សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

បក្សប្រឆាំង គ្រោង​ស្វែងរក​ជួប​បក្ស​កាន់អំណាច ពិភាក្សា​ពី​ការកែទម្រង់ គ​.​ជ​.​ប​

ភ្នំពេញ: បន្ទាប់ពី​បរាជ័យ ក្នុងជំនួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២ ដើម្បី​ពិភាក្សា​លើ​ការកែទម្រង់​សមាសភាព​ដឹកនាំ គ​.​ជ​.​ប នោះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​អះអាងថា លោក​នឹង​ស្វែងរក​ការពិភាក្សា​ជាមួយនឹង​មន្ត្រី​ជាន់ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃ​។​

​នៅក្នុង​សន្និសីទ​នោះ លោក យឹម សុវណ្ណ បាន​អះអាងថា នីតិវិធី នៃ​ការរៀបចំ​កែសម្រួល​សមាសភាព​ដឹកនាំ គ​.​ជ​.​ប មាន​ពេល​ខ្លី​ណាស់ ដូច្នេះហើយ​លោក​នឹង​ស្វែងរក​ជំនួប​ពិភាក្សា ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មានការ​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង​ទាំងពីរ គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ដើម្បី​ឲ្យ​មាន​យន្ដការ​ពិភាក្សា​កែសម្រួល គ​.​ជ​.​ប ដោយមាន​ការបង្កើត​គ​ណៈ​កម្ម​ការជ្រើសរើស​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ពី​សំណាក់​គណបក្សនយោបាយ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា និង​មានការ​ចូលរួម​ពី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​។​


​លោក យឹម សុវណ្ណ បន្តថា ការស្នើ​ឲ្យ​មានការ​កែទម្រង់ គ​.​ជ​.​ប ដើម្បី​ជាយ​ន្ដ​ការរៀបចំ​ការបោះ​ឆ្នោត​ប្រកបដោយ​ភាពសេរី យុត្តិធម៌ និង​ត្រឹមត្រូវ និង​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ​។​

​ជាការ​ឆ្លើយតប ទៅនឹង​ការព្យាយាម​ជួបពិភាក្សា​ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ពី​សំណាក់​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង​ពីរ​នោះ ត្រូវបាន​លោក ទិ​ត សុធា អ្នកនាំពាក្យ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​រវាង​ក្រសួងមហាផ្ទៃ ជាមួយ​តំណាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃទី​២០​កញ្ញា ឆ្នាំ​២០១២ បាន​ឆ្លើយ​បញ្ជាក់ថា តាមរយៈ​ជំនួប​រវាង​មន្ត្រី​គណបក្សប្រឆាំង ជាមួយនឹង​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា លោក ព្រំ សុខា បាន​បកស្រាយ​លំអិត​រួចហើយ ទាក់ទង​ទៅនឹង​ការប៉ុនប៉ង​កែទម្រង់ ឬ​ប្តូរ​សមាសភាព គ​.​ជ​.​ប ពី​សំណាក់​គណបក្សប្រឆាំង​។​

​លោក ទិ​ត សុធា បាន​បន្តថា តាមរយៈ​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ផ្ញើជូន​គណបក្សប្រឆាំង​កាលពីពេល​ថ្មីៗ​នេះ ក៏បាន​បង្ហាញ​យ៉ាងច្បាស់​លាស់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល ហើយ​ការស្វែងរក​ជំនួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​ហេតុផល​នយោបាយ​ណា​ត្រូវ​ជួប​ទេ​។ 
​លោក​បានចាត់ទុក​សក​ម្ម​ភាព​ទាំងនោះ របស់​គណបក្សប្រឆាំង ថា ជា​សកម្មភាព​បំពុលបរិយាកាស​នយោបាយ តែប៉ុណ្ណោះ​។​

​លោក ទិ​ត សុធា បន្តថា  គណបក្សប្រឆាំង បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​គ្រប់​អាណត្តិ​មកហើយ សូម្បីតែ​អង្គការ​ជាតិ និង​អន្តរជាតិ ក៏​ទទួលស្គាល់​ដែរ​។ នីតិវិធី​ដែល គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត គឺ​ដំណើរការ​ដោយ​ឯករាជ្យ និង​អ​ធ្យា​ក្រឹត្យ ហើយ​ការ​ទាម​កែទម្រង់​សមាសភាព គ​.​ជ​.​ប នៅពេលនេះ គ្រាន់តែ​ជាការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មានការ​ជាប់គាំង​នយោបាយ និង​មិនអាច​ដំណើរ​បោះឆ្នោត​បាន នៅ​ឆ្នាំ​២០១៣ បន្ទាប់មក​គណបក្សប្រឆាំង នឹង​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​៕​

No comments:

Post a Comment

yes