន្ទិលសង្ស័យនៅឡើយចំពោះការបាត់បង់ផ្ទៃដីប្រទេសកម្ពុជា ទៅខាងប្រទេសវៀតណាម។
គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលបញ្ហាព្រំដែន មិនចង់ឲ្យរដ្ឋាភិបាល ឬរដ្ឋសភា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រាមួយចំនួនដែលពាក់ព័ន្ធនឹងមាត្រដ្ឋានផែនទីនៃប្រទេសកម្ពុជា ខ្នាត ១/១០០.០០០ (មួយលើមួយរយពាន់) ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ននោះទេ។
ការបញ្ចេញប្រតិកម្មនេះ បន្ទាប់លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ ទី៤ កញ្ញា បានប្រកាសឲ្យមានការសិក្សាមួយ ដើម្បីអាចធ្វើវិសោធនកម្មលើមាត្រាពីរនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
លោកមានប្រសាសន៍ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញដែលធ្វើឡើងនៅឆ្នាំ១៩៩៣ នោះ នៅមានចំណុចខ្សោយ និងខ្វះខាតមួយចំនួន ហើយការគូសផែនទីកំណត់ផ្ទៃក្រឡាដីរបស់កម្ពុជា នៅសម័យបារាំង កាន់កាប់កម្ពុជានោះ ក៏មានការលំបាក ខ្វះខាតនូវលក្ខណៈបច្ចេកទេសមួយចំនួនដែលអាចធ្វើឲ្យទំហំផ្ទៃដីប្រទេសកម្ពុជា មានការប្រែប្រួលក្រោយពីមានការវាស់វែងឡើងវិញដោយឧបករណ៍ ឬបច្ចេកវិទ្យាទំនើបនៅសម័យនេះ។
មត្រា២ នៃរដ្ឋធម្មនុញ្ញបានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៦៩ ហើយដែលត្រូវទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍ថា ការបោះបង្គោលកំណត់ព្រំដែនមិនពាក់ព័ន្ធនឹងមាត្រាទី២ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ។
លោកបន្តថា បើទោះបីមានការចាំបាច់ធ្វើវិសោធនកម្មលើមាត្រាណាមួយនៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការកំណត់ព្រំដែននោះ ទាល់តែមានការធានាថា មិនឲ្យបាត់បង់បូរណភាពទឹកដីខ្មែរពិតប្រាកដស្របតាមគោលការណ៍ច្បាប់ជាតិ អន្តរជាតិ មានការចូលរួមពីអ្នកសង្កេតការណ៍ច្បាស់លាស់ដែលមិនគួរធ្វើឡើងដោយអត្តនោម័តិនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១២ ថា ភាគីកម្ពុជា និងវៀតណាម នឹងផលិតផែនទីព្រំដែនរដ្ឋមួយ។ ផែនទីព្រំដែននោះនឹងត្រូវប្ដូរជំនួសផែនទីខ្នាត ១/១០០.០០០ ដែលមានចំនួន ២៦ផ្ទាំង និងផែនទីខ្នាត ១/៥០.០០០ (មួយលើហាសិបពាន) ដែលមានចំនួន ៤០ផ្ទាំង អមដោយសន្ធិសញ្ញា ១៩៨៥ និងប្លង់ទាំងបួនអមដោយសន្ធិសញ្ញាបំពេញបន្ថែម។
ទាក់ទងបញ្ហានេះដែរ លោក រ៉ុង ឈុន ប្រធានក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន។ លោកមានប្រសាសន៍ថា ការកែប្រែអ្វីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ គេគួរតែធ្វើឡើងដោយតម្លាភាព ដោយមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ជៀសវាងធ្វើឡើងដោយក្រុមមនុស្សតែមួយក្រុមណាមួយនោះ។
មន្ត្រីគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការកំណត់ព្រំដែនដោយរក្សាបាននូវបូរណភាពដែនដីជាតិរបស់ខ្លួនមិនឲ្យបាត់បង់នោះ គឺត្រូវពឹងលើអ្នកច្បាប់អ្នកជំនាញដែលមានបច្ចេកទេសច្បាស់លាស់ និងជាអ្នកឯករាជ្យ ហើយមិនត្រូវយកបញ្ហានេះជារឿងកេងចំណេញខាងនយោបាយ ហើយធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិនោះទេ។
មន្ត្រីគណបក្សប្រឆាំងបានឲ្យដឹងទៀតថា ខ្លួនកំពុងសិក្សាលម្អិតលើផែនទីដែលរដ្ឋាភិបាលកំពុងយកមកប្រើសព្វថ្ងៃនេះ និងអ្វីដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ការវាស់វែងព្រំដែនជាថ្មីនៅសម័យនេះ អាចចំណេញ ឬពង្រីកផ្ទៃដីបន្ថែមដល់កម្ពុជានោះ ជារឿងពិតប្រាកដមែន ឬក៏យ៉ាងណា?
គណបក្សប្រឆាំងនឹងបន្តលើកយកបញ្ហាស្ដីពីភាពមិនប្រក្រតីមួយចំនួនជុំវិញការបោះបង្គោលព្រំដែនទៅឲ្យរដ្ឋាភិបាលឆ្លើយបំភ្លឺបន្តទៀត ដោយមានការសួរដេញដោលគ្នាដោយផ្ទាល់មាត់នៅក្នុងរដ្ឋសភានៅពេលខាងមុខ៕
No comments:
Post a Comment
yes