សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

ពលរដ្ឋ​ខណ្ឌ​ឫស្សីកែវ​បារម្ភ​ពី​ការ​បាត់​បង់​ដី​និង​លំនៅឋាន​ដោយ​ការ​ធ្វើ​ទីក្រុង​រណប


អ្នក​ភូមិ​ដើមគ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឫស្សីកែវ ប្រតិកម្ម​តប​នឹង​ការ​សម្រេច​ការ​កំណត់​តម្លៃ​ដី​របស់​ពួក​គាត់ ដែល​ធ្វើ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ។
ការ​ប្រតិកម្ម​របស់​អ្នក​ភូមិ កើត​ឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ហៅ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ប្រជុំ​នៅ​សាលា​រាជធានី កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១២ និង​សុំ​ឲ្យ​ពលរដ្ឋ​ដែល​ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​នៃ​សង្កាត់​ទាំង​បី គឺ​សង្កាត់​ព្រែកតាសេក សង្កាត់​ព្រែកលៀប និង​សង្កាត់​ជ្រោយចង្វា ទទួល​យក​ដំណោះស្រាយ​របស់​រដ្ឋាភិបាល ដែល​បាន​កំណត់​មក​នេះ។
អ្នក​ភូមិ​ដើមគ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ កញ្ញា ថា ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទឹក​ភ្នែក ជិត​ឈាន​ដល់​តំបន់​របស់​ពួក​គាត់​រស់នៅ​ជាច្រើន​តំណ​មនុស្ស​មក​នោះ​ហើយ។

អ្នកស្រី ជា គង់ មាន​ប្រសាសន៍​ថា ពី​មុន​អ្នកស្រី​ធ្លាប់​តែ​ឮ​គេ​ថា អ្នក​ភូមិ​បឹងកក់ និង​ភូមិ​បុរីកីឡា រង​ទុក្ខ​លំបាក​ពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ រឿង​រ៉ាវ​នោះ​ហាក់​ខិត​កាន់​តែ​កៀក​មក​ភូមិ​របស់​ពួក​គាត់។ អ្នកស្រី​អះអាង​បន្ត​ថា អ្នកស្រី​ជា​ម្ចាស់​ដី តែ​អ្នកស្រី​ហាក់​គ្មាន​សិទ្ធិ​បន្តិច​បន្តួច​ឡើយ​ក្នុង​ការ​កំណត់​តម្លៃ​លើ​ដី​របស់​ខ្លួន តែ​បែរ​ជា​រដ្ឋាភិបាល​ជា​អ្នក​កំណត់​តម្លៃ​ជំនួស​ឲ្យ​ពលរដ្ឋ​ទៅ​វិញ។
អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ដាក់​តម្លៃ​ឲ្យ​បាន​សមរម្យ​ជាង​នេះ កុំ​ឲ្យ​ខុស​តម្លៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ឆ្ងាយ​ខ្លាំង​ពេក៖ «ក្មួយ​គិត​មើល កាល​ជំនាន់​អា​ពត ខ្លាច​ជីវិត​ស្លាប់​មួយ​ហើយ មក​ឲ្យ​ស្លាប់​ដោយ​សារ​ការ​រំដោះ ថា​សុខសាន្ត ថា​ឯករាជ្យ មិន​ឲ្យ​ខ្លាច​ម៉េច តែ​ឥឡូវ​ហ្នឹង បើ​ឲ្យ​ជីវិត​ខ្ញុំ​ស្លាប់​ម្ដង​ទៀត និង​សូវ​អត់​បាយ តើ​ឲ្យ​ពួក​ខ្ញុំ​ទៅ​នៅ​ឯណា។ ក្មួយ​ឯង​មើល សុទ្ធ​តែ​ដី​គេ​ទាំង​អស់ ឲ្យ​ខ្ញុំ​ទៅ​នៅ​ឯណា បើ​ដី​ខ្ញុំ​រដ្ឋ​ត្រូវ​ការ​អ៊ីចឹង ៤រៀល លោក​ដាក់​តម្លៃ ផ្ទះ​ថ្ម​លក់​តម្លៃ​៦០.០០០»
តាម​ការ​អះអាង​របស់​អ្នក​ភូមិ ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​តំបន់​ដែល​ពួក​គាត់​កំពុង​រស់នៅ​នេះ មាន​តម្លៃ​មិន​តិច​ជាង ៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​នោះ​ទេ តែ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កំណត់​តម្លៃ​ដី​នៅ​តំបន់​នោះ​ត្រឹម​តែ ៣ដុល្លារ​ទៅ ៥ដុល្លារ ក្នុង​១ម៉ែត្រ​ក្រឡា។
ទាក់​ទង​នឹង​បញ្ហា​នេះ តំណាង​អ្នក​ភូមិ​ដើមគ ឈ្មោះ ថុល ស៊ីថេត ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ កញ្ញា ឲ្យ​ដឹង​ថា បើ​ទោះ​បី​អ្នក​ភូមិ​បាន​លើក​ឡើង​សុំ​ឲ្យ​មន្ត្រី​សាលា​រាជធានី​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ​យ៉ាង​ណា​ក៏ដោយ ក៏​មន្ត្រី​ទាំង​នោះ​នៅ​តែ​ប្រកាន់​ជំហរ​តាម​លិខិត​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​គេ​ហៅ​ថា ស.ជ.ណ ដដែល។ លោក​ថ្លែង​បន្ត​ថា ពលរដ្ឋ​អបអរ​ជា​អនេក នៅ​ពេល​ពួក​គេ​ឮ​ថា​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន និង​ឈាន​ដល់​ការ​ដាក់​ចេញ​គោល​នយោបាយ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មុន​នឹង​សម្រេច​ចិត្ត​អភិវឌ្ឍ​កន្លែង​ណា​មួយ​នោះ រដ្ឋាភិបាល​គួរ​គិត​ដល់​ជីវភាព​រស់នៅ និង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ផង។
លោក​បញ្ជាក់​បន្ថែម​ថា តម្លៃ​ដី​ដែល​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​នោះ អ្នក​ភូមិ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ៖«ហើយ​សុំ​ឲ្យ​សាលា​ក្រុង​ម្ដង​ទៀត​ពិចារណា និង​សម្ដេច​នាយក​ពិចារណា​ទៅ​លើ​ការ​ដាក់​តម្លៃ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​ផង។ ថ្វីត្បិត​តែ​ពួក​ខ្ញុំ​រស់នៅ​ជា​អ្នក​ស្រែ​មែន ប៉ុន្តែ​ក៏​ចង់​ឲ្យ​រស់​សមរម្យ​ដែរ មិន​ចង់​រស់​ទី​នេះ សុំ​ឲ្យ​មាន​សំណង​សមរម្យ​រស់​នៅ​ឆ្ងាយ​ក៏​បាន​ដែរ ឲ្យ​តែ​វា​សប្បាយ​ជាង​នេះ កុំ​ឲ្យ​គាត់​ហ្នឹង​កំណត់​ខ្លួន​ឯង​ត្រឹម​តែ ៤ដុល្លារ ដូច​មិន​ដែល​បាន​ស្គាល់​លុយ​អ៊ីចឹង»
វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ទេ នៅ​ថ្ងៃ​ទី២៧ កញ្ញា ដោយ​លោក​សុំ​ឲ្យ​វិទ្យុ​អាស៊ីសេរី ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​វិញ។
កាល​ពី​ថ្ងៃ​ទី២១ កញ្ញា ឆ្នាំ​២០១២ សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​ពលរដ្ឋ​ដែល​មាន​ក្បាល​ដី​ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប​មក​ពី​បី​សង្កាត់ គឺ​សង្កាត់​ព្រែកតាសេក សង្កាត់​ព្រែកលៀប និង​សង្កាត់​ជ្រោយចង្វា ឲ្យ​ចូល​រួម​ប្រជុំ​និយាយ​ពី​ដំណោះស្រាយ​ទាក់​ទង​នឹង​តំបន់​ដី ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​រណប។
ក្នុង​កិច្ច​ប្រជុំ​នោះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​ដំណោះស្រាយ​ថា ក្រុមហ៊ុន​បម្រុង​ទិញ​ដី​ទំហំ ១២ហិកតារ ដើម្បី​ធ្វើ​ផ្ទះ​ល្វែង និង​ផ្សារ​ទុក​ឲ្យ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​នោះ។
ទី១ ពលរដ្ឋ​មាន​លំនៅឋាន និង​ដី​ទំហំ​តិច​ជាង ៥០០​ម៉ែត្រ​ក្រឡា ទទួល​បាន​ផ្ទះ​១ល្វែង និង​ស្តង់​លក់​ដូរ​ក្នុង​ផ្សារ​មួយ​កន្លែង។
ទី២ ពលរដ្ឋ​មាន​ទំហំ​ដី​លើស​ពី ៥០០​ម៉ែត្រ​ក្រឡា ទទួល​បាន​ផ្ទះ​១ល្វែង បូក​នឹង​ថវិកា​បន្ថែម​ចំនួន ៥ដុល្លារ​ក្នុង​១ម៉ែត្រ​ក្រឡា និង​ស្តង់​លក់​ដូរ​ក្នុង​ផ្សារ​មួយ​កន្លែង​ទៀត។
ចំណែក​ពលរដ្ឋ​ជា​កសិករ មាន​ដី​ស្រែ​ស្ថិត​នៅ​តំបន់​នៃ​គម្រោង​អភិវឌ្ឍ ប៉ុន្តែ​ផ្ទះ​របស់​ពួក​គាត់​មិន​ស្ថិត​នៅ​តំបន់​នៃ​គម្រោង​អភិវឌ្ឍ​នោះ ពួក​គាត់​ទទួល​បាន ៤ដុល្លារ​ក្នុង​១ម៉ែត្រ​ក្រឡា​លើ​ទំហំ​ដី បូក​រួម​នឹង​ជម្រើស​ចំនួន​ពីរ គឺ​ទី១ ពួក​គាត់​អាច​ទទួល​យក​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥សែន​រៀល​ក្នុង​មួយ​គ្រួសារ សម្រាប់​រយៈពេល ២ឆ្នាំ ដើម្បី​ប្រកប​មុខ​របរ​ផ្សេង ជំនួស​ការ​ធ្វើ​ស្រែ​ចម្ការ និង​ទី២ ពួក​គាត់​អាច​ទទួល​យក​ស្តង់​លក់​ដូរ​មួយ​កន្លែង ដែល​អាច​ប្រែ​ខ្លួន​ពី​កសិករ​មក​ជា​អាជីវករ​លក់​ដូរ​វិញ។
រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​ទំហំ​ជាង ៣០០​ហិកតារ ឲ្យ​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​ទីក្រុង​រណប។ ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​នេះ មាន​បី​សង្កាត់ គឺ​សង្កាត់​ព្រែកតាសេក សង្កាត់​ព្រែកលៀប និង​សង្កាត់​ជ្រោយចង្វា៕

No comments:

Post a Comment

yes