សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 3, 2012

លោក ព្រុំ វីរៈ សប្បាយ​ប្រមូល​លុយ​ពី​ស្ថានីយ៍​ថ្លឹង​រថយន្ដ​នៅ​កូនដំរី​មិន​ខ្វល់​ពី​ការខូចខាត​ផ្លូវ​ស្ពាន​


បន្ទាយមានជ័យ ៖ សកម្មភាព​មមាញឹក​នៃ​ការដឹកជញ្ជូន​កសិផល​ចេញទៅ​ប្រទេស​ថៃ និង​ការដឹកជញ្ជូន​ទំនិញ​មកពី​ច្រក​ប៉ោយប៉ែត​ឆ្លងកាត់​ខេត្ដ​បន្ទាយមានជ័យ ភាគច្រើន​ផ្ទុក​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត​ផ្លូវ​ស្ពាន​ជាច្រើន​កន្លែង ប៉ុន្ដែ​វា​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក ព្រុំ វីរៈ ដែលជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្ទុក​លើស​ទម្ងន់​នៅ​កូនដំរី ស្ថិតនៅ​ក្នុងភូមិ​កូនដំរី​សង្កាត់​និ​មិ​ត្ដ​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ដែល​ទាមទារ​ឱ្យ​ថ្នាក់លើ​ពិនិត្យមើល​ភាព​អសកម្ម​និង​ពុករលួយ​របស់​មន្ដ្រី​ពាក់ព័ន្ធ​ឡើងវិញ​ជាបន្ទាន់។​
         ​រាប់សិប​ឆ្នាំ​កន្លងមកហើយ​ដែល​លោក ព្រុំ វីរៈ បាន​ចាត់តាំង​មន្ដ្រីក្រោមឱវាទ​ឱ្យ​ប្រមូលប្រាក់​ពី​រថយន្ដ​ផ្ទុកទំនិញ​គ្រប់​ប្រភេទ​ដែល​បើកបរ​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​កូនដំរី​តាមរបៀប​អនាធិបតេយ្យ មិន​ខុសពី​កុងត្រូលជជុះ​ប៉ុន្មាន​ទេ គឺ​សកម្មភាព​នេះ​ផ្ទុយ​ពីបទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ខុសពី​គោលការណ៍​របស់​ក្រសួង​សាធារណការ​ដល់​ទៅ​១៨០​អង្សា​ឯណោះ ។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​បានលើកឡើង​ថា មិនដឹង​ជាមាន​គោលការណ៍​មកពីណា​ទេទើ​បលោក ព្រុំ វីរៈ ចាត់តាំង​ឱ្យ​មន្ដ្រីក្រោមឱវាទ​ដែល​ប្រចាំការ​នៅ ចំណុច​ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី​ឱ្យធ្វើ​សកម្មភាព​គាប​ជំរិត​ទារប្រាក់​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ឱ្យ​បង់​ក្នុងតម្លៃ​ខ្ពស់​លើស​សព្វមួយដង​ដោយ​គ្មាន​ករណី​យោគយល់​អ្វី​ឡើយ។​

         ​បើតាម​ការលើកឡើងរ​បស់​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បានឱ្យដឹងថា យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​មាន​រថយន្ដ​ធំៗ​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ដ​នៅ​កូនដំរី​ជាង​២០០​គ្រឿង​ជាប់​ជាប្រចាំ​ឬ​អាច​ច្រើនជាង​នេះ ហើយ​ក្រុម ជញ្ជីង​ថ្លឹង​រថយន្ដ​មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ គឺ​មិនចាំបាច់​ឱ្យ​រថយន្ដ​ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​ជញ្ជីង​នាំ​តែ​ខាត​ពេល​គ្រាន់តែ​តម្រូវឱ្យ​ចូលទៅ​បង់ប្រាក់​តាម​ការកំណត់​របស់ ពួកគេ​ប៉ុណ្ណោះ​។ មានការ​បញ្ជាក់​ផងដែរ​ថា រថយន្ដ​ដឹក​អេតចាយ ផល​កសិកម្ម ខ្សាច់ ឥដ្ឋ​ថ្ម ដែល​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី​ត្រូវ​បង់ប្រាក់​ចាប់ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ចំណែក​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​ប្រភេទ​សណ្ដោង​កន្ទុយ​មកពី​ច្រក​ប៉ោយប៉ែត​ត្រូវ​បង់​ចាប់ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល គឺ​យក​ថ្លៃ​ជាង​មុន​បង្កើតឱ្យមាន​ភាព​ប្រទាំង​ប្រទើស ហើយ​បែកធ្លាយ​រឿងអាស្រូវ​នៃ​អំពើពុករលួយ​របស់លោក ព្រុំ វីរៈ ដឹងឮ​ដល់​អ្នកកាសែត។​
         ​សម្រាប់​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ដែល​មិនបាន​បង់ប្រាក់​ឱ្យ​ក្រុមមន្ដ្រី​សាធារណការ​ក្រោម បញ្ជា​របស់លោក ព្រុំ វីរៈ ទេនោះ មិនអាច​មុខ​រួច​ទេ​ដែល​ពេលខ្លះ គេ​ចាត់វិធានការ​ដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ ដូចជា​ការរុះរើ​ទំនិញ​ទៅ​រថយន្ដ​ផ្សេង គឺ​គេ​យក​គោលការណ៍​ច្បាប់​មកប្រើប្រាស់​ដើម្បី​ដាក់​គំនាប​ទៅលើ​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ចំពោះ​អំពើ​គាប​ជំរិត​បង្ខំ​ឱ្យ​ពួកគេ​បង់ប្រាក់ ដែល​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង ។ ប៉ុន្ដែ​សម្រាប់​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​ដែល​មិន​ហ៊ាន​តវ៉ា​ចំពោះ​ការបង្ខំ​ឱ្យ​បង់ប្រាក់​តាមតែ​ទំនើង​ចិ​ត្ដរបស់​ក្រុមមន្ដ្រី សាធារណការ​គឺអាច​ធ្វើ​អ្វី​ក៏បាន​ផ្ទុក​លើស​ទម្ងន់​យ៉ាងម៉េច​ក៏​គ្មាន​ការហាមឃាត់ បណ្ដាលឱ្យ​ផ្លូវជាតិ​ដែល​ទើប​សាងសង់​រួច​ថ្មីថ្មោង​ស្រុត​ប្រេះស្រាំ​គួរឱ្យ​សោកស្ដាយ​បំផុត ពោលគឺ​ឱ្យតែបាន​ប្រាក់​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ក្រុមមន្ដ្រី​របស់ លោក ព្រុំ វីរៈ អត់​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​ពីបទ​បញ្ជា​រប​ស់​ថ្នាក់លើ​ទោះជា​ផ្លូវ​ស្ពាន​នៅ​បន្ទាយមានជ័យ​ខូចខាត​បែបណាក៏ដោយ។​
         ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ធំៗ​ភាគច្រើន​ធ្វើដំណើរ​នៅពេល​យប់ ដូចដែល​សាក្សី​មួយចំនួន​បាន​អះអាងថា​ចាប់ពី​ម៉ោង​៥​ល្ងាច​រហូតដល់​ទៀបភ្លឺ ចង់​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​បើក​ទៅមុខ​លែង​ចង់​រួច ក៏​អាច​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ដ​នៅ​ចំណុច​កូន​ដំរ​របស់លោក ព្រុំ វីរៈ ដោយ​រលូន​ល្អ គ្រាន់តែ​ចូល​បង់ប្រាក់​ថ្លៃ​ក្បាល​ឡាន​ប៉ុណ្ណោះ គឺជា​ឱកាស​ដែល​ឈ្មួញ​ខិលខូច​អាច​លួច​ផ្ទុកទំនិញ​លើស​ទម្ងន់​បាន​តាម​អំពើ​ចិ​ត្ដ ។ ស្ថានភាព​នៃ​ប្រេងសាំង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ថ្លៃ​ជាង​ប្រទេសជិតខាង​បង្ក​ផលប៉ះពាល់​ខ្លាំង​បំផុត​លើ​វិស័យ​ដឹកជញ្ជូន ពោលគឺ​បើ​ធ្វើតាម​ក្រឹ​ត​ក្រមការ​ដឹកជញ្ជូន​ទំនិញ​មិនអាច​រក​ផលចំណេញ​ឃើញ​ទេ ម្ល៉ោះហើយ​មានតែ​ផ្ទុក​លើស​ទម្ងន់ ដែលជា​ឱកាស​សម្រាប់​មន្ដ្រី​សាធារណការ​គាប​ជំរិត​ឱ្យ​បង់ប្រាក់​គ្មាន​ការយោគយល់ ដែល​ពេលខ្លះ​សឹង​ថា​ចូល​ដើម​រកប្រាក់​ចំណេញ​អត់​ឃើញ​ទេ។​
         ​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​គេ​លែង​បង្កើតឱ្យមាន​ស្ថានីយ៍​ថ្លឹង​រថយន្ដ​ផ្ទុក​លើស​ទម្ងន់​ទៀតហើយ គឺ​គេ​ងាក​ទៅរក​ការស្ថាបនា​ផ្លូវថ្នល់​ឱ្យមាន​គុណភាព​ប្រើប្រាស់​យូរអង្វែង ផ្ទុយស្រឡះ​ពី​រឿងហេតុ​ដែល​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដែល​ការសាងសង់​ផ្លូវថ្នល់​គ្មាន​គុណភាព បានដាក់​កំហិត​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ហើយ​គេ​បង្កើតឱ្យមាន​ស្ថានីយ៍​ថ្លឹង​រថយន្ដ​ដែល​ធម្មតា​មិនអាច​ទប់ស្កាត់​ការផ្ទុក​លើស​ទម្ងន់​បានទេ គ្រាន់តែ​ជា​លេស មួយ​ដែល​ក្រសួង​សាធារណ​ការធ្វើ​ដើម្បីឱ្យ​មន្ដ្រី​របស់ខ្លួន​ចាំ​ប្រមូល​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​យកទៅ​បែង ចែកគ្នា​ចាយ​តាមរបៀប​ពុករលួយ​ហើយ​រូបភាព​ជាក់ស្ដែង​ស្ថានីយ៍​ថ្លឹង​រថយន្ដ​នៅ​កូនដំរី ក្រោម​ការគ្រប់គ្រង​រប​ស់លោក ព្រុំ វីរៈ គឺ ប្រឹង​ប្រមូល​លាភសក្ការៈ​ទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​និង​បែងចែក ថ្នាក់លើ​ច្រើនជាង​ការបង្ការ បង្ក្រាប​ការ​លួច​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់៕

No comments:

Post a Comment

yes